FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ ហូឡង់ឈ្នះកៅអីវគ្គ ១៦ក្រុមលើកទី១១ ខណៈសេណេហ្កាល់ដណ្តើមបានជ័យជម្នះទៅវគ្គបន្ទាប់លើកទី២
29, Nov 2022 , 11:59 pm        
រូបភាព
ការប្រកួតវគ្គចែកពូលនៃព្រឹត្តិការណ៍ FIFA World Cup 2022 រកឃើញពីក្រុមបន្ថែមទៀតហើយឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយពីជំនួបដ៏ជក់ចិត្តក្នុងពូល A ហូឡង់រក្សាតំណេងកំពូលតារាងមាន ៧ពិន្ទុ ក្រោយឈ្នះម្ចាស់ផ្ទះកាតា ២-០។ ចំណែកសេណេហ្កាល់ឈ្នះកៅអីវគ្គបន្ទាប់ បញ្ចប់ដំណើរឡើងវគ្គ ១៦ក្រុមលើកទីពីររបស់អេក្វាទ័រ ដោយយកឈ្នះក្នុងលទ្ធផល ២-១ យ៉ាងអស្ចារ្យ។

 
គ្រាប់បាល់ជ័យជម្នះហូឡង់លើម្ចាស់ផ្ទះកាតា ធ្វើបានយ៉ាងល្អដោយខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ Cody Gakpo ស៊ុតបញ្ចូលទីនាទី ២៦ ដែលជាការបញ្ជូនដ៏ល្អពីកីឡាករ Davy Klassen ហើយបញ្ចប់វគ្គទីមួយក្រុមពណ៍ទឹកក្រូចហូឡង់នាំមុខលើកាតាមុន ១-០ នៅវគ្គទីមួយ។ គ្រាប់ទីពីរដ៏ល្អធ្វើឱ្យហូឡង់មានភាគរយស្ទើតែ១០០ ភាគរយពេញឡើងវគ្គ ១៦ក្រុម បានកើតឡើងដោយខ្សែបម្រើ Frankie De Jong ស៊ុតបញ្ចូលទីនៅនាទី៤៩ ដើមវគ្គទីពីរបានត្រឹម ៤នាទីតែប៉ុណ្ណោះ ហូឡង់ព្យាយមស្វែកបានគ្រាប់ទីបីបន្ថែមនៅនាទី ៦៨ ដោយកីឡាករ Steven Berghuis ស៊ុតបញ្ចូលទី ប៉ុន្តែបាល់ត្រូវបានបដិសេធវិញក្រោយពិនិត្យប្រព័ន្ធវីដេអូ VAR ឃើញប៉ះដៃ។ 
 
បញ្ចប់ការប្រកួតហូឡង់ឈ្នះម្ចាស់កាតាលទ្ធផល ២-០ ធ្វើឱ្យពួកគេឈ្នះកៅអីវគ្គ ១៦ក្រុមលើកទី ១១ក្នុងប្រវត្តិសាស្រ្តបង្ហាញខ្លួននៅ World Cup ១១លើកជាប់គ្នាតែម្តង។ ហូឡង់ឈរកំពូលតារាងពូល A នឹងត្រូវរង់ចាំអ៊ុតមើលក្រុមដែលឈ្នះកៅអី ក្រោយបញ្ចប់ចំណាត់ថ្នាក់លេខពីរនៅពូល B ដើម្បីប្រកួតគ្នានៅវគ្គ ១៦ក្រុម។
 
ចំណែកសេណេហ្កាល់ដណ្តើមបានក្តីស្រមៃឆ្លងទៅវគ្គ ១៦ក្រុមពីដៃអេក្វាទ័រ ក្រោយយកឈ្នះដោយលទ្ធផល ២-១ ក្នុងការប្រកួតដ៏អស្ចារ្យ។ គ្រាប់បាល់ ២គ្រាប់លើអេក្វាទ័រជាការធ្វើបានដ៏ល្អពីកីឡាករ Ismaila Sarr នៅចុងវគ្គទីមួយដោយសេណេហ្កាល់ចំណេញបាល់ពិន័យ ១១ម៉ែត្រក្រោយការបង្កកំហុសពីខ្សែការពារអេក្វាទ័រនៅនាទី៤៤ គ្រាប់ទីពីរជាការនាំមុខវិញភ្លាម តែតបានយ៉ាងល្អពីខ្សែការពារ Kalidou Koulibaly នៅនាទី៧០ ក្រោយអេក្វាទ័រតាមស្មើនៅនាទី៦៨ ដោយ Moises Caicedo ដែលតែតបញ្ចូលទីដូចគ្នាពីការទាត់បាល់ជ្រុង។
 
ជ័យជម្នះលទ្ធផល ២-១ សេណេហ្កាល់ឡើងដល់វគ្គ ១៦ក្រុមជាលើកទីពីក្នុងប្រវត្តិសាស្ត្រ ពីការបង្ហាញវត្តមាន ៣លើកនៅព្រឹត្តិការណ៍ FIFA World Cup។ សេណេហ្កាល់ឡើងដល់វគ្គ ១៦ក្រុមលើកដំបូងនៅឆ្នាំ ២០០២​ World Cup ប្រទេសកូរ៉េខាងត្បូងនិងជប៉ុន។

ហូឡង់និងសេណេហ្កាល់ជាក្រុមឡើងទៅកាន់វគ្គ ១៦ក្រុមបន្តាប់ពី បារាំង ប្រេស៊ីល និងព័រទុយហ្កាល់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com