ជាតិ
អណ្ដើកហ្លួងញីមួយក្បាលរងរបួស ហើយត្រូវបានស្ដារនិតិសម្បទា ក្នុងមជ្ឈមណ្ឌលACCB
29, Nov 2022 , 6:59 pm        
រូបភាព
ក្រុមការងារនៃមជ្ឈមណ្ឌលACCB កំពុងពិនិត្យអណ្ដើកហ្លួងញីរូបភាពដោយ អង្គការWCS
ក្រុមការងារនៃមជ្ឈមណ្ឌលACCB កំពុងពិនិត្យអណ្ដើកហ្លួងញីរូបភាពដោយ អង្គការWCS
ដោយ:
ភ្នំពេញ៖ អណ្តើកហ្លួងញីទម្ងន់ជាង១៤ គីឡូក្រាម មានរបួសនៅផ្នែកខាងលើស្នូក ត្រូវបានពលរដ្ឋនៅខេត្តកោះកុងជួយសង្គ្រោះនៅដើមខែវិច្ឆិកាឆ្នាំ២០២២។ បច្ចុប្បន្នក្រុមអ្នកជំនាញនៃអង្គការWCS បញ្ជូនទៅកាន់មជ្ឈមណ្ឌល ACCB នៅខេត្តសៀមរាប ពិនិត្យ និងស្ដារនិតិសម្បទា។ អ្នកជំនាញថា អណ្ដើកនេះអាចត្រូវការពេលវេលាបន្ថែមព្យាបាល ។

 
អង្គការ WCS បានលើកឡើងថា អ្នកកនេសាទរស់នៅតាមប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុង បានប្រទះឃើញអណ្តើកហ្លូងញីមួយក្បាលរងរបួសធ្ងន់ត្រង់ស្នូកខាងលើ គ្រាដែលកំពុងហែលនៅក្នុងប្រឡាយទឹករាក់ ដែលតភ្ជាប់ពីដងព្រែកស្រែអំបិល។ បន្ទាប់មកបានស្គាល់អត្ដសញ្ញាណថា ជាអណ្ដើកហ្លួង ពលរដ្ឋបានប្រគល់ឱ្យក្រុមការងារអង្គការ WCS។
 

អណ្ដើកហ្លួងញី ដែលត្រូវបានជួយសង្គ្រោះដោយពលរដ្ឋនៅក្នុងខេត្តកោះកុង។ រូបភាពដោយ អង្គការWCS
 
អណ្តើកនោះទម្ងន់១៤,៩គីឡូក្រាម បានរងរបួសដាច់ស្នូកខ្នងផ្នែកខាងឆ្វេងធ្លាយពីលើដល់ក្រោម ទំនងជាត្រូវរបួសដោយសារស្លាបចក្ររបស់សាឡង់ ឬកប៉ាល់ដឹកខ្សាច់ ឬទំនិញធំៗ ដែលចរាចរតាមផ្លូវទឹកផ្នែកខាងក្រោមនៃប្រព័ន្ធព្រែកស្រែអំបិល ជាប់នឹងឆកសមុទ្រនៃស្រុកស្រែអំបិល។ នេះបើយោងតាមការចេញផ្សាយរបស់អង្គការWCS ចេញថ្ងៃទី២៩ ខែវិច្ឆិកា។ 
 
ទន្ទឹមនេះ ក្រុមការងាររបស់អង្គការWCS ពិនិត្យឃើញថា របួសនៅលើសត្វអណ្ដើកនោះមានសភាពធ្ងន់ធ្ងរ តម្រូវឱ្យក្រុមការងារបញ្ជូនទៅខេត្តសៀមរាប ដើម្បីឱ្យអ្នកជំនាញនៃមជ្ឈមណ្ឌល ACCB ពិនិត្យ និងស្ដារនិតិសម្បទាបន្ត។ 
 

អណ្ដើកហ្លួង ញី ដែលត្រូវបានជួយសង្គ្រោះ។ រូបភាពដោយ អង្គការWCS
 
អ្នកជំនាញនៃមជ្ឈមណ្ឌលACCB បានលើកឡើងថា៖ « អណ្តើកនោះ ត្រូវការរយៈពេលយូរដើម្បីព្យាបាលរបួសនៅមជ្ឈមណ្ឌល ACCB ឱ្យជាសះស្បើយទាំងស្រុងដូចសភាពដើមវិញ។ យោងតាមលទ្ធផលនៃការថតកាំរស្មីអិច (X-Rays) ពុំមានសញ្ញាណអ្វីមួយដែលត្រូវព្រួយបារម្ភបន្ថែមទេ»។
 
តាមការអង្កេតលើស្នាកស្នាមរបួសអណ្ដើកហ្លួងនោះ អាចនឹងរងគ្រោះរយៈពេលជាងមួយខែហើយ ។ នោះក៏ដោយសាររបួសលើខ្លួនអណ្ដើកបានជាសះស្បើយ ស្ទើរតែទាំងស្រុង។ ប៉ុន្ដែលើកលែងតែស្នូកប៉ុណ្ណោះ ដែលមិនទាន់តជាប់គ្នានៅឡើយ។ នេះបើតាមអ្នកជំនាញ។ 
 
 

Tag:
 អណ្ដើកហ្លួង
  អណ្ដើកហ្លួង​
© រក្សាសិទ្ធិដោយ thmeythmey.com