អន្តរជាតិ
របាយការណ៍ UN ស្នើចុះថ្មប៉ប្រះទឹក Great Barrier Reef ក្នុងបញ្ជីបេតិកភណ្ឌរងគ្រោះថ្នាក់
30, Nov 2022 , 2:29 pm        
រូបភាព
ថ្មប៉ប្រះទឹក Great Barrier Reef របស់អូស្ត្រាលី គួរតែចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែលមានគ្រោះថ្នាក់ ដោយសារវាត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅនៅមហាសមុទ្រ។ នេះបើតាមរបាយការណ៍អង្គការសហប្រជាជាតិ (UN) ចេញនៅថ្ងៃទី២៨ ខែវិច្ឆិកា។ យ៉ាងណាមិញ រដ្ឋាភិបាលក្រុងកង់បេរ៉ាបានបដិសេធការចុះបញ្ជីនេះ។



ព្រឹត្តិការណ៍រលកកម្ដៅជាញឹកញាប់បានគំរាមកំហែងដល់ប្រព័ន្ធជីវចម្រុះក្នុងតំបន់ថ្មប៉ប្រះទឹក Great Barrier Reef របស់អូស្ត្រាលី។ តំបន់ផ្កាថ្មប៉ប្រះទឹក Great Barrier Reef របស់អូស្ត្រាលីមានទំហំធំជាងគេក្នុងពិភពលោក ហើយបានរងគ្រោះនៅពេលទឹកឡើងកម្ដៅខ្លាំង ដែលបង្កឱ្យផ្កាថ្មប្រែទៅជាពណ៌សនិងប្រឈមការផុតពូជ។ ផ្កាថ្ម​ប៉ប្រះទឹកអាចនៅរស់ក្រោយរងគ្រោះដោយកម្ដៅ ប៉ុន្តែវាមិនអាចលូតលាស់បន្ត និងមិនអាចបន្តពូជ។
 
ហេតុនេះ ក្រុមអ្នកវិទ្យសាស្ត្រនៃអង្គការអប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) នៅថ្ងៃទី២៨ ខែវិច្ឆិកា បានចេញរបាយការណ៍ណែនាំថា ថ្មប៉ប្រះទឹក Great Barrier Reef របស់អូស្ត្រាលីគួរតែដាក់ចូលក្នុងបញ្ជីរបេតិកភណ្ឌពិភពលោកដែលប្រឈមគ្រោះថ្នាក់ ហើយត្រូវការការជួយសង្គ្រោះបន្ទាន់ជាចាំបាច់។
 
«ក្រុមបេសកកម្មសន្និដ្ឋានថា ទ្រព្យសម្បត្តិ [ថ្មប៉ប្រះទឹក Great Barrier Reef] ត្រូវប្រឈមមុខនឹងការគំរាមធំៗដែលអាចផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើលក្ខណៈដើមពីធម្មជាតិរបស់វា ដូច្នេះត្រូវតែបំពេញតាមលក្ខខណ្ឌវិនិច្ឆ័យដើម្បីចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែលមានគ្រោះថ្នាក់»។ របាយការណ៍ដដែលបានលើកឡើងបែបនេះ រួចព្រមានថា ទោះបីជាពិភពលោកខិតខំប្រឹងប្រែងដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនាពេលថ្មីៗនេះ ជាពិសេសខំស្រាវជ្រាវលើការស្ដារផ្កាថ្មឡើងវិញក៏ដោយ ក៏ផ្កាថ្មប៉ប្រះទឹកត្រូវការការជួយសង្គ្រោះជាបន្ទាន់ និងចាំបាច់បំផុត។ 
 
ក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃទី២៩ ខែវិច្ឆិកា រដ្ឋមន្ត្រីបរិស្ថានអូស្ត្រាលី លោកស្រី Tanya Plibersek បានទទួលស្គាល់ថាថ្មប៉ប្រះទឹកនេះស្ថិតនៅក្រោមការគំរាមកំហែង ប៉ុន្តែការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែលមានគ្រោះថ្នាក់ របស់អង្គការយូណេស្កូ (UNESCO) ជាជំហានឆ្ងាយខ្លាំងពេកសម្រាប់ទីក្រុងកង់បេរ៉ា ហើយការប្រែប្រួលអាកាសធាតុគំរាមកំហែងថ្មប៉ប្រះទឹកទូទាំងពិភពលោក មិនមែនតែនៅអូស្ត្រាលីទេ។
 
រដ្ឋាភិបាល​អូស្ត្រាលី​បច្ចុប្បន្នប្រឆាំងនឹងការចុះបញ្ជីថ្មប៉ប្រះទឹក Great Barrier Reef ជាបេតិកភណ្ឌមានគ្រោះថ្នាក់ តែបានសន្យា​ចំណាយ​ថវិកា ៨០០លាន​ដុល្លារដើម្បី​ការពារ​តំបន់​ថ្មប៉ប្រះទឹក។ កាលពីខែកញ្ញា សភាអូស្ត្រាលីក៏បានអនុម័តច្បាប់ដើម្បីសម្រេចគោលដៅបំភាយឧស្ម័នកម្រិតសូត្យឱ្យបាននៅឆ្នាំ២០៥០​។
 
ក្នុងឆ្នាំ២០២១ UNESCO ធ្លាប់ពិចារណាចុះបញ្ជីថ្មប៉ប្រះទឹក Great Barrier Reef ចូលក្នុងបេតិកភណ្ឌមានគ្រោះថ្នាក់ដែរ ប៉ុន្តែវាត្រូវបានអាក់ខាន បន្ទាប់ពីរដ្ឋាភិបាលក្រុងកង់បេរ៉ាប្រឆាំង។ សមាគមអភិរក្សសមុទ្រអូស្ត្រាលីបានអះអាងថា ថ្មប៉ប្រះទឹក Great Barrier Reef បានផ្ដល់ការងារ ៦ម៉ឺនកន្លែងសម្រាប់ប្រជាជន និងរួមចំណែកបង្កើតប្រាក់ចំណូលជាង ៤ពាន់លានដុល្លារជារៀងរាល់ឆ្នាំតាមរយៈការទាក់ទាញភ្ញៀវទេសចរ៕ 
 

Tag:
 UN
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com