ជាតិ
បាក់ឌុប៖ វត្តសីហរតនារាមក្នុងខេត្តតាកែវ នឹងផ្តល់កន្លែងស្នាក់នៅដល់សិស្ស រយៈពេល៣យប់ ៣ថ្ងៃ​
29, Nov 2022 , 3:39 pm        
រូបភាព
ភ្នំពេញ៖ វត្តសីហរតនារាម ប្រកាសផ្តល់ការស្នាក់នៅឥតគិតថ្លៃរយៈពេល ៣យប់ ៣ថ្ងៃ ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមទុតិយភូមិនៅថ្ងៃទី៥ ធ្នូខាងមុខនេះ។ បើតាមលោកចៅអធិការវត្ត សិស្សានុសិស្សទាំងប្រុស ទាំងស្រី អាចស្នាក់នៅវត្តសីហរតនារាមអំឡុងពេលប្រឡងបានជាង ៣០០នាក់។



នៅថ្ងៃទី៥ធ្នូ ជាថ្ងៃបេក្ខជនទាំងអស់ត្រូវប្រឡងសញ្ញាបត្រមធ្យមទុតិយភូមិ ដើម្បីបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យរបស់ខ្លួន។ ទន្ទឹមនឹងការប្រឡងខិតជិតមកដល់ សិស្សានុសិស្ស ដែលមានលំនៅឋានឆ្ងាយពីមណ្ឌលប្រឡង ត្រូវខ្មីឃ្មាតរកកន្លែងស្នាក់បណ្តោះអាសន្ន។ 
  

 លោកចៅអធិការ វត្តសីហរតនារាម និងសិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញបត្រទុតិយភូមិថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ រូបភាពពី៖ ហ្វេសប៊ុកផេក Yon Veasna យន វាសនា

ដូច្នេះ ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ និងជួយសម្រួលការចំណាយរបស់បេក្ខជនដែលមានជីវភាពលំបាក ឬមិនអាចរកទីស្នាក់នៅបាន វត្តសីហរតនារាម ក្នុងក្រុងដូនកែវ ខេត្តតាកែវ នឹងផ្តល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនទាំងបុរស និងនារី ដោយមិនគិតថ្លៃ។ ជាការពិតណាស់ សិស្សានុសិស្ស ហាក់លំបាកក្នុងការរកទីតាំងស្នាក់នៅ ជាពិសេសសិស្សត្រូវបានចំណាយច្រើន ដើម្បីជួលបន្ទប់ ឬទីតាំងណាមួយស្នាក់នៅ។ 
 
«ទី១ តម្រូវការផ្ទះជួលមានការកើនឡើងខ្លាំង និងមិនគ្រប់ចំនួនសិស្សប្រឡង។ ចំពោះសិស្សមកពីតំបន់ដាច់ស្រយាល គាត់អត់មានលុយទេ ខ្វះខាត ខ្លះមានតែម៉ែមួយកូនមួយ ហើយនាំកូនមកប្រឡងមានលុយតិចពេក។ ទី២ កាត់បន្ថយម្តាយឪពុកសិស្សខ្ចីលុយធនាគារ ខ្ចីលុយឯកជន ដើម្បីកូនប្រឡង។ អ្នកខ្លះថាអស់ដល់ ១៥០ដុល្លារ ឬ២០០ដុល្លារ»។ នេះជាសង្ឃដីការបស់លោកចៅអធិការវត្ត យន វាសនា ដោយបានបន្ថែមថា សម័យប្រឡងកន្លងមក មានសិស្សមួយចំនួនបានសុំស្នាក់នៅ តែមិនច្រើនឡើយ ព្រោះសិស្សមួយចំនួនមិនហ៊ាន និងខ្លះទៀតមិនបានដឹង។ លើសពីនេះ សិស្សមួយចំនួន ត្រូវត្រឡប់ទៅផ្ទះវិញទាំងមិនបានប្រឡង ដ្បិតគ្មានកន្លែងស្នាក់នៅ។ 
 
ជាមួយគ្នានេះ គណៈកម្មាការវត្ត បានរៀបចំសាលាឆាន និងកុដិ សម្រាប់សិស្សានុសិស្សបុរសស្នាក់នៅ។ ចំណែក សិស្សានុសិស្សនារី នឹងស្នាក់នៅកុដិជាមួយដូនជី។ ក្រៅពី​ផ្តល់កន្លែងស្នាក់នៅ ទឹក ភ្លើង គណៈកម្មាការវត្តក៏មានផ្តល់ជូនអាហារតិចតួច និងទឹកសម្រាប់បរិភោគផងដែរ។ ប៉ុន្តែ សិស្សានុសិស្ស ត្រូវចំណាយលើអាហារ ៣ពេល រយៈពេល៣ថ្ងៃនេះដោយខ្លួនឯង៕
 

សិស្សានុសិស្ស ដែលទៅសុំស្នាក់នៅវត្តសីហរតនារាម សម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ រូបភាពពី៖ ហ្វេសប៊ុកផេក Yon Veasna យន វាសនា
 

Tag:
 បាក់ឌុប
  វត្តហីរតនារាម
  តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com