កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ពិធីបិទកីឡាជាតិលើកទី៣ នឹងមានពិធីដង្ហែក្បួនអបអរ «គុនល្បុក្កតោ»
30, Nov 2022 , 2:59 pm        
រូបភាព
ដោយ:
ពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ នឹងមានប្រារព្ធពិធីដង្ហែរក្បួនអបអរសាទរ«គុនល្បុក្កតោ» ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកសម្បត្តិវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា នៅទីក្រុងបារ៉ាត ប្រទេសម៉ារ៉ុក។ ពិធីបិទនឹងធ្វើនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នាពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោង៦ល្ងាចតទៅ។
 
បន្ទាប់ពីការប្រកាសរបស់អង្គការយូណេស្កូ នៃការដាក់បញ្ចូលគុនល្បុក្កតោទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សម្បត្តិវប្បធម៌អរូបី នៃមនុស្សជាតិ ជាពេលវេលាដ៏មានតម្លៃក្នុងថ្ងៃបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ ក្រោមវត្តមានសម្តេច ហ៊ុន សែន។ នាយករដ្ឋមន្ត្រីកម្ពុជា នឹងចូលរួមអុជកាំជ្រួច ដើម្បីចូលរួមអបអរសាទរ«គុនល្បុក្កតោ» ដែលចុះបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ ផងដេរ។
 
ជាមួយគ្នានោះដែរក៏មានការសម្តែងបទចម្រៀង«មហាគ្រួសារកីឡា» ការដង្ហែក្បួនព្យុះហយាត្រា ប្រភេទកីឡានីមួយៗ ការសម្តែងឧបករណ៍តន្ត្រីបុរាណខ្មែរ«សំឡេងព្រលឹងតន្ត្រីបុរាណខ្មែរ»។ លើសពីនេះ ក៏មានការចូលរួមសម្តែងពីសំណាក់តារារ៉េប លោក ងួន ចាន់ដេវីត ច្រៀងបទ«ល្ខោនខោលសន្តិភាព» ក៏ដូចជាលោក ម៉ាន់ វណ្ណដា ច្រៀងបទ «Time to rise» និងអ្នកនាងឱក សុគន្ធកញ្ញា ច្រៀងបទ«រស់ជាខ្លួនឯង-Be your self» និងចុងក្រោយប្រារព្ធពិធីពន្លត់ភ្លើងគប់ អុជកាំជ្រួច និងការរាំក្បាច់អន្តរជាតិដោយសហព័ន្ធកីឡារាំកម្ពុជា។
 
គួររំឮកថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ មានកីឡាចំនួន៣៨ប្រភេទ និងកីឡាប៉ារ៉ាឡាំពិក៧ ចូលរួមប្រកួតប្រជែង ដោយបើកការប្រកួតផ្លូវការចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ កាលពិធីបើក ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនជាតិជនពិការលើកទី១ ក្រោមវត្តមានសម្តេច ហ៊ុន សែន និងមានអ្នកចូលរួមជិត៦ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕
 

Tag:
 កីឡាគុនល្បុក្កតោ
 កីឡាជាតិលើកទី៣
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com