FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អេក្វាទ័រ សេណេហ្កាល់ និងហូឡង់ ប្រជែងគ្នាទៅវគ្គ១៦ក្រុម នៅជំនួបចុងក្រោយពូល A
29, Nov 2022 , 4:09 pm        
រូបភាព
ការប្រកួតពានរង្វាន់កីឡាបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតាឈានដល់ជំនួបចុងក្រោយតាមពូល ដោយពូល A អេក្វាទ័រជួបសេណេហ្កាល់ ស្របពេលហូឡង់ប៉ះម្ចាស់ផ្ទះកាតានៅវេលាម៉ោង១០យប់ថ្ងៃទី២៩​ ខែវិច្ឆិកា។ អេក្វទ័រ សេណេហ្កាល់ និងហូឡង់ត្រូវប្រជែងគ្នាយកពីរកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ ជំនួបពូល B វេលាម៉ោង ​២អាធ្រាត្រ អ៊ីរ៉ង់ប៉ះអាម៉េរិក ចំណែកវេលស៍ជួបអង់គ្លេស ដោយពូលនេះ ក្រុមទាំង៤សុទ្ធតែនៅមានឱកាសដើម្បីប្រជែងកៅអីរៀងខ្លួន។



អេក្វាទ័រមាន៤ពិន្ទុឈរលេខ២ នឹងត្រូវជួបប្រកួតទល់សេណេហ្កាល់ដែលមាន​៣ពិន្ទុឈរលេខ៣ នាជំនួបចុងក្រោយ នៅកីឡដ្ឋាន Khalifa International។ អេក្វាទ័រត្រូវការត្រឹមស្មើដើម្បីបន្តទៅវគ្គខ្វែង ខណៈសេណេហ្កាល់ត្រូវឈ្នះចាំបាច់។ ដោយឡែកហូឡង់ដែលស្ថិតនៅកំពូលតារាងមាន៤ពិន្ទុ មានភាគរយច្រើនដើម្បីឡើងទៅវគ្គបន្ត ដ្បិតជួបម្ចាស់ផ្ទះកាតាដែលហាលទៅហើយ នាកីឡដ្ឋាន Al Bayt។ 
 
ជំនួបពូល B វេលាម៉ោង ២យប់រំលងអាធ្រាត្រ អ៊ីរ៉ង់មាន៣ពិន្ទុ ឈរលេខ២ ត្រូវជួបអាម៉េរិក​ដែលមាន២ពិន្ទុ ឈរលេខ៣។ ជំនួបរវាងក្រុមទាំងពីរអាចនិយាយបានថាជាការប៉ះគ្នាដ៏តានតឹងមួយ ដោយអ៊ីរ៉ង់និងអាម៉េរិក កំពុងស្វែករកក្តីស្រមៃឆ្លងទៅវគ្គ ១៦ក្រុមលើកដំបូង​រៀងៗខ្លួន។ ទាំងអ៊ីរ៉ង់និងអាម៉េរិក ក្នុងការប្រកួតដ៏សំខាន់ចុងក្រោយមួយនេះ ពួកគេទាំងពីរត្រូវការឈ្នះចាំបាច់រៀងខ្លួន។ 
 
អង់គ្លេសទល់វេលស៍ ត្រូវជួបគ្នានាកីឡដ្ឋាន Ahmid bin Ali។ ការប្រកួតដ៏សំខាន់ចុងក្រោយសម្រាប់អង់គ្លេសក្នុងការរក្សាកៅអីទៅកាន់វគ្គ ១៦ក្រុម ដោយខ្លួនជាក្រុមស្ថិតនៅកំពូលតារាងពូល B មាន៤ពិន្ទុ ហើយត្រូវការត្រឹមស្មើប៉ុណ្ណោះដើម្បីទៅវគ្គបន្ត។ វេលស៍មានត្រឹម ១ពិន្ទុនៅបាតតារាង ត្រូវការឈ្នះអង់គ្លេសហើយមានគ្រាប់ស៊ុតបញ្ចូលទីច្រើនថែមទៀត ទើបមានឱកាសឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយ៕
 
 
 

Tag:
 World Cup
  Qatar 2022
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com