ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជំងឺ​ហើម​សួត​:​តើ​អ្នក​អាច​សម្គាល់​បាន​របៀប​ណា​?
25, Jul 2023 , 6:59 am        
រូបភាព
ការ​ហើម​សួត​សំដៅ​ទៅលើ​ជាតិ​ទឹក​នៅ​ក្នុង​សរសៃឈាម​លេច​ចេញ​ទៅ​ខាងក្រៅ រួច​ចូលទៅក្នុង​ជាលិការ​សាច់​សួត ទើប​ធ្វើអោយ​សួត​ទៅ​ជា​ហើម​។ ករណី​បែប​នេះ​អាច​កើតឡើង​បាន​ដោយសារ​តែ​សម្ពាធ​ក្នុង​សរសៃ​ឡើង​ខ្ពស់​ពេក ឬ​មិន​មាន​ប្រូតេអ៊ីន​គ្រប់គ្រាន់​ក្នុង​ចរន្តឈាម​ដើម្បី​ទាញ​ទឹក​ចេញ​ពី កោសិការ​ចូល​ក្នុង​សរសៃឈាម​បាន​។

 
ថង់​សួត​តូចៗ​ដែល​មានឈ្មោះ​ថា Alveoli គឺជា​កន្លែង​សម្រាប់​ប្តូរ​អុកស៊ីសែន​តាមរយៈ​ការដក ដង្ហើម​ចូល និង​នាំ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ចេញពី​ក្នុង ឈាម​ទៅ​ក្រៅ​វិញ​តាមរយៈ​ការដក​ដង្ហើមចេញ​។ ជាធម្មតា​ថង់​សួត Alveoli មាន​កម្រាស់​ជញ្ជាំង​រប​ស់វា​ដ៏​ស្តើង​ដែល​អាច​ប្រើ​សម្រាប់​បណ្តូរ​ឧស្ម័ន​ទាំងនេះ​បាន ហើយ​ចំពោះ​ជាតិ ទឹក​វិញ​មិន​អា​ចេញចូល​បាន​ឡើយ លុះត្រាតែ​ជញ្ជាំង​របស់​វា​មិន​អាច​ទ្រាំទ្រ​សម្ពាធ​ឈាម​របស់​ឈាម​បាន​។
 
មូលហេតុ​

ចំពោះ​មូលហេតុ​នៃ​ការ​ហើម​សួត​ត្រូវបាន​ចែក​ចេញពីរ​ធំៗ នោះ​គឺ​មូលហេតុ​ទាក់ទង​នឹង​បេះដូង និង​មិន​ទាក់ទង​នឹង​បេះដូង​។
១, មូលហេតុ​ទាក់ទង​នឹង​បេះដូង​
មូលហេតុ​ដែល​ទាក់ទង​នឹង​បេះដូង​ច្រើន​បណ្តាលមកពី​សម្ពាធ​ក្នុង​សរសៃឈាម​ក្នុង​សួត​ឡើង​ខ្ពស់ ដោយសារ​តែ​ខ្សោយបេះដូង​។ ជំងឺខ្សោយបេះដូង​កើតឡើង​ដោយសារតែ​ការ​ច្របាច​នៃ​សាច់ដុំ​បេះដូង​ចុះខ្សោយ ជំងឺ​គាំងបេះដូង ឬ​ជំងឺ​ប្រើស​បេះដូង​មិន​ធម្មតា ដែល​សុទ្ធតែ​នាំអោយ​មាន​សម្ពាធ​ឈាម​កាន់តែច្រើន​ក្នុង​សរសៃឈាម​របស់​សួត និង​បណ្តាលអោយ​ជាតិ​ទឹក​ក្នុង​សរសៃឈាម​រុញ​ចូល​ទៅក្នុង​ថង់​សួត Alveoli បាន​។
 
២, មូលហេតុ​ដែល​មិនមែន​បណ្តាលមកពី​បេះដូង​
ជំងឺ​ហើម​សួត​ដែល​មិន​បណ្តាល​មក​ពី​បេះ​ដូង​មានដូចជា​៖
• ចង្កោម​រោគសញ្ញា​ពិបាក​ផ្លូវដង្ហើម​ស្រួចស្រាវ (Acute Respiratory Distress Syndrome, ARDS)៖ វា​គឺជា​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​មួយ​បង្កឡើង​ដោយ​ការបង្ក​រោគ​ធ្ងន់ធ្ងរ បែក​បាក់ឆ្អឹង មាន​របួស​ទៅ​សួត ស្រូប​ឧស្ម័ន​ពុល ជំងឺ​សួត ជក់​បារី​មាន​ជាតិ​កូកាអ៊ីន ឬ​បាញ់​កាំរស្មី​លើ​សួត​។ ជំងឺ​នេះ​ធ្វើអោយ​ភាព​ធន់​របស់​ជញ្ជាំង Alveoli ទៅ​ជា​ខូចខាត និង​មាន​ការ​រលាក ដែល​ជាហេតុ​នាំ​អោយ​ជ្រាប់​ទឹក​ចេញ​ពី​សរសៃឈាម​ចូលទៅ​ក្នុង​នោះ​បាន​។
• ខ្សោយ​តម្រងនោម​៖ ការ​ខ្សោយតម្រងនោម មានន័យ​ថា​រាងកាយ​មិន​អាច​បញ្ចេញ​ជាតិ​ទឹក​ចេញ​ពី​ក្នុង​ខ្លួន​បានទេ ដែល​វា​ជា​ហេតុនាំអោយ​ចាល​ជាតិ​ទឹក​ច្រើន​ក្នុង​ខ្លួន​រហូតដល់​ហើម​សួត​។
• រស់នៅ​ទី​ខ្ពស់​៖ អ្នក​ដែល​រស់នៅ​លើ​ភ្នំ ឬ​ទី​ខ្ពស់​រហូតដល់​៣០០​គីឡូម៉ែត្រ​ពី​ដី​រាប​ច្រើន​តែ​មាន​ជំងឺ​ហើម​សួត​។​
• គ្រោះថ្នាក់​ទៅ​លើ​ខួរក្បាល ហូរ​ឈាម​ក្នុង​ខួរក្បាល ប្រកាច់​ធ្ងន់ធ្ងរ ឬ​វះកាត់​ខួរក្បាល​
• ករណី​បូមទឹក​ក្នុង​ស្រោម​សួត បូម​ខ្យល់​ក្នុង​ស្រោម​សួត​
• អ្វី​ដែល​កម្រ គឺ​ប្រើ​ថ្នាំ​ហេ​រ៉ូ​អ៊ីន ឬ​Methadon លើស​កម្រិត​
• ប្រើ​ថ្នាំ​អាស្ពីរីន​លើស​កម្រិត ក៏​នាំ​អោយ​ហើម​សួត​ដែរ ដោយសារ​តែ​ពុល​នឹង​ថ្នាំ​នេះ​ជា​ពិសេស​កើត​លើ​មនុស្ស​ចាស់​។
 
កត្តា​ប្រឈមមុខ​
កត្តា​ប្រឈមមុខ​នឹង​ជំងឺ​ហើម​សួត​គឺជា​មូលហេតុ​សំខាន់ៗ​របស់​វា​ដូច ខាងលើនេះ ព្រោះ​គ្មាន​កត្តា​ប្រឈម​មុខ​ណាមួយ​ពិសេស​សម្រាប់​ជំងឺ​ហើម​សួត​នោះទេ​។​
 
រោគសញ្ញា​
រោគសញ្ញា​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​នោះ​គឺ ពិបាក​ដកដង្ហើម​។ នេះ​ប្រហែលជា​រោគសញ្ញា​កើតឡើង​សន្សឹមៗ​របស់​វា​ហើយ​ប្រសិនបើ​ដំណើរ​ជំងឺ​នេះ​កើតឡើង​យឺត ឬ​អាច​កើតឡើង​ភ្លាមៗ​ក្នុងករណី​ហើម​សួត​ស្រួចស្រាវ​។
រោគសញ្ញា​ផ្សេងៗ​ទៀត​មាន ងាយ​អស់កម្លាំង ឆាប់​ហត់​ជាង​ធម្មតា ដក​ដង្ហើមញាប់ ឬ​វិលមុខ​។​អ្នកជំងឺ​ហើម​សួត​ប្រហែលជា​មាន​បញ្ហា​អុកស៊ីសែន​ក្នុង​ឈាម​ថយចុះ​។ លើសពីនេះទៅទៀត ពេល​ប្រើ​ស្តេតូ​ស្តាប់​សួត​អាច​នឹង​លឺសូរ​សម្លែ​ង​មិនធម្មតា​កើតមានឡើង​។
 
ពេល​ត្រូវ​ជួប​គ្រូពេទ្យ​
មាន​មូលហេតុ​ច្រើនណាស់​ដែល​តម្រូវ​អោយ​អ្នកជំងឺ​ហើម​សួត​ត្រូវ​សម្រាក់​ក្នុង​មន្ទីរពេត្យ ជាពិសេស​ករណី​ស្រួចស្រាវ​។ ចំពោះ​ករណិ​រ៉ាំរ៉ៃ​មួយចំនួន ដែល​បណ្តាល​មក​ពី​ការ​ខ្សោយបេះដូង គួរតែ​មក​អោយ​គ្រូពេទ្យ​តាមដាន និង​ព្យាបាល​ជា​ទៀងទាត់​បាន​ហើយ​។
ភាគច្រើន​ជំងឺ​ហើម​សួត​ត្រូវតែ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ឯកទេស​ខាង​សារី​រាង្គ​ក្នុងខ្លួន ឯកទេស​បេះដូង ឬ​ឯកទេស​ជំងឺ​សួត​។
 
រោគ​វិនិច្ឆ័យ​
ជាធម្មតា​ជំងឺ​ហើម​សួត​អាច​រក​រោគវិនិច្ឆ័យ​បាន​តាមរយៈ​ការ​ថតកាំរស្មីអ៊ិច​នៅលើ​ទ្រូង​។ រូប​ថតកាំរស្មីអ៊ិច​បង្ហាញ​អំពី​រូបភាពសៗ​នៅ​កណ្តាល​ដែល​ដំណាងអោយ​បេះដូង និង​រូបភាព​ខ្មៅៗ​ដំណាង​អោយ​សរសៃឈាម ឆ្អឹង​កង​ខ្នង ផ្ទៃ​សួត ព្រមទាំង​ឆ្អឹងជំនី​។
រូបភាព​កាំរស្មីអ៊ិច​លើ​សួត​ដែល​ហើម​បង្ហាញ​អំពី​រូបរាង​សួត​ទាំងសងខាង​ស​ជាង​ធម្មតា​។ ចំពោះ​ករណី​ធ្ងន់ធ្ងរ អាច​មើលឃើញ​ផ្ទៃ​របស់​សួត​នោះ​ទៅ​ជា​ស​សុទ្ធ​តែ​ម្តង​ហើយ​មាន​សរសៃឈាម​តិចតួច​ទេ​។ រូបភាព​ពណ៌​ស​នេះ​តំណាង​អោយ​ទឹក​ដក់​ក្នុង Alveoli​។
ដើម្បី​ដឹង​បាន​ពី​មូលហេតុ​របស់​ជំងឺ​ហើម​សួត ត្រូវតែ​វាយ​តម្លៃ​អំពី​រោគសញ្ញា​យ៉ាង​សំខាន់​របស់​អ្នកជំងឺ ។ ចំពោះ​ប្រវត្តិ​ជំងឺ និង​ការពិនិត្យ​លើ​រាងកាយ​ច្រើន​តែ​ផល​ព័ត៌មាន​គ្រប់គ្រាន់​សម្រាប់​រកមើល​មូលហេតុ​។
 
មធ្យោបាយ​ធ្វើ​រោគវិនិច្ឆ័យ​ផ្សេងៗ​ទៀត​មាន វាស់​កម្រិត​ផ្លាស្មា B-type Natriuretic Peptide (BNP) ឬ N-terminal Pro-BNP​។ នេះ​គឺជា​ប្រភេទ​អ័រម៉ូន​ម្យ៉ាង​ដែល​វា​នឹង​កើន​ឡើង​នៅ​ពេល​ថត​បេះដូង​ទាញ​ពន្យឺត​។ ការឡើង​នៃ BNP រហូតដល់ ៣០០ ឬ​ច្រើន​ជាង​នេះ អាច​បញ្ជាក់​ថា មាន​ជំងឺ​ហើម​សួត​ដោយសារ​តែ​បេះដូង​។ ម្យ៉ាងវិញទៀត បើ​ចំនួន​នេះ​តិចជាង ១០០ មានន័យថា​អាច​ទាត់ចោល​មូលហេតុ​ដែល​បណ្តាល​មកពី​បេះ​ដូង​បាន​ហើយ​។
 
បំពង់​កា​ទេទែ​ចាក់​បញ្ចូល​ទៅក្នុង​សរ​សៃឈាម​អាក់ទែសួត (Swan-Ganz) មាន​ទំហំ​តូច និង​វែង ហើយ​ប្រើ​សម្រាប់​ចាក់​បញ្ចូល​ទៅក្នុង​សរសៃឈាម​វ៉ែន​នៅ​នឹង​ទ្រូង ឬ​ដើម្បី​អាច​ចូល​ទៅ​ដល់​ថត​បេះដូង​ខាងស្តាំ និង​សរសៃឈាម​កា​ពី​ឡា​រី​សួត​។ ទោះបីជា​ការធ្វើ​បែប​នេះ​មាន​ការប៉ះពាល់​ដល់​អ្នក​ជំងឺ​ច្រើន​ក៏ដោយ ក៏​វា​អាច​វាស់​នូវ​សម្ពាធ​របស់​សរសៃឈាម​ក្នុង​សួត​បាន​ដោយ​ផ្ទាល់​ដែរ​។
• ចំពោះ​សម្ពាធ​ពី ១៨mmHg ឡើងទៅ ចាក់​ទុក​ថា​បណ្តាលមកពី​បេះដូង​
• ចំពោះ​សម្ពាធ​តិចជាង ១៨mmHg តែងតែ​មិនមែន​បណ្តាលមកពី​បេះដូង​ទេ​
 
ការព្យាបាល​
ការព្យាបាល​ជំងឺ​ហើម​សួត​អាស្រ័យ​ទៅលើ​មូលហេតុ និង​ភាព​ធ្ងន់ធ្ងរ​របស់​វា​។
ករណី​ហើម​សួត​ដោយសារ​បេះដូង​ភាគច្រើន​ត្រូវ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​បញ្ចុះ​ទឹកនោម​ជាមួយនឹង​ថ្នាំ ព្យាបាល​អាការៈ​ខ្សោយបេះដូង​។ ការព្យាបាល​ដ៏​សមស្រប​គឺ​អ្នកជំងឺ​ប្រើ​ថ្នាំ​ដោយ​ការ​លេប និង​ត្រលប់​ទៅផ្ទះ​វិញ​បាន​។ ប្រសិនបើ​ការ​ហើម​សួត​នោះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ឬ​ប្រើ​ថ្នាំ​មិនបាន​ផល ការ​សម្រាក​ក្នុង​មន្ទីរ និង​ការចាក់​ថ្នាំ​តាម​សរសៃ​ប្រហែលជា​ចាំបាច់​ត្រូវធ្វើ​ហើយ​។
 
ការព្យាបាល​សម្រាប់​មូលហេតុ​ដែល​មិន​បណ្តាល​មក​ពី​បេះ​ដូង​ក៏​អាស្រ័យ​តាម​មូលហេតុ​ដែរ ឧទាហរណ៍ ការបង្ក​រោគ​ធ្ងន់ធ្ងរ (sepsis) ត្រូវតែ​ព្យាបាល​ដោយ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច និង​ការថែទាំង​ផ្សេងៗ​ទៀត ឬ​ជំងឺ​ខ្សោយតម្រងនោម​ត្រូវតែ​ធ្វើការ​វាយតម្លៃ និង​គ្រប់គ្រង​អោយបាន​ល្អ​។
ការព្យាបាល​ដោយ​ប្រើ​អុកស៊ីសែន​ពេលខ្លះ​ចាំបាច់​ត្រូវធ្វើ​នៅ​ពេល​អុកស៊ីសែន​ក្នុង​ឈាម​ចុះ​ទាប​ខ្លាំង​។ ករណី​ជំងឺ​ធ្ងន់ធ្ងរ​ប្រភេទ ARDS ចូរ​ជួយ​អ្នកជំងឺ​ជាមួយនឹង​ម៉ាស៊ីន​ជំនួយ​ដកដង្ហើម​សប្ប​និមិត្ត​។
 
ផលិវ​បាក​
ផលវិបាក​ភាគច្រើន​នៃ​ជំងឹ​ហើម​សួតក៏​ប្រហែល​ជា​ទាក់ទង​នឹង​នឹង​មូលហេតុ​របស់​វា​ដែរ​។ អ្វី​ដែល​ពិសេស​គឺ​ថា ជំងឺ​ហើម​សួត​អាច​បណ្តាលអោយ​សួត​មិន​អាច​ទទួលបាន​អុកស៊ីសែន​គ្រប់គ្រាន់ បញ្ចូល​ទៅក្នុង​ឈាម ពេល​នោះ​នឹង​អាច​ធ្វើអោយ​កង្វះ​អុកស៊ីសែន​ទៅ​សរីរាង្គ​សំខាន់ៗ​ដូចជា​ខួរក្បាល​ជាដើម​។

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com