អន្តរជាតិ
លោក ហ្សេលេនស្គី៖ រុស្ស៊ីនឹងមិនឈប់វាយប្រហារទេដរាបណាមិនទាន់អស់គ្រាប់មីស៊ីល
29, Nov 2022 , 5:19 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ:
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ព្រមាននៅថ្ងៃទី២៨ ខែវិច្ឆិកាថា រុស្ស៊ីនឹងបន្តវាយប្រហារហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន ទាល់តែអស់គ្រាប់មីស៊ីល។ បើតាមលោក ហ្សេលេនស្គី ប្រជាជនអ៊ុយក្រែនអាចនឹងគ្មានអគ្គិសនីប្រើប្រាស់ ហើយប្រឈមអាកាសធាតុត្រជាក់ខ្លាំងសម្រាប់សប្តាហ៍ក្រោយ។

 
តាំងពីខែតុលា រុស្ស៊ីបាញ់ស្រោចមីស៊ីលលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនស្ទើតែជារៀងរាល់សប្តាហ៍ដែលប៉ះពាល់ដល់ការផ្គត់ផ្គង់ចរន្តអគ្គិសនី សាលារៀន មន្ទីរពេទ្យ និងលំនៅដ្ឋានជាដើម។ ស្របពេលរដូវរងាចូលមកដល់សីតុណ្ហភាពធ្លាក់ចុះត្រជាក់ ហើយព្រិលចាប់ផ្តើមធ្លាក់ ប្រជាជនអ៊ុយក្រែនរាប់លាននាក់នៅជុំវិញ និងទីក្រុងកៀវមិនមានអគ្គិសនី និងមាស៊ីនកម្តៅប្រើប្រាស់គ្រប់គ្រាន់ ដោយសារតែការបាញ់មីស៊ីលតាមអាកាសរបស់រុស្ស៊ីដែលបង្អាក់ដល់ការផ្គត់ផ្គង់អគ្គិសនី។ 
 
ក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូនៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី រំពឹងថាសប្តាហ៍នេះនឹងមានការវាយប្រហារថ្មីទៀតដែលអាក្រក់ដូចសប្តាហ៍មុន។ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះនៅថ្ងៃទី២៣ ខែវិច្ឆិកា មីស៊ីលរុស្ស៊ីប្រហែល៧០គ្រាប់ ធ្លាក់លើក្រុងកៀវសម្លាប់មនុស្ស ១០ នាក់ ហើយធ្វើឱ្យមនុស្សរាប់លាននាក់គ្មានអគ្គិសនី ទឹក និងកម្តៅប្រើប្រាស់។
 
«យើងយល់ថា ភេរវករកំពុងគ្រោងបាញ់ប្រហារជាថ្មី។ យើងដឹងថានេះជាការពិត»។ លោក ហ្សេលេនស្គី ថ្លែងបែបនេះដោយបន្ថែមថា ដរាបណាក្រុងមូស្គូនៅមានមីស៊ីល ពួកគេនឹងមិនចិត្តត្រជាក់ឡើយ។
 
រដ្ឋាភិបាលក្រុងកៀវចាត់ទុកការវាយប្រហារនេះជាឧក្រិដ្ឋកម្មសង្រ្គាមដែលមានបំណងធ្វើបាបប្រជាជន។ បើទោះច្រានចោលការលើកឡើងនេះ រដ្ឋាភិបាលក្រុងមូស្គូសប្តាហ៍មុនអះអាងថា ការរងទុក្ខរបស់ពលរដ្ឋអ៊ុយក្រែននឹងមិនដល់ទីបញ្ចប់ឡើយ លុះត្រាតែអ៊ុយក្រែនយល់ព្រមតាមការទាមទាររបស់រុស្ស៊ី។ ប៉ុន្តែក្រុងមូស្គូមិនបានលម្អិតពីការទាមទារនេះឡើយ៕
 
 
 
 
 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com