អន្តរជាតិ
អង់គ្លេសកោះហៅប្រេសិតចិនបន្ទាប់ពីការចាប់ខ្លួនអ្នកសារព័ត៌មាន BBC ដែលយកព័ត៌មានការតវ៉ា 
ប៉ូលិសចិននៅទីក្រុងសៀងហៃ ចាប់ឃាត់ខ្លួនអ្នកតវ៉ាម្នាក់។ រូបថត AFP
×![]()
ចក្រភពអង់គ្លេស នៅថ្ងៃទី២៩ ខែវិច្ឆិកា បានកោះហៅអគ្គរដ្ឋទូតចិនប្រចាំទីក្រុងឡុងដ៍ទៅជជែកបន្ទាប់ពីការចាប់ខ្លួនអ្នកកាសែត BBC ដែលយកព័ត៌មានពីបញ្ហាតវ៉ាប្រឆាំងគោលនយោបាយគ្មានជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលចិន។
អ្នករាយការណ៍របស់ BBC លោក Ed Lawrence ត្រូវបានប៉ូលិសចាប់ខ្លួននៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ខណៈកំពុងថតយករូបភាពនៃការតវ៉ាប្រឆាំងនឹងវិធានការរឹតបន្តឹងជំងឺកូវីដ-១៩ នៅទីក្រុងសៀងហៃដែលជារឿងមួយដែលកំពុងក្ដៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ BBC បាននិយាយថា លោក Lawrence ត្រូវបានវាយដំដោយប៉ូលិសមុនពេលត្រូវបានដោះលែងជាច្រើនម៉ោងក្រោយមក។
តបទង្វើនេះ អគ្គរដ្ឋទូតចិនលោក Zheng Zeguang ត្រូវបានកោះហៅទៅកាន់ក្រសួងការបរទេសអង់គ្លេស។ ឯរដ្ឋមន្ត្រីការបរទេសលោក James Cleverly បានហៅសកម្មភាពបែបនេះ ជារឿងគួរឲ្យព្រួយបារម្ភខ្លាំង។
«វាមានសារសំខាន់ខ្លាំងណាស់ដែលយើងការពារសេរីភាពប្រព័ន្ធផ្សព្វផ្សាយ។ Cleverly ប្រាប់អ្នកយកព័ត៌មាននៅឯកិច្ចប្រជុំរបស់សម្ព័ន្ធយោធាណាតូនៅរូម៉ានី ដោយបញ្ជាក់ថា លោក Zheng ពិតជាត្រូវបានកោះហៅមែន។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសបាននិយាយថាការការពារសិទ្ធិអ្នកសារព័ត៌មានគឺចាំបាច់សម្រាប់ចក្រភពអង់គ្លេស ហើយវាមានសារសំខាន់ខ្លាំងដែលអ្នកសារព័ត៌មានអាចធ្វើការងាររបស់ពួកគេដោយមិនមានការរំខាន និងដោយគ្មានការភ័យខ្លាចចំពោះការវាយប្រហារណាមួយផងដែរ។
ចំពោះបញ្ហាចាប់ខ្លួនអ្នកកាសែតអង់គ្លេសខាងលើ និងការតវ៉ារបស់ប្រជាជនចិន អ្នកនាំពាក្យស្ថានទូតចិនប្រចាំក្រុងឡុងដ៍ម្នាក់តបថា ភាគីអង់គ្លេសមិនមានតួនាទីក្នុងការវិនិច្ឆ័យលើគោលនយោបាយឆ្លើយតបនឹងជំងឺកូវីដ-១៩ ឬបញ្ហាផ្ទៃក្នុងផ្សេងៗទៀតនោះឡើយ។
នៅក្នុងការថ្លែងសុន្ទរកថានៅថ្ងៃទី២៨ ខែកញ្ញា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak អះអាងថា យុគសម័យមាសនៃទំនាក់ទំនងរវាងអង់គ្លេសនិងចិនត្រូវបញ្ចប់ហើយ ព្រោះបញ្ហាប្រឈមជាប្រព័ន្ធរបស់ទីក្រុងប៉េកាំងកំពុងកើនឡើងខ្លាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com