ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីសាធារណការ ជំរុញពលរដ្ឋឱ្យប្រើរថយន្តអគ្គិសនី ដើម្បីកាត់បន្ថយចំណាយ និងជួយបរិស្ថាន លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបថត៖ MPWT
× ១០ខែមកនេះ មានរថយន្តអគ្គិសនី( EV) ជាង៥០០គ្រឿង ត្រូវបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ចំនួននេះ គឺកើនដល់១១ដង បើធៀបរយៈពេលដូចគ្នាកាលឆ្នាំ២០២២ មានត្រឹម៤៥គ្រឿងប៉ុណ្ណោះ។ ទន្ទឹមនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ប្រាប់ពលរដ្ឋឱ្យពិចារណាលើការប្រើរថយន្តប្រភេទនេះ ដើម្បីកាត់បន្ថយចំណាយ ពិសេសផ្នែកពន្ធនាំចូល។
ពីមួយឆ្នាំទៅមួយឆ្នាំ ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា មានការកើនឡើងខ្ពស់ជាលំដាប់ ដែលដើរស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការបញ្ចេញឧស្ម័នពុលឱ្យស្មើនឹងសូន្យ ហើយនឹងជំរុញនូវការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបាន៤០ភាគរយ និងម៉ូតូអគ្គិសនីឱ្យបាន៧០ភាគរយ នៅឆ្នាំ២០៥០។ បើតាម លោក ស៊ុន ចាន់ថុល អ្នកប្រើប្រាស់រថយន្តអគ្គិសនីនេះ មិនត្រឹមជួយសម្អាត ឬជួយកាត់ការបំពុលបរិស្ថានដោយប្រេងឥន្ធនៈទេ តែថែមទាំងចំណេញថវិកាបានច្រើនទៀត។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Stations)នៅទីស្ដីការក្រសួងសាធារណការ នាថ្ងៃទី២៩វិច្ឆិកា លោក ស៊ុន ចាន់ថុល បន្តរៀបរាប់ថា អ្នកប្រើប្រាស់រថយន្តអគ្គិសនី គឺចំណេញពន្ធលើការនាំចូល ដោយរដ្ឋបានបញ្ចុះអត្រាពន្ធនេះ នៅត្រឹម៦៣ភាគរយប៉ុណ្ណោះ ខណៈការនាំចូលរថយន្តដែលប្រើប្រាស់ឥន្ធនៈវិញ មានអត្រាពន្ធដល់១២០ភាគរយ។ ក្រៅពីនេះ អ្នកប្រើប្រាស់ក៏ចំណេញលើការចំណាយនៃថ្លៃអគ្គិសនី ដែលមានតម្លៃថោកជាង ៣ដង បើធៀបនឹងការប្រើប្រាស់រថយន្តដំណើរការដោយប្រេងឥន្ធនៈ។ ជាមួយគ្នានេះ ការចំណាយសម្ភារ ឬគ្រឿងបង្គុំរថយន្តអគ្គិសនី ក៏មានតម្លៃតិចជាងរថយន្តដែលប្រើដោយប្រេងឥន្ធនៈដែរ។
ក្រោមហេតុផលចំណេញទាំងថវិកា និងជួយសម្អាតបរិស្ថាននេះ លោក ស៊ុន ចាន់ថុល លើកទឹកចិត្តពលរដ្ឋឱ្យប្រើប្រាស់នូវរថយន្តអគ្គិសនី។ លោក បន្តនិយាយដូច្នេះ៖ « សុំ[ពលរដ្ឋ]មេត្តាពិចារណា ពេលដែលទិញរថយន្តប្រើប្រាស់ គួរតែទិញរថយន្តEV[រថយន្តអគ្គិសនី] ដែលជួយកាត់បន្ថយការបំណុលបរិស្ថានផង និងកាត់បន្ថយចំណាយរបស់យើងផង ទាំងថ្លៃទិញ និងទាំងថ្លៃប្រើប្រាស់រថយន្តនេះឯង»។
ដើម្បីបម្រើដល់ពលរដ្ឋក្នុងការប្រើប្រាស់ម៉ូតូ ឬ រថយន្តអគ្គិសនី ក្រសួងសាធារណការ បានដំឡើងស្ថានីយបញ្ជូលថាមពល ដល់ម៉ូតូ និង រថយន្តអគ្គិសនី នៅតាមតំបន់គោលដៅមួយចំនួននៃរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ និងបាត់ដំបង ក្រោមជំនួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP)។ លើសពីនេះ វិស័យជនក៏មានគម្រោងវិនិយោគលើការដំឡើងស្ថានីយថាមពលយានយន្តអគ្គិសនី(EV Charging Station)ប្រមាណ២២០កន្លែងទៀត ដែលគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជា ផងដែរ។
បើតាមលោក ស៊ុន ចាន់ថុល ក្រុមហ៊ុន EV Energy Tech គឺមានគម្រោងដំឡើងស្ថានីយចំនួន២០កន្លែងនិងក្រុមហ៊ុន BYD Auto Industry របស់ប្រទេសចិន ក៏មានផែនការដំឡើងស្ថានីយថាមពលយានយន្តអគ្គិសនីចំនួន២០០កន្លែង ដែលគ្របដណ្តប់នៅទូទាំងរាជធានី-ខេត្តកម្ពុជា។ ការដំឡើងស្ថានីយទាំងនេះ នឹងរួចរាល់នៅត្រឹមឆ្នាំ២០២៣៕
Tag:
រថយន្តអគ្គិសនី
លោក ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com