FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ ពូល B អង់គ្លេស និងអាម៉េរិកចាប់ដៃគ្នាទៅកាន់វគ្គ ១៦ក្រុមក្រោយឈ្នះរៀងៗខ្លួន
30, Nov 2022 , 4:13 am        
រូបភាព
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងអាម៉េរិក ចាប់ដៃគ្នាបន្តដំណើរទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតាក្រោយឈ្នះការប្រកួតរៀងៗខ្លួន នារាត្រីថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០ ចែវិច្ឆិកា។ អង់គ្លេសយកបានជ័យជម្នះលើវេលស៍ក្នុងលទ្ធផល ៣-០ ចំណែកអាម៉េរិកឈ្នះក្នុងលទ្ធផល ១-០ ធ្វើឱ្យក្តីស្រមៃវគ្គ ១៦ក្រុមលើកដំបូងរបស់អ៊ីរ៉ង់រសាត់ឆ្ងាយ។

 
ទោះវគ្គទីមួយនៃការប្រកួតគ្មានការស៊ុតបញ្ចូលទីគ្នាកើតឡើង តែគ្រាប់បាល់ជ័យជម្នះដែលអង់គ្លេសរកបានលើវេលស៍បានកើតឡើងនៅដើមវគ្គទីពីរពោលចាប់ផ្តើមការប្រកួតបានត្រឹម ៤នាទីប៉ុណ្ណោះ អង់គ្លេសទទួលបានបាល់ពិន័យ Free Kick លើតំបន់គ្រោះថ្នាក់ ខ្សែប្រយុទ្ធ Marcus Rashford ជាអ្នកស៊ុតសម្រេចគ្រាប់ទីមួយត្រឹមនាទី៤៩។ បន្តការប្រកួតមិនដល់ ២នាទីផងនោះគ្រាប់បាល់ទីពីរសម្រាប់អង់គ្លេសបានកើតឡើងភ្លាមៗដោយខ្សែប្រយុទ្ធវ័យក្មេង Phil Foden ត្រឹមនាទី៥២ ក្រោយការបង្កកំហុសពីកីឡាករវេលស៍របូតបាល់នៅមុខទី ចំណែកគ្រាប់ទីបីធ្វើបានដោយ Rashford ដដែលនៅនាទី៦៨។
 
ក្រោយជ័យជម្នះលើវេលស៍ក្នុងលទ្ធផល អង់គ្លេសបន្តដំណើរឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយលើកទី ១២ប្រចាំប្រវត្តិសាស្ត្រខ្លួននៅព្រឹត្តិការណ៍ World Cup ពីការបង្ហាញខ្លួន ១៦លើក។ អង់គ្លេសនឹងត្រូវជួបសេណេហ្កាល់ដែលជាក្រុមលេខពូល A នៅប្រកួតវគ្គបន្ទាប់។
 
ចំណែកអាម៉េរិកយកឈ្នះលើអ៊ីរ៉ង់យ៉ាងលំបាកក្នុងលទ្ធផល ១-០ ដោយគ្រាប់បាល់កើតឡើងនៅវគ្គទីមួយនាទី៣៨ ដោយការរត់សំដៅសំណាញ់ទីស៊ុតបាល់យ៉ាងល្អពីសំណាក់ Christian Pulisic ដែលបាល់នោះបានលើកដោយមិត្តរួមក្រុមរបស់គេ។ យ៉ាងណាមិញការប្រកួតនៅវគ្គទីពីរទាំងអាម៉េរិក និងអ៊ីរ៉ង់មិនមានគ្រាប់បាល់កើតឡើងបន្ថែមឡើយក្រោយតែពេលលទ្ធផល ១-០ រួចមករហូតដល់ចប់កាប្រកួត។
 
សម្រាប់អាម៉េរិក ក្រោយឈ្នះការប្រកួតលើក្រុមអ៊ីរ៉ង់ ដែលជាការបញ្ចប់ក្តីស្រមៃវគ្គ ១៦ក្រុមលើកដំបូងរបស់ក្រុមខ្លាំងមកពីទ្វីបអាស៊ី អាម៉េរិកបង្ហាញខ្លួននៅ World Cup ១១លើក ការប្រកួតនៅកាតាក្លាយជាលើកទី ៦សម្រាប់ពួកគេដែលឈានជើងឡើងដល់វគ្គ ១៦ក្រុម។ អាម៉េរិកនឹងត្រូវជួបហូឡង់ជាក្រុមលេខ១ ពូល A នៅការប្រកួតវគ្គបន្ទាប់៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com