ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
តុលាការបំភ្លឺ៖ កញ្ញា ឈឹម ស៊ីថរ ចេញក្រៅប្រទេសដោយគ្មានការអនុញ្ញាត ទើបត្រូវចាប់ខ្លួន
29, Nov 2022 , 5:57 pm        
រូបភាព
រូបកញ្ញា ឈឹម ស៊ីថរ ពីបណ្តាញសង្គម
រូបកញ្ញា ឈឹម ស៊ីថរ ពីបណ្តាញសង្គម
អ្នកនាំពាក្យតុលាការភ្នំពេញ បកស្រាយប្រាប់មហាជនតាមរយៈសេចក្តីថ្លែងការណ៍ ដែលចេញនៅព្រលប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា កញ្ញា ឈឹម ស៊ីថរ មេសហជីពនៃក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ បានចាកចេញពីប្រទេសកម្ពុជា ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ដែលអំពើនេះ បំពានលើកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ។



អ្នកនាំពាក្យតុលាការភ្នំពេញ លើកយកមាត្រា២៣០នៃក្រមនីតិវិធីព្រហ្មទណ្ឌ មកធ្វើជាសំអាងថា បើជនត្រូវចោទ បានគេចវេះពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការដោយចេតនា ចៅក្រមស៊ើបសួរ អាចសម្រេចឲ្យឃុំខ្លួនជនត្រូវចោទបណ្តោះអាសន្នបាន។

កញ្ញា ឈឹម ស៊ីថរ ត្រូវសមត្ថកិច្ចឃាត់ខ្លួនសាជាថ្មី នៅព្រលានយន្តហោះភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ពេលកញ្ញា វិលមកពីប្រទេសអូស្ត្រាលីវិញ។ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗថា កញ្ញា មិនគោរពតាមដីការបស់តុលាការ ទើបត្រូវចាប់ខ្លួន។ លោក លើកឡើងថា ដីការបស់តុលាការ បានដាក់លក្ខខណ្ឌមិនឲ្យកញ្ញា ចេញទៅក្រៅប្រទេសឡើយ។

ប៉ុន្តែ តំណាងរាស្រ្តបក្សកាន់អំណាចម្នាក់របស់អូស្រ្តាលី គឺលោក ជូលៀន ហីល (Julian Hill)  អះអាងក្នុងរដ្ឋសភា កាលពីថ្ងៃទី២៧ ខែវិច្ឆិកាថា គ្មានអ្នកណា បានប្រាប់កញ្ញា ពីលក្ខខណ្ឌដែលហាមមិនឲ្យចេញក្រៅប្រទេសនោះទេ។

អត្ថបទទាក់ទង

អ្នកនាំពាក្យតុលាការភ្នំពេញ ឆ្លើយតបត្រង់កន្លែងនេះថា ការលើកឡើងថា ជនត្រូវចោទមិនបានទទួលដំណឹងពីដីកាដែលសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតក្រោមកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវការតុលាការ បង្ហាញយ៉ាងច្បាស់ពីចេតនាមិនទទួលខុសត្រូវចំពោះមុខច្បាប់។ អ្នកនាំពាក្យតុលាការភ្នំពេញ សង្កត់ធ្ងន់ថា ជនត្រូវចោទ ត្រូវគោរពតាម និងអនុវត្តឲ្យបានម៉ឺងម៉ាត់ចំពោះកាតព្វកិច្ចដែលតុលារបានដាក់។

លោក ជូលៀន ហីល ថ្លែងថា កញ្ញា ទៅអូស្រ្តាលី ក្នុងនាមជាគណៈប្រតិភូនៃអង្គការ១របស់អូស្រ្តាលីនៅកម្ពុជា គឺអង្គការអាហ្វីដា (APHEDA) ដើម្បីចូលរួមសមាជសហជីពអន្តរជាតិ ដែលត្រូវបានរៀបចំឡើងក្នុងទីក្រុងមែលប៊ន។ លោក បន្តថា កញ្ញា ក្រោកតស៊ូដើម្បីការពារសិទ្ធិរបស់បុគ្គលិក ដែលត្រូវបានក្រុមហ៊ុនណាហ្កាវើលដ៍ បណ្តេញចេញ។

សមាជិករដ្ឋសភាអូស្ត្រាលីរូបនេះ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ មេសហជីពរបស់ក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ជាបន្ទាន់។ លោក ក៏បានអំពាវនាវឲ្យថៅកែក្រុមហ៊ុនណាហ្កាវើលដ៍ ប្រព្រឹត្តអំពើឲ្យបានត្រឹមត្រូវលើបុគ្គលិកផងដែរ ហើយត្រូវបញ្ចប់ជម្លោះជាមួយពួកគេ។

ក្រៅពីលោក ជូលៀន ហីល នៅមានលោក ភិល រ៉ូបឺសិន (Phil Robertson) ម្នាក់ទៀត ដែលជាអនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) ប្រចាំតំបន់អាស៊ី បានទាមទារឲ្យតុលាការដោះលែងកញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ និងឥតលក្ខខណ្ឌ។ ចំណែក ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាវិញ មានដល់ទៅ៦៩ស្ថាប័ន បានធ្វើសេចក្តីថ្លែងការណ៍រួមគ្នា ជុំវិញការចាប់មេសហជីពរូបស្រ្តីនេះ ហើយទទូចឲ្យដោះលែងនាងវិញ។

ក្រោយឃាត់ខ្លួននៅព្រលានយន្តហោះ កញ្ញា ឈឹម ស៊ីថរ ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃស។ នេះជាលើកទី២ហើយ ដែលកញ្ញា ត្រូវចាប់ខ្លួន។ កញ្ញា ត្រូវសមត្ថកិច្ចចាប់ខ្លួនកលើកទី១ កាលពីខែមករា ឆ្នាំ២០២២ តែក្រោយមក ត្រូវបានដោះលែងវិញ។

កញ្ញា ជាមេសហជីពម្នាក់ ដែលដឹកនាំក្រុមបុគ្គលិកណាហ្កាវើលដ៍ ធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុននេះ ទទួលយកបុគ្គលិកមួយចំនួន ដែលត្រូវបានបណ្តេញចេញ ឲ្យចូលបម្រើការងារវិញ។ ពួកគេ តវ៉ាតាំងចុងឆ្នាំ២០២១មកម្ល៉េះ តែរហូតមកដល់ចុងឆ្នាំ២០២២នេះ ក្រុមហ៊ុនណាហ្កាវើលដ៍ នៅតែមិនយល់ព្រមតាមការទាមទាររបស់ពួកគេ៕

Tag:
 ឈឹម ស៊ីថរ
© រក្សាសិទ្ធិដោយ thmeythmey.com