ជាតិ
នយោបាយជាតិ
លោក យ៉ង សាំងកុមារ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម លោក យ៉ង សាំងកុមារ និងលោក ឡឹក សុធារ អមជាមួយរដ្ឋមន្ត្រីកសិកម្ម លោក ឌិត ទីណា ពេលទៅជួបសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី២៨ វិច្ឆិកា ២០២២
× លោក យ៉ង សាំងកុមារ ស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីលោកបានប្រកាសចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ តាមរយៈព្រះរាជក្រឹត្យដាច់ដោយឡែកមួយទៀត ចុះនៅថ្ងៃទី២៩ ខែវិច្ឆិកា នេះ លោក ឡឹក សុធារ អតីតអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្មផងដែរ។
បំណងដែលលោក យ៉ង សាំងកុមារ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើការក្នុងរដ្ឋាភិបាលនេះ ដើម្បីដោះស្រាយបញ្ហាកសិកម្មរបស់ប្រជាពលរដ្ឋ។ មុននឹងចូលជួបសម្ដេច ហ៊ុន សែន កាលពីថ្ងៃទី២៨ វិច្ឆិកា នោះ អ្នកជំនាញកសិកម្មរូបនេះ ក៏បានព្រាងផែនការ១២ចំណុច ដើម្បីសុំការសម្រេចពីប្រមុខរដ្ឋាភិបាល។ តាមរយៈផែនការនេះ លោក យ៉ង សាំងកុមារ រំពឹងថា អាចជួយដោះស្រាយបញ្ហាកសិករបាន ១លានគ្រួសារ ។ បើតាមបណ្ឌិតកសិកម្មរូបនេះ លោកត្រូវការពេលវេលា៥ឆ្នាំ ដើម្បីដំណើរការផែនការនេះ ឱ្យបានទូលំទូលាយទូទាំងប្រទេស។
តាមរយៈកិច្ចសម្ភាសខ្លីមួយ បណ្ឌិតកសិកម្មពីអាល្លឺម៉ង់រូបនេះ បានអះអាងថា លោកចូលរួមជីវភាពជាមួយគណបក្សកាន់អំណាច មិនមែនដើម្បីចង់បានតួនាទីអ្វីទេ ប៉ុន្តែលោកមានបំណងធំមួយ គឺជួយដោះស្រាយបញ្ហាកសិកម្មរបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព។ © រក្សាសិទ្ធិដោយ thmeythmey.com