ជាតិ
ក្រសួង បិទ​មន្ទីរពេទ្យ​ដើម​អង្ក្រង បណ្ដោះអាសន្ន រីឯ​ស្ត្រី​រងគ្រោះ​កំពុង​សង្គ្រោះនៅ​កាល់ម៉ែត
29, Nov 2022 , 7:26 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​ បានសម្រេចបិទ ​មន្ទីរសម្រាកព្យាបាល និងសម្ភព ដើម​អង្ក្រង បណ្ដោះអាសន្ន ក្រោយ​មានករណី​ស្ត្រី​ម្នាក់ទទួលការ​រំលូតកូនដែល​ស្លាប់​ក្នុង​ផ្ទៃ នៅទីនោះត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​ពេទ្យ​កាល់ម៉ែត​។ នេះបើតាមសេចក្តីសម្រេចរបស់ក្រសួង ដែលចុះហត្ថលេខាដោយលោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។ ក្រៅពីបិទ​ ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ដើម​អង្ក្រង ដែលមាន​ទីតាំងនៅ​លើផ្លូវ​ជាតិ​លេខ​៣ ឃុំ​អង្គ​ពពេល ស្រុក​គង​ពិសី ខេត្តកំពង់ស្ពឺនេះ ​ក្រសួងក៏បញ្ជា​ឲ្យ មានការស្រាវជ្រាវ​ដើមហេតុ​បន្ថែមផងដែរ។


​ជុំវិញ​ករណីនេះ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី២៩ វិច្ឆិកានេះ​ថា ស្ត្រី​រងគ្រោះ កំពុង​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។ លោក​ស្រី ​ ឱ វណ្ណឌី​នប្រាប់​បែបនេះ​៖«​ស្ត្រី​រំលូតកូន​ស្លាប់​ក្នុង​ផ្ទៃ កំពុង​សម្រាក​ព្យាបាល​នៅ​កាលម៉ែត ហើយ​មូលហេតុ​ដូច​ក្រសួង​បានបញ្ជាក់ ក្នុង​លិខិត​នៃ​ការបិទ​មន្ទីរ (​ដើម​អង្ក្រង​) អ៊ីចឹង​»​។ 
 
​ទាក់ទិន​នឹង​ករណី លោក វី សំណាង អភិបាលខេត្ត កំពង់ស្ពឺ ក៏បានផ្ដល់​ព័ត៌មាន​ល​ម្អិ​តដល់​សារព័ត៌មាន​ថ្មីៗ​ដែរ​ថា កាលពី​ថ្ងៃទី​១០​វិច្ឆិកា ស្ត្រី​រងគ្រោះ​បាន​រំលូតកូន​ដែល​ស្លាប់​ក្នុង​ផ្ទៃ ហើយ​កូន​នោះ​មាន​អាយុ​១៨​សប្ដាហ៍​នៅ​ពេទ្យ​ដើម​អង្ក្រង​។ លុះដល់​ថ្ងៃទី​២២​វិច្ឆិកា ស្ត្រី​រងគ្រោះ បាន​ទៅ​ពេទ្យ​ដដែល​ម្ដងទៀត ព្រោះ​មាន​សញ្ញា មិន​ស្រួល​ក្នុង​ខ្លួន ហើយ​ពិនិត្យឃើញ​មាន​សល់​កំទេច​សុក​ក្នុង​ស្បូន​។ បន្ទាប់ពី​ព្យាបាល លើក​ទី​២​ហើយ ស្ត្រី​រងគ្រោះ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ខាង​ក្រុម​មន្ទីរពេទ្យ ក៏​បញ្ជូន​ស្ត្រី​នោះ​ទៅ ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក រាជធានី​ភ្នំពេញ​។ ទាំងនេះ លោក វី សំណាង អះអាងថា​ជា​ព័ត៌មាន​ដែល​ទទួលបាន​ពី មន្ទីរ​សម្រាក​ព្យាបាល ដើម​អង្ក្រង​។ 
 
​ដោយឡែក សាច់ញាតិ​អ្នកជំងឺ អះអាងថា សម្រាក​នៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ក្រុមគ្រូពេទ្យ​ពិនិត្យឃើញ​មាន​បញ្ហា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ពោះវៀន ហើយក៏​បញ្ជូនទៅ​អ្នកជំងឺ​ទៅ​ព្យាបាល​បន្ត​នៅ​ព្រះ​កេតុមាលា នៅ​ថ្ងៃទី​២៣​វិច្ឆិកា​។ សម្រាក​នៅ ពេទ្យ​ព្រះ​កេតុមាលា មិនបាន​មួយថ្ងៃ​ផង នៅ​ថ្ងៃ​ដដែល ខាង​សាច់ញាតិ ស្នើសុំ​បញ្ជូនទៅ​ព្យាបាល​នៅ​វៀតណាម​។ លុះដល់​ថ្ងៃទី​២៤ អ្នកជំងឺ​បាន​ត្រឡប់​ពី​វៀតណាម​វិញ និង​សម្រាក​នៅផ្ទះ អស់​រយៈពេល​២​ថ្ងៃ​។ ហើយ​ដល់​ថ្ងៃទី​២៦ សាច់ញាតិ​ក៏​បញ្ជូនទៅ​សង្គ្រោះ​នៅ​កាល់​ម៉ែត្រ ព្រោះ​ឃើញ​មាន​សភាព​អ្នកជំងឺ​ឈឺ​ខ្លាំង​។ ទាំងនេះ ជាការ​លើកឡើង​របស់​សាច់ញាតិ​អ្នកជំងឺ ដែល​លោក​អភិបាលខេត្ត​កំពង់ស្ពឺ បានផ្ដល់​ឲ្យ​សារព័ត៌មាន​ថ្មីៗ​។ 
 
​ហេតុដូច្នេះ អភិបាលខេត្ត​អះអាងថា ក្រុមការងារ​គ្រូពេទ្យ​នឹង​បន្ត​ស្រាវជ្រាវ តាម​ដំណើររឿង​ខាងលើ ដើម្បី​រក​ខុសត្រូវ​ឲ្យ​អ្នកជំងឺ និង​ខាង​មន្ទីរពេទ្យ ដើម​អង្ក្រង​៕
 

Tag:
 ឱ វណ្ណឌី​ន
  ពេទ្យដើមអង្ក្រង
  រំលូត
 វិជ្ជាជីវៈ
  សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com