អន្តរជាតិ
ជប៉ុន ចង់ដំឡើងថវិកាសម្រាប់ការពារជាតិដល់ ២ភាគរយនៃGDP នៅឆ្នាំ២០២៧
29, Nov 2022 , 10:01 am        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានប្រាប់រដ្ឋមន្រ្តីរបស់ខ្លួនឱ្យដំឡើងការចំណាយលើវិស័យការពារជាតិដល់ ២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ជប៉ុន។ រដ្ឋមន្រ្តីការពារជាតិជប៉ុន បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៨ ខែវិច្ឆិកា។ ការស្វែងស្វែងរកការចំណាយលើវិស័យយោធានេះ ធ្វើឡើងក្រោយមានសង្រ្គាមនៅអ៊ុយក្រែន និងស្របពេលចិនអុងអាត់នៅសមុទ្រខាងកើត និងខាងត្បូង។

 
រដ្ឋបាលរបស់លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន បានសន្យាក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីត្រៀមខ្លួននឹងអ្វីដែលក្រុងតូក្យូ ចាត់ទុកជាការគំរាមកំហែងមកលើខ្លួន។ ការស្វះស្វែងរកការចំណាយលើវិស័យយោធានេះ ធ្វើឡើងស្របពេលមានសង្រ្គាមនៅអ៊ុយក្រែន និងការគំរាមកំហែងពីសំណាក់ចិន។ 
 
«ផ្អែកតាមស្ថានភាពសន្តិសុខបច្ចុប្បន្ន យើងចាំបាច់ត្រូវពង្រឹងការចំណាយលើវិស័យការពារជាតិជាបន្ទាន់ក្នុងរយៈពេល ៥ឆ្នាំខាងមុខ»។ លោក Yasukazu Hamada ប្រមុខការពារជាតិជប៉ុន បានបញ្ជាក់បែបនេះទៅកាន់អ្នកសារព័ត៌មាន ក្នុងថ្ងៃទី២៨ ខែវិច្ឆិកា ក្រោយជំនួបជាមួយលោកគីស៊ីដា និងរដ្ឋមន្រ្តីហិរញ្ញវត្ថុ Shunichi Suzuki។ បើតាមរដ្ឋមន្រ្តីការពារជាតិជប៉ុន ប្រមុខរដ្ឋាភិបាលបានប្រាប់រដ្ឋមន្រ្តីទាំងពីរឱ្យខិតខំប្រឹងប្រែង ក្នុងការកៀរគរមូលនិធិដ៏ចាំបាច់។ 
 
ទន្ទឹមនេះ លោក Yasukazu បានស្រង់សម្តីលោកគីស៊ីដាថា ក្នុងនាមជារដ្ឋដែលមានការទទួលខុសត្រូវ ជប៉ុនត្រូវតែខិតខំលើការធ្វើកំណែទម្រង់លើការចំណាយលើវិស័យការពារជាតិ ប៉ុន្តែមូលនិធិសម្រាប់គាំទ្រ ក៏សំខាន់ផងដែរ។ 
 
នៅដំណាច់ខែធ្នូ ជប៉ុននឹងសម្រេចពីទំហំនៃការចំណាយលើយោធា ក៏ដូចជាការកៀរគរថវិកានៅរយៈពេល ៥ឆ្នាំខាងមុខ។ ការដំឡើងថវិកាការពារជាតិនេះ ជាការត្រួសត្រាយផ្លូវមួយរបស់ជប៉ុន ក្នុងការផ្លាស់ប្តូរគោលនយោបាយសន្តិសុខក្រោយសង្រ្គាម។ 
 
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២២ ជប៉ុនមានថវិកាការពារជាតិប្រមាណ ៣៩,៣ពាន់លានដុល្លារ ឬស្មើនឹង ១ភាគរយ នៃទំហំផលិតផលក្នុងស្រុកសរុបរបស់ជប៉ុន៕ 
 
 

Tag:
 ជប៉ុន យោធា
© រក្សាសិទ្ធិដោយ thmeythmey.com