អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខ​ណា​តូ​ពិភាក្សាគ្នា​ពី​ជំនួយ​បន្ថែម​ដល់​អ៊ុយ​ក្រែ​ន​នៅ​រដូវរងា
29, Nov 2022 , 7:41 pm        
រូបភាព
លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ។ រូបភាព៖ AFP
លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ។ រូបភាព៖ AFP
​​ប្រមុខ​អង្គការ​ណា​តូ​លោក Jens Stoltenberg ក្នុង​កិច្ចប្រជុំ​អង្គការ​ណា​តូ នៅ​ថ្ងៃទី​២៩ និង​ថ្ងៃទី​៣០ ខែវិច្ឆិកា នឹង​អំពាវនាវ​ឱ្យ​សម្ព័ន្ធមិត្ត​សន្យា​ផ្តល់ជំនួយ​បន្ថែមទៀត​ដល់​អ៊ុយ​ក្រែ​ន ខណៈដែល​អ៊ុយ​ក្រែ​ន​កំពុង​ប្រឈមមុខ​នឹង​រដូវរងា និង​ការខ្វះខាត​ថាមពល​ប្រើប្រាស់ បន្ទាប់ពី​ការវាយប្រហារ​របស់​រុស្ស៊ី​។

 
​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​ក្រុម​ប្រទេស​សមាជិក​អង្គការ​ណា​តូ​នៅ​ទីក្រុង​ប៊ុ​យ​ការ៉េ​ស​រូ​ម៉ា​នី នឹង​ផ្តោតលើ​ការបង្កើន​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន ដូចជា​ប្រព័ន្ធ​ការពារ​ដែនអាកាស និង​គ្រាប់រំសេវ ទោះបីជា​រដ្ឋមន្ត្រីការបរទេស​ដែល​បាន​ចូលរួម​ប្រជុំ​ទាំងនេះ ធ្លាប់បាន​លើកឡើង​បញ្ហា​ផ្គត់ផ្គង់​ពីមុន​ក៏ដោយ​។ លើសពីនេះ កិច្ចប្រជុំ​នេះ ក៏​នឹង​លើក​ពិភាក្សា​ពី​ជំនួយ​ដែល​មិនមាន​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​ដែរ​។​
 
​ជំនួយ​ដែល​មិនមាន​គ្រោះថ្នាក់​ទាំងនេះ​ផ្តោតលើ​ការផ្គត់ផ្គង់​ទំនិញ​សំខាន់ៗ ​ដូចជា​ប្រេងឥន្ធនៈ ​ការផ្គត់ផ្គង់​វេជ្ជសាស្ត្រ ឧបករណ៍​សម្រាប់​រដូវ​រងា​ផ្សេងៗ ដែល​កន្លងមក​ត្រូវបាន​បញ្ជូន​តាមរយៈ​ក​ញ្ច​ប់​ជំនួយ​របស់​អង្គការ​ណា​តូ​។ អគ្គលេខាធិការ​អង្គការ​ណា​តូ លោក Jens Stoltenberg ក៏មាន​គោលបំណង​បង្កើន​កញ្ចប់​ជំនួយ​ទាំង​នេះដែរ​។​
 
​ថ្មីៗ​នេះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ព្រមាន​ពលរដ្ឋ​របស់ខ្លួន​ថា រុស្ស៊ី​នឹង​បន្ត​វាយប្រហារ​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ុយ​ក្រែ​ន​បន្ថែម ដែល​អាចធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់​គ្មាន​កំដៅ ទឹក ឬ​ថាមពល​ប្រើប្រាស់​។​
 
«​វា​នឹង​ជា​រដូវរងា​ដ៏​អាក្រក់​មួយ​សម្រាប់​អ៊ុយ​ក្រែ​ន ដូច្នេះ​យើង​កំពុងធ្វើការ​ ដើម្បី​ពង្រឹង​ការគាំទ្រ​របស់​យើង​លើ​អ៊ុយ​ក្រែ​ន​»​។ អ្នកការទូត​ជាន់ខ្ពស់​អឺរ៉ុប​ម្នាក់​ បាន​និយាយ​បែបនេះ​។ 
 
​អាល្លឺម៉ង់ ​ដែល​បច្ចុប្បន្ន​កាន់តំណែង​ជា​ប្រធាន​ផ្លាស់​វេន​ នៃ​ក្រុម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង ៧ (G7) ក៏បាន​កំណត់ពេល​នៃ​កិច្ចប្រជុំ​ រវាង​ក្រុម​ប្រទេស G7​ជាមួយនឹង​ដៃគូ​មួយចំនួន ​នៅក្រៅ​កិច្ចពិភាក្សា​របស់​អង្គការ​ណា​តូ ខណៈ​ប្រទេស​នេះ ​ជំរុញឱ្យមាន​មធ្យោបាយ​ដើម្បី​ព​ន្លឿ​ន​ការកសាង​ឡើងវិញ​ នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយ​ក្រែ​ន​។​
 
​ខាង​ផ្នែក​យោធា​វិញ អង្គការ​ណា​តូ​ក៏បាន​បន្ត​ជំរុញ​ក្រុមហ៊ុន​ផលិត​សព្វាវុធ ​ឱ្យ​ព​ន្លឿ​ន​ការផលិត ដើម្បី​ផ្គត់ផ្គង់​ដល់​អ៊ុយ​ក្រែ​ន​។ យ៉ាងណាមិញ អ្នកការទូត​ដែល​មិនបាន​បញ្ចេញ​ឈ្មោះ​ម្នាក់​ បាន​ព្រមាន​ពី​បញ្ហា​ជាមួយនឹង​សមត្ថភាព​ផ្គត់ផ្គង់​អាវុធ​នេះ​។ អ្នកការទូត​រូបនេះ​បាន​បន្តថា ឧស្សាហកម្ម​អាវុធ​របស់​អាម៉េរិក​ ក៏​កំពុង​ជួប​បញ្ហា​ដែរ​។​
 
​ក្រៅពី​បញ្ហា​ទាំងនេះ បញ្ហា​ពី​ការដាក់​ពាក្យ​សុំចូល​ជា​សមាជិក​ណា​តូ​របស់​អ៊ុយ​ក្រែ​ន​ ក៏​នឹងត្រូវ​លើក​ឡើងមក​និយាយ​ផងដែរ​។ ប៉ុន្តែ​រដ្ឋមន្ត្រី​ណា​តូ ​ទំនងជា​គ្រាន់តែ​បញ្ជាក់​ពី​គោលនយោបាយ​បើកចំហ​អង្គការ​ប៉ុណ្ណោះ ខណៈដែល​សមាជិកភាព​របស់​អង្គការ​ណា​តូ​ សម្រាប់​អ៊ុយ​ក្រែ​ន​នៅតែ​ជា​បញ្ហា​ចោទ​៕
 

Tag:
 ណា​តូ​
  អ៊ុយ​ក្រែ​ន​
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com