ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ យុវតី ឆន ឆវី និងយុវតី វ៉េត សេងហ័ង ជាសិស្សក្រីក្រនៃវិទ្យាល័យព្រៃព្នៅ ដែលស្ថិតនៅខេត្តព្រៃវែង។ ទោះកើតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត តែយុវតីទាំង ២រូប នៅតែពុះពារព្យាយាមតស៊ូរៀនសូត្រ ដើម្បីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។ យុវតីខាងលើ យល់ថាការមានចំណេះដឹង នឹងធ្វើឱ្យពួកគាត់ចៀសផុតពីភាពក្រីក្រ។
យុវតី ឆន ឆវី ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រៃព្នៅ ក្នុងខេត្តព្រៃវែង។ យុវតីរូបនេះ ជាសិស្សក្រីក្រដែលខិតខំ និងព្យាយាមជាខ្លាំង ដើម្បីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ។ បច្ចុប្បន្នកំពុងត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥-៦ ធ្នូខាងមុខ។
កញ្ញា ឆន ឆវី ដែលទទួលវិញ្ញាបនបត្រនៃការសិក្សា
ជាកូនស្រី ដែលមានឪពុកជាកម្មករចំណាកស្រុកនៅប្រទេសថៃ ឆវី មានសមត្ថភាពពូកែខាងមុខវិជ្ជាវិទ្យាសាស្ត្រ ច្រើនជាងមុខវិជ្ជាវិទ្យាសាស្រ្តសង្គម។ បើទោះបីគ្រួសាររបស់នាងមានជីវភាពខ្វះខាត នាងមិនដែលគិតថាបោះបង់ការសិក្សាឡើយ។ យុវតីវ័យ ១៨ឆ្នាំរូបនេះ តែងជម្នះឧបសគ្គ និងតស៊ូលើការសិក្សា ដើម្បីទទួលបានលទ្ធផលល្អក្នុងពេលប្រឡង ដែលជាបំណងប្រាថ្នាដ៏ធំរបស់នាង។
«ដំបូន្មានពីឪពុកម្ដាយ និងគ្រូបង្រៀន ដែលតែងតែលើកទឹកខ្ញុំឱ្យប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតសម្រាប់ថ្ងៃខាងមុខ ទោះគ្រួសារមិនមានលទ្ធភាពគ្រប់គ្រាន់ក៏ដោយ។ ដោយសារជីវភាពខ្វះខាត និងចង់រៀន ពេលខ្លះ ខ្ញុំដើរទៅសាលា និងពេលខ្លះទៀត ខ្ញុំសុំគេជិះដែរ ដើម្បីបានទៅរៀន»។ នេះជាការរៀបរាប់របស់ ឆវី។
ឆវី បានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមប្រឡងបាក់ឌុប នាពេលខាងមុខនេះ។ យុវតីរូបនេះ បានចំណាយពេលច្រើនសម្រាប់សិក្សាមិនថាយប់ ឬថ្ងៃ រហូតធ្វើឱ្យគ្រួសារបារម្ភពីបញ្ហាសុខភាពផងដែរ។ ជាមួយគ្នានេះ ឆន ឆវី រំពឹងថាខ្លួន នឹងទទួលបាននិទ្ទេសA ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងមានឱកាសមកសិក្សានៅភ្នំពេញ។
មិនខុសពី យុវតី ឆន ឆវី ប៉ុន្មាននោះទេ យុវតី វ៉េត សេងហ័ង ជាសិស្សថ្នាកទី១២ នៅវិទ្យាល័យ ព្រៃព្នៅ ខេត្តព្រៃវែង ដែលជាសិស្សក្រីក្រផងនោះ ក៏ឱហាតរៀនសូត្រផងដែរ។ យុវតី វ៉េត សេងហ័ង គិតថា ការរៀនសូត្រពិតជាសំខាន់ខ្លាំងណាស់សម្រាប់នាង។ ជាកូនកសិករដែលកំព្រាឪពុកអស់រយៈពេល៦ឆ្នាំ សេងហ័ង លើកឡើងថា ទម្រាំសិក្សាដល់ថ្នាក់ទី១២នេះ ពិតជារឿងអស្ចារ្យមួយក្នុងជីវិតរបស់នាង ស្របពេលជីវភាពកំពុងខ្វះខាត។
កញ្ញា វ៉េត សេងហ័ង
យុវតី សេងហ័ង បរិយាយបែបនេះ៖ «ខ្ញុំជួបការលំបាកជាច្រើនក្នុងការសិក្សា ពេលខ្លះខ្ញុំគិតថាចង់បោះបង់ការសិក្សាទៀតផង ដោយសារខ្ញុំឃើញម្តាយរបស់ពិបាកដែលត្រូវចិញ្ចឹមកូនរហូតដល់៤អ្នក ដោយគ្មានឪពុក»។ ជាកូនទី២ក្នុងចំណោមបងប្អូន៤នាក់ សេងហ័ង មានឱកាសរៀនសូត្រខ្ពស់ជាងបងប្អូនដទៃទៀត ដែលបានឈប់រៀន ដើម្បីជួយការងារក្នុងគ្រួសារ។ កើតក្នុងគ្រួសារកសិករមានជីវភាពខ្វះខាតក៏ពិតមែន តែសេងហ័ង តែងទទួលបានដំបូន្មានពីម្ដាយ ដែលឱ្យនាងប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតសម្រាប់ថ្ងៃខាងមុខ។
ជារៀងរាល់ព្រឹក សេងហ័ង ក្រោកមើលមេរៀន និងជួយការងារម្តាយខ្លះៗ មុនទៅសាលារៀន។ សេងហ័ង តែងចំណាយពេលជាមួយសៀវភៅទាំងយប់ទាំងថ្ងៃ ព្រោះនាងមានក្ដីស្រមៃតែមួយគត់ គឺរៀនចប់ថ្នាក់ទី១២ និងបន្តការសិក្សាថ្នាក់ឧត្តម។ សេងហ័ង ត្រៀមខ្លួនជាស្រេចដើម្បីប្រឡង និងជឿយ៉ាងមុតមាំថាខ្លួនអាចធ្វើបាននឹងទទួលបានពិន្ទុល្អផងដែរ។
«ខ្ញុំនឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ។ ហើយដល់ពេលបញ្ចប់ថ្នាក់ទី១២ ខ្ញុំនឹងទៅសិក្សាបន្តនៅភ្នំពេញ និងស្វែងរកការងារមួយ ដើម្បីយកលុយសិក្សា និងអាចជួយឱ្យគ្រួសារខ្ញុំមានភាពធូរធារជាងមុន»។ នេះជាគោលបំណងនាថ្ងៃអនាគតរបស់យុវតី វ៉េត សេងហ័ង៕
ទិដ្ឋភាព កញ្ញា វ៉េត សេងហ័ង បង្រៀនមិត្តរួមថ្នាក់៕