ជាតិ
អត្ថបទពាណិជ្ជកម្ម
បិទបញ្ចប់គម្រោងគាំទ្រដោយសហភាពអឺរ៉ុប ដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) 
×![]()
កម្មវិធីបិទបញ្ចប់គម្រោងគាំទ្រដោយសហភាពអឺរ៉ុបដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ កម្ពុជា (អ.វ.ត.ក) និងការលើកកម្ពស់ការយល់ដឹង និងការអប់រំអំពីប្រវត្តិសាស្រ្ត ខ្មែរក្រហមក្រោមប្រធានបទ៖ “រៀនសូត្រពីអតីតកាល ដើម្បីកសាងអនាគត” នឹងត្រូវប្រារព្ធនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។
ចាប់តាំងពីឆ្នាំ ២០១០ គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា (EU) បានផ្ដល់វិភាគទានដល់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) តាមរយៈការិយាល័យអង្គការសហប្រជាជាតិសម្រាប់ សេវាគម្រោង(UNOPS)ប្រចាំកម្ពុជា ។ សហភាពអឺរ៉ុប ជាអ្នករួមចំណែកដ៏សំខាន់មួយដល់ អ.វ.ត.ក ដោយបានចូលរួមវិភាគទានសរុបស្មើនឹង ១០ ភាគរយនៃការចំណាយទាំងអស់របស់ អ.វ.ត.ក។

នាខែកក្កដា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២២ ទឹកប្រាក់សរុបចំនួន ៥ លានអឺរ៉ូ ត្រូវបានចំណាយ ទៅលើប្រាក់បៀវត្សន៍សម្រាប់បុគ្គលិកជាតិ និងអន្តរជាតិនៃ អ.វ.ត.ក និងសកម្មភាពរបស់អង្គការ សង្គមស៊ីវិល រួមមាន អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា និងអង្គការក្តីករុណា ក្រោមកិច្ចសហការជាមួយ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីលើកកម្ពស់ការយល់ដឹង និងការអប់រំអំពីប្រវត្តិសាស្រ្ត ខ្មែរក្រហមដល់យុវជនជាសិស្ស និស្សិត គ្រូបង្រៀន និងអ្នករស់រានមានជីវីតពីរបបខ្មែរក្រហម។
សកម្មភាពសំខាន់ៗនៃកម្មវិធីការលើកកម្ពស់ការយល់ដឹង និងការអប់រំអំពីខ្មែរក្រហម រួមមាន សកម្មភាពផ្សព្វផ្សាយ ការងារចងចាំ កិច្ចសន្ទនាអន្តរជំនាន់ ការប្រមូលប្រវត្តិសាស្ត្រផ្ទាល់មាត់ និង វេទិកាសិក្សាតាមប្រព័ន្ធអនឡាញ ដោយមានក្រុមអ្នកទទួលផលសរុបចំនួន ២,០០០ នាក់ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សិស្ស និស្សិត និងគ្រូបង្រៀននៅក្នុងរាជធានី ខេត្តចំនួនប្រាំបី ក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនៃការបិទបញ្ចប់់គម្រោងនេះ លោកស្រី Sharon LEWIS នាយិកាស្ដីទីបានលើកឡើងថា៖«យើងជឿជាក់ថាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងបានធ្វើឱ្យមានផលជះ និងការផ្លាស់ប្តូរជាវិជ្ជមាន ដល់ជនរងគ្រោះនៃឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបខ្មែរក្រហម។ បន្ថែមពីនេះ សកម្មភាពទាំងអស់នេះបានកសាងទំនាក់ទំនងគ្នារវាងមនុស្សចាស់ និងយុវជនជំនាន់ក្រោយតាមរយៈកិច្ចសន្ទនាអន្តរជំនាន់ និងការប្រមូលប្រវត្តិសាស្រ្តផ្ទាល់មាត់ដែលជាកិច្ចការដ៏សំខាន់ក្នុងការរក្សាសន្តិភាពយូរអង្វែងនៅកម្ពុជា»។
ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលើកឡើងថា៖«ប្រវត្តិសាស្ត្រខ្មែរក្រហមនៅតែដក់ជាប់ក្នុងការចងចាំរបស់ប្រជាជនកម្ពុជាជាច្រើនដែលបានឆ្លងកាត់របប ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ។ ហេតុដូច្នេះហើយទើបសារមន្ទីរទួលស្លែងមានបេសកកម្មលើកកម្ពស់ការយល់ដឹងអំពីរបបខ្មែរក្រហម ក្នុងចំណោមយុវជន។ គម្រោងនេះមានគោលបំណងរថែរក្សាប្រវត្តិសាស្ត្រ ចងចាំអ្នកដែលបានបាត់បង់ជីវិត និងទប់ស្កាត់ការកើតឡើងវិញនៃអំពើប្រល័យពូជសាសន៍ ដោយការរក្សាទីតាំងឧក្រិដ្ឋកម្ម និងឆ្លុះបញ្ចាំង ពីប្រវត្តិសាស្ត្រ»។
អំពីការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាគម្រោងនៅកម្ពុជា (UNOPS)
បេសកកម្មរបស់ UNOPS ជួយប្រជាជនកសាងជីវិតកាន់តែប្រសើរឡើង និងជម្រុញប្រទេសនានាឲ្យសម្រេចបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ យើងផ្តល់ការគាំទ្រដល់ភ្នាក់ងារអង្គការសហប្រជាជាតិ រដ្ឋាភិបាល និងដៃគូផ្សេងទៀតក្នុងការគ្រប់គ្រងគម្រោង និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងលទ្ធកម្មប្រកបដោយប្រសិទ្ធភាព៕
សូមទំនាក់ទំនង៖
អានបន្ថែម:





© រក្សាសិទ្ធិដោយ thmeythmey.com