FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អង់គ្លេសជួបសេណេហ្កាល់ ឯហូឡង់ប៉ះអា​ម៉េរិក វគ្គ១/៨ផ្តាច់ព្រ័ត្រ
30, Nov 2022 , 10:01 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស ត្រូវបន្តជួបសេណេហ្កាល់ ឯហូឡង់តទល់អាម៉េរិកវនៅវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ FIFA World Cup ឆ្នាំ២០២២។ អង់គ្លេស សេណេហ្កាល់ ហូឡង់ និងអាម៉េរិក ស្ថិតក្នុងចំណោមក្រុមទាំង៧ ដែលទទួលបានកៅអីឡើងទៅវគ្គខ្វែង​ ក្រោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ និងលេខ២តាមពូលរៀងខ្លួន។


អង់គ្លេសបញ្ចប់យុទ្ធនាការវគ្គសន្សំពិន្ទុ ដោយឈរកំពូលតារាងពូល B ខណៈអាម៉េរិកលេខ២។ ៣ប្រកួតរបស់ក្រុមតោកំណាច មិនស្គាល់ពាក្យចាញ់ឡើយ ដោយឈ្នះ២ និងស្មើ១មាន៧ពិន្ទុ។ អាម៉េរិក ក៏រក្សាភាពមិនចាញ់ដូចគ្នា ក្នុងនោះឈ្នះ១ និងស្មើ២ មាន៥ពិន្ទុ។
 
ដោយឡែកពូល A វិញ ហូឡង់បានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាង ដោយរកបាន៧ពិន្ទុ ក្រោយឆ្លងកាត់៣ប្រកួតឈ្នះ២ និងស្មើ១។ សេណេហ្កាល់ បញ្ចប់នៅលេខរៀងទី២ មាន៦ពិន្ទុ ក្រោយប្រកួតឈ្នះ២ និងចាញ់មួយ។
 
ដោយសារកម្មវិធីប្រកួតកីឡាបាល់ទាត់ពិភពលោកតម្រូវឱ្យក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងតាមពូលនីមួយត្រូជួបក្រុមលេខ២នៃពូលផ្សេង ដូច្នេះអង់គ្លេសត្រូវបន្តប៉ះសេណេហ្កាល់ ឯហូឡង់ ជួបអាម៉េរិកដោយស្វ័យប្រវត្តិនៅវគ្គ១/៨ផ្តាច់ព្រ័ត្រ។
 
ក្រៅពីអង់គ្លេស សេណេហ្កាល់ និងអាម៉េរិក និងហូឡង់ ក្រុម៣ផ្សេងទៀត រួមមានបារាំង ប្រេស៊ីល និងព័រទុយហ្កាល់ សុទ្ធតែបានកៅអីរៀងខ្លួនទៅកាន់វគ្គ១៦ក្រុម តាំងពីបញ្ចប់ជំនួបលើកទី២តាមពូលម្លេះ។
 
ក្រុមចំនួន៥ដែលអស់ការប្រកួតត្រឹមវគ្គចែកពូលក្នុងព្រឹត្តិការណ៍ World Cup នៅកាតានេះ រួមមានម្ចាស់ផ្ទះកាតា កាណាដា អ៊ីរ៉ង់ វេលស៍ និងអេក្វាទ័រ។
ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ នឹងធ្វើឡើងចាប់ពីថ្ងៃទី៣ ខែធ្នូ ដោយក្រុមត្រូវប៉ះគ្នាដំបូងគេរវាងហូឡង់ ទល់អាម៉េរិក៕
 
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com