កីឡាជាតិ
ជាតិ
មន្ត្រីជំនាញ៖ ប្រាក់រង្វាន់លើកទឹកចិត្ត ខុសពីប្រាក់រង្វាន់ដែលដាក់ឲ្យប្រកួតប្រជែងយកឈ្នះចាញ់
29, Nov 2022 , 5:54 pm        
រូបភាព
លោក វ៉ាត់ ចំរើន (ស្តាំ) និងលោក អ៊ុក សិទ្ធិជាតិ នាកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យការងាររបស់សហព័ន្ធជាតិ និងផ្នែកពាក់ព័ន្ធលើការដាក់សម្រេចវិញ្ញាសាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ រូបថត Cambodia 2023
លោក វ៉ាត់ ចំរើន (ស្តាំ) និងលោក អ៊ុក សិទ្ធិជាតិ នាកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យការងាររបស់សហព័ន្ធជាតិ និងផ្នែកពាក់ព័ន្ធលើការដាក់សម្រេចវិញ្ញាសាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ រូបថត Cambodia 2023
«គ្នាប្រឹងហាត់ចង់ងាប់ លេខ១បានត្រឹម៨០ម៉ឺនរៀល, ទុកលុយ៨០ម៉ឺនរៀលវិញទៅ មិនបាច់ផ្តល់រង្វាន់ទេ, ៨០ម៉ឺនរៀលច្រើនណាស់ចាយអត់ទេ»។ ទាំងនេះ ជាសាររិះគន់ និងសើចចំអករបស់ម្ចាស់គណនីហ្វេសប៊ុកមួយចំនួន ទាក់ទងនឹងការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់អត្តពលិកដែលបានឈ្នះលេខ១ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣។

 
រលករិះគន់ដ៏ផុសផុលនេះ ចេញមកជាហូរហែ ក្រោយការបង្ហោះរូបថតនៃការប្រគល់រង្វាន់ដល់កីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ដោយភ្ជាប់ជាមួយនឹងព័ត៌មាននៃប្រាក់រង្វាន់ដែលជ័យលាភីទទួលបាន ក្នុងនោះលេខ១ បាន៨០ម៉ឺនរៀល លេខ២ បាន៦០ម៉ឺនរៀល និងលេខ៣ បាន៤០ម៉ឺនរៀល។ ប៉ុន្តែតាមពិតទៅ សម្រាប់អ្នកប្រឡូកក្នុងវិស័យកីឡា ជាពិសេសអត្តពលិកផ្ទាល់ ករណីនេះ មិនមែនជារឿងថ្មី ដែលគួរឲ្យភ្ញាក់ផ្អើលនោះឡើយ ព្រោះជាការអនុវត្តតាំងពីការចាប់ផ្តើមកីឡាជាតិលើកទី១មកម្ល៉េះ។
 
ឆ្លើយតបការសាកសួរពីសារព័ត៌មានថ្មីៗ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានពន្យល់ពីភាពខុសគ្នារវាងប្រាក់រង្វាន់លើកទឹកចិត្ត និងប្រាក់រង្វាន់ដែលដាក់ឲ្យមានការប្រកួតប្រជែងយកឈ្នះចាញ់។
 
«បើអត់មានប្រកាសចំនួនទឹកប្រាក់មុនប្រកួតទេ គេអត់ហៅថាជាប្រាក់រង្វាន់នោះឡើយ គេហៅប្រាក់រង្វាន់លើកទឹកចិត្ត»។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន ដោយបែងចែកន័យរវាងប្រាក់រង្វាន់លើកទឹកចិត្ត និងប្រាក់រង្វាន់។
 
អគ្គលេខាធិការ NOCC បានពន្យល់ថា ក្រសួងអប់រំ យុវជន និងកីឡា ផ្តល់ប្រាក់រង្វាន់សម្រាប់ជ័យលាភីលេខ១ លេខ២ និងលេខ៣ក្នុងព្រឹត្តិការណ៍កីឡាជាតិលេខទី៣ និងកីឡាជនពិការលើកទី១ ជាការលើកទឹកចិត្តបន្ថែម មិនមែនជាប្រាក់ប្រចាំការឈ្នះចាញ់នោះឡើយ។
 
«ក្នុងនាមគណៈកម្មការជាតិអូឡាំពិក យើងខ្ញុំអបអរសាទរចំពោះការខិតខំប្រឹងប្រែង របស់ក្រសួងអប់រំ និងការធ្វើត្រឹមត្រូវរបស់ក្រសួង ក្នុងការផ្តល់ជារង្វាន់លើកទឹកចិត្ត ដល់កីឡាករជ័យលាភី ទាំងអស់ មិនមែនប្រាក់ដាក់ជារង្វាន់ទេ សូមមហាជនកុំច្រឡំ បើប្រាក់ដាក់ជារង្វាន់ គេច្បាស់ជាប្រកាសទឹកប្រាក់៨០ម៉ឺនត្រូវប្រកួតប្រជែងគ្នា»។ លោក វ៉ាត់ ចំរើន បានបន្តពន្យល់យ៉ាងដូច្នេះ។
 
ដូចគ្នាផងដែរ លោក អ៊ុក សិទ្ធិជាតិ បានបកស្រាយថា តាមពិតទៅ រាល់ការប្រកួតជាលក្ខណៈ «ហ្គេម» មិនមានប្រាក់រង្វាន់ទេ ជាពិសេស  ស៊ីហ្គេម  អាស៊ានហ្គេម និង អូឡាំពិកហ្គេម  ដោយមានតែមេដាយប៉ុណ្ណោះ។
 
អគ្គនាយកកីឡារូបនេះ បានបន្ថែមថា ៖ «ដោយឡែកនៅកម្ពុជា រាជរដ្ឋាភិបាល បានផ្តល់ប្រាក់រង្វាន់ ទាំងការប្រកួតជើឯក និងហ្គេម  ហើយប្រាក់រង្វាន់ទៀតសោត  បានកើនឡើងជាលំដាប់តាមការរីកចម្រើនសេដ្ឋកិច្ច»។ 
 
តើលោកមានប្រតិកម្មយ៉ាងណាដែរចំពោះការរិះគន់? លោក អ៊ុក សិទ្ធិជាតិ ឆ្លើយតបថា៖ «គេរិះគន់មានន័យថា គេចាប់អារម្មណ៍វិស័យកីឡាជាតិយើង ខ្ញុំមិនប្រតិកម្មជាមួយពួកគាត់ទេ»។
 
កីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ ត្រូវបានរៀបចំពិធីបើកក្រោមអធិបតីភាពសម្តេចនយាករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២១ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ កម្មវិធីនឹងបញ្ចប់ផ្លូវការនៅថ្ងៃទី៣០ ខែវិច្ឆិកា។ 
 
ប្រភេទកីឡាជាច្រើនបានបញ្ចប់ការប្រកួតប្រជែងរបស់ខ្លួន ដោយគិតត្រឹមព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ក្រសួងមហាផ្ទៃ ទទួលបានមេដាយមាស មេដាយប្រាក់ មេដាយសំរឹទ្ធ ពោលគឺគ្រប់ប្រភេទមេដាយលើសដាច់គេលើតារាង។ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកំពត និងខេត្តតាកែវ ស្ថិតនៅលេខរៀងបន្តបន្ទាប់ ក្នុងចំណោមបញ្ជី ស្ថាប័ន/រដ្ឋបាលខេត្ត ដែលទទួលបានមេដាយ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com