អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី ម៉ូរីសុន ត្រូវសភាថ្កោលទោសជុំវិញការកាន់តំណែងរដ្ឋមន្រ្តីជាសម្ងាត់
30, Nov 2022 , 4:29 pm        
រូបភាព
ដោយ:
អតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី ស្កុត ម៉ូរីសុន នៅថ្ងៃទី៣០ ខែវិច្ឆិកាត្រូវបានរដ្ឋសភាអូស្រ្តាលីបោះឆ្នោតរិះគន់ជុំវិញការកាន់តំណែងរដ្ឋមន្រ្តីដោយសម្ងាត់ជាច្រើនអំឡុងពេលដឹកនាំប្រទេស។ ទោះមិនចាំបាច់ត្រូវលាលែងពីតំណែង យ៉ាងហោចណាស់សមាជិកសភាក៏បានបង្ហាញពីការមិនពេញចិត្តចំពោះទង្វើលោក ម៉ូរីសុន ដែលធ្វើឱ្យបាត់បង់ការជឿទុកចិត្តលើរដ្ឋាភិបាល។

 
ជាមួយការបោះឆ្នោតគាំទ្រ៨៦សំឡេងទល់នឹងប្រឆាំង៥០សំឡេងនៅសភាជាន់ទាបអូស្រ្តាលី សំណើថ្កោលទោសអតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី ស្កុត ម៉ូរីសុន ត្រូវបានអនុម័ត។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តហើយដែលអតីតនាយករដ្ឋមន្រ្តីត្រូវបានសភាបោះឆ្នោតរិះគន់បែបនេះ។
 
លោក ម៉ូរីសុន ដែលចាញ់ការបោះឆ្នោតកាលពីខែឧសភាត្រូវបានរាយការណ៍នៅខែសីហា ថាបានកាន់មុខតំណែងរដ្ឋមន្រ្តីជាសម្ងាត់ដល់ទៅប្រាំ អំឡុងជំងឺរាតត្បាតកូវីដ-១៩នៅចន្លោះឆ្នាំ២០២០ និង២០២១ ដោយរួមមានរដ្ឋមន្រ្តីសុខាភិបាល ហិរញ្ញវត្ថុ រតនាគារ ធនធាន និងមហាផ្ទៃ។ 
«ការពិតគឺថា ប្រជាធិបតេយ្យរបស់យើងមានតម្លៃ»។ នាយករដ្ឋមន្រ្តីអូស្រ្តាលីដែលមកពីបក្សពលករ លោក អាន់ថូនី អាល់បានីស ថ្លែងបែបនេះអំឡុងការជជែកដេញដោលនៅសភាដើម្បីបង្ហាញពីការមិនពេញចិត្តនឹងលោក ម៉ូរីសុន។ 
 
កន្លងមក លោក ម៉ូរីសុន និយាយការពារថា​ ការកាន់តំណែងរដ្ឋមន្រ្តីជាសម្ងាត់របស់លោកគឺស្របច្បាប់ ហើយការសម្រេចនេះពិតជាចាំបាច់ក្នុងករណីដែលរដ្ឋមន្រ្តីទាំងនោះអសមត្ថភាពអំឡុងជំងឺរាតត្បាតជាសកល។
 
មុនការបោះឆ្នោត អតីតនាយករដ្ឋមន្រ្តីរូបនេះក៏បានទទូចឱ្យអ្នកដែលចង់បោះឆ្នោតរិះគន់សកម្មភាពលោកគិតឡើងវិញផងដែរ។ ដោយមិនសុំទោស លោកបន្ថែមថាការបោះឆ្នោតថ្កោលទោសនេះជាការសងសឹក និងញុះញង់ផ្នែកនយោបាយ។
 
«សម្រាប់អ្នកដែលចង់បញ្ចេញការរិះគន់លើសកម្មភាពរបស់ខ្ញុំនៅថ្ងៃនេះ ខ្ញុំគ្រាន់តែស្នើឱ្យពួកគេឈប់ ហើយពិចារណាថាតើអ្នកធ្លាប់ដោះស្រាយវិបត្តិដែលអនាគតមើលមិនឃើញទាំងស្រុង?» លោក ម៉ូរីសុន លើកឡើងបែបនេះនៅសភា។
 
យ៉ាងណាមិញ លោក ម៉ូរីសុន ដែលបច្ចុប្បន្នជាសមាជិករដ្ឋសភាតំណាងរដ្ឋ New South Wales បានទទួលយកអនុសាសន៍ប្រាំចំណុចដែលដាក់ចេញដោយអតីតចៅក្រមតុលាការជាន់ខ្ពស់អូស្រ្តាលី លោកស្រី Virginia Bell កាលពីសប្តាហ៍មុន នោះរួមមានបង្កើតច្បាប់ដែលទាមទារឱ្យមានការផ្តល់ដំណឹងដល់សាធារណជនពីការតែងតាំងរដ្ឋមន្រ្តីណាមួយ៕
 
 
 
 
 
 
 
 
 
 

Tag:
 អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com