អន្តរជាតិ
ចិន ថាបានបណ្តេញនាវាចម្បាំងអាម៉េរិកនៅសមុទ្រចិនខាងត្បូង តែអាម៉េរិកតបថាមិនពិត
29, Nov 2022 , 8:29 pm        
រូបភាព
នាវាចម្បាំង USS Chancellorsville របស់កងទ័ពអាម៉េរិក។ រូបថតពី Indo-Pacific Command
នាវាចម្បាំង USS Chancellorsville របស់កងទ័ពអាម៉េរិក។ រូបថតពី Indo-Pacific Command
ដោយ:
យោធាចិននៅថ្ងៃទី២៩ ខែវិច្ឆិកា អះអាងថាបានបណ្តេញនាវាបំពាក់មីស៊ីលនាំផ្លូវរបស់អាម៉េរិកមួយគ្រឿងដែលបើកឈ្លានពានខុសច្បាប់ចូលតំបន់ទឹកក្បែរកោះ Spratly នៅសមុទ្រចិនខាងត្បូង។ ប៉ុន្តែ ទ័ពជើងទឹកអាម៉េរិកឆ្លើយតបថា នេះជារឿងមិនពិត​ ហើយនាវារបស់ខ្លួនធ្វើប្រតិបត្តិការស្របតាមច្បាប់អន្តរជាតិប៉ុណ្ណោះ។

 
នៅប៉ុន្មានឆ្នាំនេះ នាវាចម្បាំងអាម៉េរិកជាញឹកញយបើកឆ្លងកាត់សមុទ្រចិនខាងត្បូងដើម្បីជាសញ្ញាបង្ហាញថា អំណះអំណាងដែលចិនប្រើដើម្បីទាមទារផ្នែកស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូងមិនស្របតាមច្បាប់អន្តរជាតិ។ 
 
តាមសេចក្តីថ្លែងការណ៍របស់ទីបញ្ជាការយោធាភូមិភាគខាងត្បូងរបស់ចិននៅថ្ងៃទី២៩ ខែវិច្ឆិកា នាវានាំផ្លូវបំពាក់មីស៊ីលរបស់អាម៉េរិក USS Chancellorsville បើកចូលតំបន់ទឹកក្បែរកោះ Spratly ដោយខុសច្បាប់។ ក្នុងសេចក្តីថ្លែងការណ៍ដដែល ទង្វើនេះសបញ្ជាក់ថាអាម៉េរិកជាប្រទេសបង្កហានិភ័យសន្តិសុខនៅសមុទ្រចិនខាងត្បូង ហើយជាព័ស្តុតាងពីអនុត្តរភាពក្នុងនាវាចរណ៍ និងយោធារបស់អាម៉េរិកនៅសមុទ្រចិនខាងត្បូង។
 
«សកម្មភាពរបស់យោធាអាម៉េរិកបំពានយ៉ាងខ្លាំងលើសន្តិសុខ និងអធិបតេយ្យភាពរបស់ចិន»។ លោក Tian Junli អ្នកនាំពាក្យទីបញ្ជាការយោធាភូមិភាគខាងត្បូងរបស់ចិនបញ្ជាក់បែបនេះ។
 
យ៉ាងណាមិញ កងទ័ពជើងទឹកអាម៉េរិកឆ្លើយតបថា សេចក្តីថ្លែងការណ៍របស់ចិនជារឿងមិនពិត ហើយអះអាងថានេះជាទង្វើចុងក្រោយបំផុតរបស់ចិនដើម្បីបំភាន់ប្រតិបត្តិការតាមដែនសមុទ្រដ៏ស្របច្បាប់របស់អាម៉េរិក។
 
«នាវា USS Chancellorsville បានធ្វើប្រតិបត្តិការក្រោមសេរីភាពនាវាចរណ៍(FONOP) ស្របតាមច្បាប់អន្តរជាតិ ហើយក៏បន្តធ្វើប្រតិបត្តិការធម្មតាដែលអនុវត្តតាមសេរីភាពចរាចរលើផ្ទៃសមុទ្រ»។ សេចក្តីថ្លែងការណ៍របស់ទ័ពជើងទឹកអាម៉េរិកបញ្ជាក់បែបនេះ ហើយបន្ថែមថា អាម៉េរិកកំពុងការពារសិទ្ធិរបស់ប្រទេសទាំងអស់ក្នុងការហោះហើរ ធ្វើដំណើរតាមសមុទ្រ និងធ្វើប្រតិបត្តិកានៅគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត៕
 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com