អន្តរជាតិ
តំបន់ Xinjiang​ បន្ថយ​ការ​រឹត​បន្តឹង​ខ្លះ​ ក្រោយ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​បិទខ្ទប់​​​បង្ការ​ជំងឺ​កូវីដ១៩​ ​
29, Nov 2022 , 7:29 pm        
រូបភាព
ដោយ: VOA
បាតុករ​ដង្ហែ​ក្បួន​នៅ​តាម​ដង​ផ្លូវ​មួយ​ក្នុង​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដើម្បី​គោរព​ដល់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ក្នុង​អគ្គិភ័យ​នៅ Xinjiang និង​ប្រឆាំង​នឹង​វិធានការ​កូវីដ១៩​ដ៏​តឹងតែង​របស់​ចិន។

 
អាជ្ញាធរ​ក្នុង​តំបន់ Xinjiang​ ដែល​ស្ថិត​នៅ​ភាគខាង​លិច​ប្រទេសចិន បាន​បើកឡើង​វិញ​ទី​តាំង​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង ​Urumqi បន្ទាប់​ពី​ពលរដ្ឋ​មួយ​ចំនួនបាន​ធ្វើ​បាតុកម្មរហូត​ដល់​យប់ជ្រៅ​ ប្រឆាំង​ទៅ​នឹងការ​បិទ​ខ្ទប់​បង្ការ​កុំ​ឱ្យមាន​ជំងឺកូវីដ១៩​របស់​អាជ្ញាធរ​ក្រុង​ ដែល​មាន​រយៈ​ពេល​ជាង​៣​ខែ​កន្លងទៅ​នេះ។​ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន AP។
 
ការ​បង្ហាញ​ការ​ប្រឆាំង​ជា​សាធារណៈ​របស់​ពលរដ្ឋ​ចិន​នៅ​ក្នុង​តំបន់​នោះ​ កើត​មាន​ឡើង​ ក្រោយ​ពី​មាន​កំហឹង​ដោយសារ​អគ្គិភ័យ​ក្នុង​អគារ​លំនៅដ្ឋាន​មួយ​កន្លែង​ ដែល​បាន​សម្លាប់​មនុស្ស​១០នាក់។​ នេះ​បើ​តាម​ស្ថិតិអ្នក​ស្លាប់​សរុបផ្លូវការដែល​បាន​ប្រកាស​ឱ្យ​ដឹង។​ ​
 
ក្រុមអ្នក​ជួយ​សង្គ្រោះ​បាន​ប្រើ​ពេល​ប្រមាណ​៣​ម៉ោង​ ដើម្បី​ពន្លត់អគ្គីភ័យ​ឆាបឆេះ​នោះ​ ដែល​ត្រូវ​បាន​ពន្យារ​ពេល​ ដោយ​សារ​តែឧបសគ្គពាក់ព័ន្ធ​នឹង​វិធានការ​ការពារ​ជំងឺ​កូវីដ១៩​នោះ។ ​
 
រូបថត​ពី​វីដេអូ​បង្ហាញ​ក្រុម​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក​ដាក់​អគារ​លំនៅដ្ឋាន​មួយ​កន្លែង​នៅ​ទី​ក្រុង Urumqi នៃ​តំបន់​ស្វ័យត Xinjiang នៅ​ភាគ​ខាង​លិច​របស់​ចិន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ ២០២២។
 
ទ្វារ​ផ្ទះ​របស់​ពលរដ្ឋ​ក្នុង​ទីក្រុង Urumqi មួយ​ចំនួនត្រូវ​បានគេ​ចាក់​ច្រវាក់​ពី​ក្រៅ។​ អ្នករស់​នៅ​ក្នុង​ទីក្រុង​ជា​ច្រើន​ជឿ​ថា​ ទង្វើ​នេះជា​មូលហេតុដែល​បាន​រារាំង​ពួក​គេមិន​អាច​រត់​ចេញ​ទៅ​ក្រៅ​បាន​ ​នៅ​ពេល​ដែល​មាន​ភ្លើង​ឆេះ​ក្នុង​អគារ​ស្នាក់​នៅ​កាល​ពី​ថ្ងៃសុក្រ​កន្លង​ទៅ​ ហើយ​ថា​ចំនួន​អ្នក​ស្លាប់​ដោយ​សារអគ្គិភ័យ​នោះ​ មាន​លើស​ពី​ចំនួន​ផ្លូវការ​ដែល​គេ​បានប្រកាស៕​ ​ ​
 

© រក្សាសិទ្ធិដោយ thmeythmey.com