FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ហ្កាណាបានដណ្តើមជ័យជម្នះ ធ្វើឱ្យកូរ៉េខាងត្បូងប្រឈមខ្លាំងធ្លាក់ចេញពី World Cup 2022
28, Nov 2022 , 10:05 pm        
រូបភាព
រូបភាពពី FIFA World Cup
រូបភាពពី FIFA World Cup
ជំនួបដ៏ជក់ចិត្តរវាងកូរ៉េខាងត្បូងនិងហ្កាណា បញ្ចប់ដោយលទ្ធផល ៣-២ នាការប្រកួតពូល H ក្នុងកីឡដ្ឋាន Education City រាត្រីថ្ងៃទី២៨ ខែវិច្ឆិកា។ ហ្កាណាដណ្តើមបាន ៣ពិន្ទុពីដៃកូរ៉េខាងត្បូង ខណៈក្រុមមកពីទ្វីបអាស៊ីប្រឈមខ្លាំងធ្លាក់ចេញត្រឹមវគ្គចែកពូលនៃព្រឹត្តិការណ៍ World Cup 2022។

 
ចាប់ផ្តើមការប្រកួតវគ្គទីមួយ អាចនិយាយបានថាជាការប្រកួតដ៏អាក្រក់មួយសម្រាប់កូរ៉េខាងត្បូងក្នុងព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា ដោយហ្កាណាបានព្យាយាមសម្រុកខ្លាំងពួកគេរហូតអាចស៊ុតគ្រាប់បាល់បំប៉ោងសំណាញ់ទីនៅនាទី២៤ ដោយកីឡាករ Mohammed Salisu។ 
 
ក្រោយនាំមុខលើកូរ៉េខាងត្បូង ១-០ បានត្រឹមតែ ១០នាទី ឱកាសគ្រាប់បាល់ទីពីរសម្រាប់ហ្កាណាបានកើតឡើងជាថ្មីត្រឹមនាទី៣៤ ដោយកីឡាករ Mohammed Kudus ស៊ុតបំប៉ោងសំណាញ់ទី។ លទ្ធផល ២-០ ដែលហ្កាណាបាននាំមុខបានបន្តអូសបន្លាយរហូតដល់បញ្ចប់វគ្គទីមួយ។
 
កាន់តែជក់ចិត្តខ្លាំងក្នុងការទស្សនានៅវគ្គទីពីរគ្រាប់បាល់ជាច្រើន ត្រូវបានក្រុមទាំងពីរស៊ុតលើគ្នាទោវិញមក ដោយកូរ៉េខាងត្បូងបានរកគ្រាប់តាមស្មើនៅនាទី ៥៩ ដោយការស៊ុតពីសំណាក់កីឡាករ Jo Sue-sung មិនបង្អង់យូឡើយត្រឹមតែ ២នាទីប៉ុណ្ណោះរកបានឱកាសសម្រុកជាថ្មី កីឡាករ Jo Sue-sung ដដែលរកបានគ្រាប់បាល់តាមស្មើលើហ្កាណានៅនាទី ៦២ ពីការតែតដ៏ល្អ។ 
 
មិនអាចបណ្តែតបណ្តោយឱ្យឱកាសក្រសោប ៣ពិន្ទុរបូតពីដៃបានឡើយហ្កាណាក្រោយត្រូវកូរ៉េតាមស្មើ ២-២ បានតែ ៦នាទី ហ្កាណារកបានឱកាសវាយបក ហើយកីឡាករ Kudus ដែលស៊ុតរកបានគ្រាប់បាល់ទីពីរនៅវគ្គទីមួយស៊ុតបន្ថែមគ្រាប់ទី៣ ឱ្យហ្កាណានាំមុខជាថ្មីលើកូរ៉េខាងត្បូង។ លទ្ធផល ៣-២ ដែលហ្កាណាបានយកឈ្នះលើកូរ៉េខាងត្បូងបានអូសបន្លាយរហូតដល់ចប់ការប្រកួតនៅវគ្គទីពីរ។ 
 
ក្រោយបរាជ័យក្រោមថ្វីជើងហ្កាណា កូរ៉េខាងត្បូងប្រឈមអស់ឱកាសប្រជែងទៅកាន់វគ្គបន្តខណៈពួកគេមានត្រឹមតែ ១ពិន្ទុក្នុងដៃ ហើយត្រូវជួបព័រទុយហ្កាល់នៅប្រកួតចុងក្រោយវគ្គចែកពូល៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com