ជាតិ
កម្មវិធី«សិល្បៈខ្មែរពីតំបន់អង្គរ»នឹងចាប់ផ្តើមនៅថ្ងៃទី១២ខែធ្នូឆ្នាំ២០២២
30, Nov 2022 , 10:29 am        
រូបភាព
សៀមរាប៖ សារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com), Cambodianess.com និងមជ្ឈមណ្ឌលសិល្បៈ Blue Art Center នៅទីក្រុងសៀមរាប នឹងរៀបចំវេទិកាពិភាក្សាលើកដំបូងសម្រាប់កម្មវិធី«សិល្បៈខ្មែរពីតំបន់អង្គរ»។

 
តើអ្វីទៅជាកម្មវិធី«សិល្បៈខ្មែរពីតំបន់អង្គរ»? នេះ គឺជាកម្មវិធីថ្មីមួយដែលទើបបង្កើតឡើងរួមគ្នារវាងសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com), Cambodianess.com និងមជ្ឈមណ្ឌលសិល្បៈ Blue Art Center នៅទីក្រុងសៀមរាប ខេត្តសៀមរាប។ កម្មវិធីនេះ មានទម្រង់ជាកិច្ចពិភាក្សា ឬជាវេទិកាពិភាក្សារវាងអ្នកជំនាញវប្បធម៌ សិល្បៈ ប្រវត្តិសាស្រ្ត សេដ្ឋកិច្ច។ល។ 
 
គោលបំណងនៃកម្មវិធី គឺធ្វើយ៉ាងណាឲ្យវប្បធម៌ សិល្បៈ ប្រវត្តិសាស្រ្តខ្មែរនៅតំបន់អង្គរត្រូវបានចងក្រង និងផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់មហាជនខ្មែរ និងទៅកាន់ជនបរទេស។ កម្មវិធីនេះ គឺជាផ្នែកមួយជួយជំរុញវិស័យទេសចរណ៍វប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្រ្តនៅរមណីយដ្ឋានអង្គរ។ 
 
តំបន់អង្គរដែលជាឧទ្យាន្តល្អឯកលើលោកមានប្រវត្តិ​ប្រពៃណី វប្បធម៌ អរិយធម៌ និងប្រវត្តិ​សាស្រ្ត​សម្បូរបែបរាប់មិនអស់។ កិច្ចពិភាក្សារវាងអ្នកជំនាញ និងការចងក្រងព័ត៌មាន និង​ទិន្នន័យផ្សេងៗ​ទុកជាឯកសារពិតជាមានសារសំខាន់សម្រាប់មនុស្សជំនាន់ក្រោយ។ លោក គី សុខលីម តំណាងសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com) និងលោក ស្វាយ សារ៉េត ស្ថាបនិកនៃមជ្ឈមណ្ឌល​សិល្បៈ Blue Art Center នៅទីក្រុងសៀមរាប បានអត្ថាធិប្បាយរួមគ្នាថា កម្មវិធីនេះ ម្យ៉ាងនឹងចូលរួមចំណែកថែរក្សា លើកកម្ពស់វប្បធម៌​​ សិល្បៈបុរាណ-សិល្បៈសហសម័យ និងប្រវត្តិសាស្រ្តខ្មែរនៅតំបន់អង្គរ និងម្យ៉ាងទៀត កម្មវិធីនេះនឹងចូលរួមជំរុញវិស័យទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា​និយាយជារួម និងទេសចរណ៍តំបន់អង្គរនិយាយដោយឡែក។ 
 
វេទិកាលើកដំបូងនេះ នឹងធ្វើឡើងនៅថ្ងៃទី​១២ខែធ្នូឆ្នាំ​២០២២វេលាម៉ោង​២ និង​៣០នាទីរសៀល​នៅសាលាសិល្បៈសហសម័យ Blue Art Center នៅក្នុងខេត្តសៀមរាប។
 
ប្រធានបទនៃវេទិកាលើកទី១នឹងផ្តោតលើ​«តើវប្បធម៌តំបន់អង្គរមានកំណើតតាំងពីពេលណា និងមានសារប្រយោជន៍យ៉ាងដូចម្តេចចំពោះសេដ្ឋកិច្ចជាតិ»? នរវិទូ អាំង ជូលាង និងលោក ហូ វណ្ឌី អតីតប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា គឺជាវាគ្មិននៅក្នុងវេទិកាខាងលើ។ លោក គី សុខលីម អ្នកសារព័ត៌មាននៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com) គឺជាអ្នកសម្របសម្រួលវេទិកាពិភាក្សា៕ 
 
ទំនងទំនងចូលរួមស្តាប់ និងទស្សនាកិច្ចពិភាក្សា៖ អ្នកស្រី ងួន សុវណ្ណមាលា​៖ ០១២ ៧០៥ ៣០៣ 
ទីតាំង៖ Blue Art Center ក្រុងសៀមរាប (ផែនទី៖ Krovat Krong Siem Reap, Cambodia 17256) 
ចូលទស្សនាដោយមិនគិតថ្លៃ តែចំនួនមានកំណត់។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com