អន្តរជាតិ
មន្ត្រីទូតអាម៉េរិកថា រុស្ស៊ីនិងអាម៉េរិកមានវិធីដើម្បីគ្រប់គ្រងហានិភ័យអាវុធនុយក្លេអ៊ែរ 
លោកស្រី Elizabeth Rood ភារធារីស្ថានទូតអាម៉េរិកប្រចាំទីក្រុងមូស្គូ។ រូបថតស្ថានទូតអាម៉េរិក
×![]()
ភារធារីស្ថានទូតអាម៉េរិកប្រចាំទីក្រុងមូស្គូលោកស្រី Elizabeth Rood ប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ីនៅថ្ងៃទី២៨ ខែវិច្ឆិកាថា រុស្ស៊ី និងអាម៉េរិកមានផ្លូវដើម្បីគ្រប់គ្រងហានិភ័យនុយក្លេអ៊ែរក្នុងកម្រិតទីភ្នាក់ងារស៊ើបការណ៍សម្ងាត់។ យ៉ាងណាមិញ ភាគីទាំងពីរមិនទាន់កំណត់ថ្ងៃជួបពិភាក្សាគ្នានោះឡើយ។
កាលពីដើមខែវិច្ឆិកា នាយកទីភ្នាក់ងារស៊ើការសម្ងាត់អាម៉េរិក CIA លោក William Burns បានជួបជាមួយប្រធានស៊ើបការណ៍បរទេសរុស្ស៊ីលោក Sergei Naryshkin ហើយមន្ត្រីអាម៉េរិកក៏បានព្រមានអំពីផលប៉ះពាល់នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ រុស្ស៊ីលើកឡើងថា បញ្ហាដែលបានពិភាក្សាជាបញ្ហារសើប ហើយបានបដិសេដក្នុងការអធិប្បាយ។
«អាម៉េរិកមានបណ្តាញសម្រាប់គ្រប់គ្រងហានិភ័យជាមួយសហព័ន្ធរុស្ស៊ីជាពិសេសហានិភ័យនុយក្លេអ៊ែរ ហើយនោះគឺជាគោលបំណងនៃកិច្ចប្រជុំរបស់នាយក CIA លោក Burns ជាមួយសមភាគីរុស្ស៊ី»។ លោកស្រី Rood លើកឡើងក្នុងវីដេអូមួយដែលផ្ញើទៅកាន់ប្រព័ន្ធបញ្ជូនសារ Telegram របស់ទីភ្នាក់ងារព័ត៌មាន RIA។
ជាអគ្គរដ្ឋទូតស្ដីទីអាម៉េរិកប្រចាំក្រុងមូស្គូផង លោកស្រី Rood បន្តថា លោក Burns មិនបានចរចាអ្វីទេ ហើយលោកមិនបានពិភាក្សាអំពីការដោះស្រាយជម្លោះនៅអ៊ុយក្រែននោះទេ។ ខណៈមិនទាន់មានការកំណត់សម្រាប់ការជួបពិភាក្សាគ្នាលើបញ្ហានុយក្លេអ៊ែរ លោកស្រី Rood បញ្ជាក់ថា ប្រសិនបើភាគីរុស្ស៊ី ត្រូវការការសន្ទនាមួយផ្សេងទៀតនៅក្នុងកម្រិតទីភ្នាក់ងារដដែល នោះភាគីអាម៉េរិកយល់ព្រម។
គួររំលឹកថា បន្ទាប់ពីជំនួបរវាងប្រមុខទីភ្នាក់ងារស៊ើបការសម្ងាត់រុស្ស៊ីនិងអាម៉េរិក ទីក្រុងមូស្កូ អះអាងថា ពួកគេបើកចំហសម្រាប់ជំនួបជាន់ខ្ពស់ជាមួយក្រុងវ៉ាស៊ីនតោន ក៏ប៉ុន្តែច្រានចោលគំនិតនៃកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រទេសទាំងពីរសម្រាប់ពេលបច្ចុប្បន្ន។ មន្ត្រីនៃប្រទេសទាំងពីរគ្រោងនឹងជួបប្រជុំគ្នានៅរដ្ឋធានីគែររបស់អេហ្ស៊ីបចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកាដល់ថ្ងៃទី ៦ ខែធ្នូដើម្បីពិភាក្សាអំពីការបន្តការត្រួតពិនិត្យក្រោមសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ New START៕
© រក្សាសិទ្ធិដោយ thmeythmey.com