ជាតិ
អតីតសិស្សនិទ្ទេស A៖ ក្នុងពេលប្រឡងគួរធ្វើលំហាត់ស្រួលមុន!
29, Nov 2022 , 9:59 pm        
រូបភាព
ទិដ្ឋភាពសិស្សានុសិស្សចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
ទិដ្ឋភាពសិស្សានុសិស្សចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃទី​៥-៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។ នៅសល់ពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងចាប់ផ្ដើម។ មកដល់ពេលនេះ សិស្សានុសិស្សមួយចំនួន បានត្រៀមខ្លួនរួចរាល់ហើយ ចំណែកសិស្សខ្លះទៀត នៅមិនទាន់ត្រៀមខ្លួនសម្រាប់ការប្រឡងនេះនៅឡើយទេ។ ទោះជាយ៉ាងណាក្ដី អតីតសិស្សនិទ្ទេស A ពីររូប ប្រាប់​គន្លឹះ ដើម្បី​ទទួលបាន​លទ្ធផលល្អ និងចំណេញ​ពេលវេលា ដោយ​សិស្សទាំងអស់គួរធ្វើលំហាត់ស្រួលមុន។



យុវជន ផូ ច័ន្ទរិទ្ធិ ជាអតីតសិស្សនិទ្ទេសA នៅវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន អង្គតាសោម បានប្រាប់ពី​ការរៀន​មួយចំនួន​ដើម្បី​​យក​ពិន្ទុឱ្យបាន​ខ្ពស់ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​។ អតីតសិស្សនិទ្ទេសAរូបនេះ​ លើកឡើងថា​ សិស្សានុសិស្សគួររៀនឱ្យទៀងពេលទាំងនៅសាលា ទាំងស្វ័យសិក្សាដោយខ្លួនឯង និងធ្វើលំហាត់ក្នុងសៀវភៅសិក្សាគោល​ឱ្យអស់ ទៅតាមមុខវិជ្ជានីមួយៗ។
  

យុវជន ផូ ច័ន្ទរិទ្ធិ ដែលប្រឡងបាក់ឌុបបាននិទ្ទេសA នៅឆ្នាំ២០២០-២០២១។
 
យុវជនរស់នៅខេត្តតាកែវរូបនេះ បាននិយាយថា៖ «មុនពេលប្រឡង ប្រសិនគិតថាខ្លួនខ្សោយមុខណាមួយ អ្នកគួរតែខំធ្វើមេរៀននោះ ឬគួរតែខំរំឭកវាឱ្យច្រើនជាងគេ។ ១សប្តាហ៍មុនពេលប្រឡងយើងគួរតែគេងឱ្យបានគ្រប់គ្រាន់ ហើយរំឭកលំហាត់ខ្លះៗ ដើម្បីត្រៀមខ្លួនក្នុងការប្រឡងដែលយើងខំរៀនអស់រយៈពេល១២ឆ្នាំ»។
 
បើតាម​យុវជន ផូ ច័ន្ទរិទ្ធិ ពេលប្រឡងបេក្ខជន​ត្រូវ​មើល​សំណួរទាំងអស់ឱ្យច្បាស់ និងត្រូវ​សរសេរ​លើ​ក្រដាស​ព្រាង​ចំណុច​សំខាន់ៗ ខ្លះៗ ដែល​​នឹកឃើញ ដើម្បីជៀសវាងសរសេរខុសនៅលើក្រដាសប្រឡង។ ក្នុងនោះដែរ បេក្ខជនគួរធ្វើ​សំណួរ​ណា​ស្រួលៗ​មុន ដោយ​ទុក​សំណួរ​ណា​ដែល​ពិបាក​ធ្វើក្រោយ ពីព្រោះបើ ធ្វើ​មិន​ចេញ ក៏​​បាន​ពិន្ទុ​មុន​ខ្លះ​ដែរ​។
 
មិនខុសពីយុវជន ផូ ច័ន្ទរិទ្ធិ ប៉ុន្មាននោះទេ យុវតី ឌុម ស្រីណុច ជាអតីតសិស្សវិទ្យាល័យសុខអាន ត្រាំខ្នារ ខេត្តតាកែវ ដែលទទួលបាននិទ្ទេសA កាលបាក់ឌុបឆ្នាំ២០២១ ក៏បានប្រាប់គន្លឹះមួយចំនួនដែលធ្វើឱ្យបេក្ខជន​អាចទទួលបានពិន្ទុល្អក្នុងការប្រឡងបាក់ឌុបផងដែរ។ យុវតី ឌុម ស្រីណុច  រៀបរាប់ថា ដើម្បីទទួលលទ្ធផលល្អ ក្នុងការប្រឡងបាក់ឌុបនេះ  គឺទាមទារឱ្យសិស្សានុសិស្សទាំងអស់មានចំណេះដឹងពិតប្រាកដ។  លើសពីនេះ ក៏ទាមទារឱ្យសិស្សានុសិស្សដែលជិតប្រឡង ត្រូវមានការរៀបចំរបៀបរៀនឱ្យច្បាស់លាស់ និងគួរតែចំណាយពេលច្រើនជាងមុន ដើម្បីរៀនធ្វើលំហាត់នៅផ្ទះ។
  

យុវតី ឌុម ស្រីណុច អតីតសិស្សទទួលបាននិទ្ទេសA នៅវិទ្យាល័យ សុខអានត្រាំខ្នារ។
 
​«ជិតប្រឡងបាក់ឌុប ​ពេញ​មួយ​សប្ដាហ៍ ខ្ញុំ​រៀន​រហូត ទាំង​ម៉ោង​រដ្ឋ ទាំង​ម៉ោង​រៀន​គួរ​បន្ថែម និង​ការរៀន​ខ្លួនឯង​ទៀតផង។ មានពេលខ្លះ​ខ្ញុំ​ខំរៀន​ច្រើនពេក ធ្វើឱ្យ​ឪពុកម្ដាយរបស់ខ្ញុំ​ព្រួយបារម្ភ ដោយសារ​ខ្ញុំ​ខំរៀន​ពី​ព្រឹក​ដល់​យប់ មិនសូវ​បាន​សម្រាកនោះទេ​»​។ នេះជា​ការ​លើកឡើងរបស់យុវតី ឌុម ស្រីណុច ដោយ​បន្ថែមថា​ សិស្សានុសិស្សដែលជិតប្រឡងគួរចំណាយពេលជាមួយសៀវភៅដាក់គោលដៅរៀនឱ្យច្បាស់ទាំងយប់ទាំងថ្ងៃ។ ទោះបី​ខំរៀន​ទាំងថ្ងៃទាំងយប់​ក៏ដោយ ប៉ុន្តែ​ត្រូវ​គិតពី​សុខភាព ព្រោះ​ការរៀន​អាចធ្វើឱ្យ​សុខភាព​ចុះខ្សោយ។
 
បន្ថែមពីនេះ ជិតដល់ថ្ងៃប្រឡង សិស្សានុសិស្សទាំងអស់ គួរព្យាយាមរំឭក​មេរៀន និងធ្វើលំហាត់ខ្លះដើម្បី​វាស់ស្ទង់តេស្តសមត្ថភាពខ្លួនមុនប្រឡង​។  ក្រៅពីនេះ នៅពេលប្រឡង បេក្ខជន​គួរតែតាំងស្មារតី កុំ​ភ័យខ្លាច និងតក់ស្លុត ដោយ​រក្សា​ចិត្ត​ឱ្យ​​នឹងនរ ដើម្បីធ្វើលំហាត់ឱ្យល្អ។
 
អតីតសិស្សនិទ្ទេសA រូបនេះ បានឱ្យដឹងថា៖ «ពេលប្រឡង កុំ​ប្រញាប់​ពេក អាន​ឱ្យ​ច្បាស់​ជៀសវាង​ការច្រឡំ អាចឱ្យយើងនាំ​ខាត​ពេល ​និងខាត​ពិន្ទុ​។ អំឡុងពេលប្រឡង បើ​អាចកុំ​ធ្វើ​សំណួរ ឬលំហាត់​មួយ​ច្រើនពេក រហូតដល់​អស់ម៉ោង​ធ្វើ​សំណួរ និងលំហាត់​ផ្សេងទៀត ព្រោះ​បើ​ប្រឹងចំណាយពេលទៅលើលំហាត់មួយហ្នឹង ហើយ​ធ្វើ​មិន​ចេញ អ្នកគួរ​រំលង​ហើយ​ធ្វើ​សំណួរ​ណា​ដែល​អ្នកចេះ​វិញ»​។
 
យុវតី១៨ឆ្នាំរូបនេះ បន្តថា ការទទួលបាន​និទ្ទេស A មិនមែនជា​រឿង​ចៃដន្យ​សម្រាប់​សិស្សានុសិស្ស​ឡើយ​។ សិស្សានុសិស្ស ដែល​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ត្រូវតែ​ខិតខំ​រៀនសូត្រ និង​ស្រាវជ្រាវ​គន្លឹះ​សំខាន់ៗ​​មក​អនុវត្ត ដើម្បី​ទទួលបាន​លទ្ធផល​ល្អ៕
 

Tag:
 ThmeyThmey 25
 បាក់ឌុប
  ផូ ច័ន្ទរិទ្ធិ
  ឌុម ស្រីណុច
© រក្សាសិទ្ធិដោយ thmeythmey.com