ព្រឹទ្ធាចារ្យ អ៊ិត ប៉ែន គឺជាគ្រូគុនល្បុក្កតោ មួយរូបក្នុងចំណោម១២រូប ដែលបានសរសេរលិខិតបញ្ជាក់អំពីគុណតម្លៃនៃក្បាច់គុនល្បុក្កតោ ដើម្បីស្នើសុំឲ្យមានការចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
ការព្យាយាមបានសម្រេចហើយ កាលពីថ្ងៃយប់ថ្ងៃទី២៩ ខែវិច្ឆិកា នាកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីលើកទី១៧ នៅក្រុង Rabat ប្រទេសម៉ារ៉ុក។ ប៉ុន្តែគួរឲ្យសោកស្តាយ គ្រូគុនល្បុក្កតោនៅខេត្តកំពតរូបនេះ មិនមានឱកាសអបអរចំពោះកិច្ចប្រឹងប្រែងរបស់ខ្លួនឡើយ ដោយព្រឹទ្ធាចារ្យ បានទទួលមរណភាពទៅហើយ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ពោលគឺរយៈពេល២សប្តាហ៍ត្រឹម មុនការចុះបញ្ជី។

ទោះដល់នាទីចុងក្រោយនៃជីវិតក្នុងវ័យ៨៤ឆ្នាំ ព្រឹទ្ធាចារ្យ អ៊ិត ប៉ែន បានពលីពេលវេលាយ៉ាងច្រើនក្នុងជីវិតដើម្បីរក្សាក្បាច់គុនដ៏ចំណាស់របស់ខ្មែរ។ រស់នៅភូមិមានរិទ្ធ ឃុំកណ្តោល ស្រុកទឹកឈូរ ខេត្តកំពត លោកតា អ៊ិត ប៉ែន បានបណ្តុះបណ្តាលសិស្សគុនដល់បីជំនាន់ ហើយបច្ចុប្បន្ន លោក សេន សំអាត ដែលជាចៅកំពុងបន្តកេរដំណែលនៅសាលាគុនមានរិទ្ធិកីឡា។
តាមលិខិតចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ដែលត្រូវបានកម្កល់នៅគណៈកម្មាធិការបេតិកភណ្ឌ លោកគ្រូព្រឹទ្ធាចារ្យ អ៊ិត ប៉ែន បានបញ្ជាក់ថា លោកបានចេះគុនល្បុក្កតោ តៗពីឪពុក និងរៀនសូត្រពីគ្រូៗតាមភូមិផ្សេងៗទៀត និងធ្លាប់ជាគ្រូបង្ហាត់គុននៅភូមិមានរិទ្ធ ដោយផ្ទាល់។

«ថ្វីត្បិតតែសព្វថ្ងៃ ខ្ញុំមានវ័យជរា ខ្ញុំនៅតែមានចិត្តជួយតម្រែតម្រង់ដល់សិស្សដែលបានមកហាត់យ៉ាងពេញចិត្តជាមួយចៅរបស់ខ្ញុំឈ្មោះ សេន សំអាត តាមកម្លាំងពលំដែលខ្ញុំមាន»។ លោកតា បានសរសេរយ៉ាងដូច្នេះ ដោយបង្ហាញពីសេចក្តីត្រេកអរចំពោះការព្យាយាមរបស់រដ្ឋាភិបាល លើការស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
ព្រឹទ្ធាចារ្យ អ៊ិត ប៉ែន បានបង្ហាញពីក្តីរំពឹងរបស់ខ្លួនថា ការដាក់បញ្ចូលគុនល្បុក្កតោក្នុងបញ្ជីបេតិកភណ្ឌ នឹងជួយធ្វើឲ្យគុនល្បុក្កតោល្បីល្បាញក្នុងពិភពលោក។ «ជាចុងបញ្ចប់ ខ្ញុំនៅតែមានគោលការណ៍ និងស្រឡាញ់ជួយផ្តល់ដំបូន្មានដល់កូនចៅជំនាន់ក្រោយ និងលើកទឹកចិត្តឲ្យជួយអភិរក្សគុនល្បុក្កតោខ្លាំងក្លាថែមទៀតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ»។ ជាខ្លឹមសារដ៏មានន័យ ប៉ុន្តែសំណេរបានបាត់ម្ចាស់របស់ខ្លួនទៅហើយ។

លោក សេន សំអាត អាយុ៤០ឆ្នាំ ក៏ជាអ្នកសរសេរលិខិតបញ្ជាក់មួយរូបសម្រាប់ការស្នើចុះបញ្ជីផងដែរ។ ក្នុងលិខិតនោះ គ្រូបង្ហាត់គុនល្បុក្កតោរូបនេះ ដែលបន្តវេនពីជីតា បានសន្យាខិតខំអស់ពីលទ្ធភាព និងសមត្ថភាពដែលបានចេះចាំក្នុងការផ្ទេរចំណេះដឹងឲ្យកូនចៅជំនាន់ក្រោយដើម្បីអភិរក្ស អភិវឌ្ឍន៍ ពង្រឹង ពង្រីកគុនល្បុក្កតោឲ្យគង់វង្សស្ថិតស្ថេរជាអមតៈ។
ក្នុងសារចូលរួមរំលែកទុក្ខចំពោះមរណភាពព្រឹទ្ធាចារ្យ អ៊ិត ប៉ែន លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកមរណភាពលោក អ៊ិត ប៉ែន ជាការបាត់បង់នូវគ្រូគុនល្បុក្កតោមួយរូបដ៏អស្ចារ្យ ដែលលោករមែងលះបង់ពេលវេលាក្នុងការបង្ហាត់បង្ហាញដល់សិស្សគុនរហូតដល់បានបីជំនាន់។

នាពិធីបូជាសព ក៏មានការសម្តែងគុនល្បុក្កតោ ពីសំណាក់សិស្ស ដើម្បីឧទ្ទិសដល់ព្រឹទ្ធាចារ្យ អ៊ិត ប៉ែន ផងដែរ។ នេះបើតាមការបង្ហោះទាំងរូបភាព និងវីដេអូនៅលើគណនីហ្វេសប៊ុកលោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
តាមឯកសារដែលបង្ហោះនៅគេហទំព័រគណៈកម្មាធិការបេតិកភណ្ឌយូណេស្កូ ព្រឹទ្ធាចារ្យ និងគ្រូគុនល្បុក្កតោ ចំនួន១២រូប បានសរសេរលិខិតបញ្ជាក់ស្នើសុំការចុះបញ្ជី។ ក្រៅពីព្រឹទ្ធាចារ្យ អ៊ិត ប៉ែន និងលោក សេន សំអាត មាន លោកគ្រូតាព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ប្រធានបណ្ឌិសភាគុនល្បុក្កតោកម្ពុជា, គ្រូគុន រស់ សេរី នៃសមាគមគុនល្បុក្កតោអង្គរមានឫទ្ធិខេត្តសៀមរាប, គ្រូគុន សួង ណេង នៃក្លិបនគរកោះគោកធ្លក ខេត្តតាកែវ, គ្រូគុន ប៉ុញ កើន នៃសាលាគុនល្បុក្កតោគោកធ្លក, លោកគ្រូ វឹង សុផល ដែលបង្ហាត់គុននៅក្រុងដូនកែវ ខេត្តតាកែវ, គ្រូគុន អំ យុំ, ព្រឹទ្ធាចារ្យ កែ សំអុន នៃសមាគមគុនល្បុក្កតោ តាដំបងដែក ខេត្តកំពង់ឆ្នាំង, លោក ជាង គឹមឈាវ គ្រូបង្វឹកនៅសាលាគុនខេត្តកំពង់ធំ, អ្នកគ្រូគុន ជេត អាយ នៅស្រុកកោះអណ្តែត ខេត្តតាកែវ និងគ្រូគុនដំបងវែង កៅ កប នៅស្រុកកោះអណ្តែត ខេត្តតាកែវ៕
