ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួងការពារជាតិអាម៉េរិក ធ្វើរបាយការណ៍​ប្រាប់សភាអំពីស្ថានភាពទ័ពចិននៅក្រៅប្រទេស
30, Nov 2022 , 5:39 pm        
រូបភាព
លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក និងលោក វ៉ី ហ្វឹងហឺ រដ្ឋមន្រ្តីការពារជាតិចិន ជួបពិភាក្សាគ្នា លើទឹកដីខេត្តសៀមរាបរបស់កម្ពុជា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ពេលលោកទាំង២ មកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន។
លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក និងលោក វ៉ី ហ្វឹងហឺ រដ្ឋមន្រ្តីការពារជាតិចិន ជួបពិភាក្សាគ្នា លើទឹកដីខេត្តសៀមរាបរបស់កម្ពុជា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ពេលលោកទាំង២ មកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន។
មហាអំណាចអាម៉េរិក មិនអស់ការសង្ស័យឡើយ ពីវត្តមានកងទ័ពរបស់មហាអំណាចចិន នៅមូលដ្ឋានកងទ័ពជើងទឹមរាម ដែលស្ថិតក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ ក្រសួងការពារជាតិអាម៉េរិក បានធ្វើរបាយការណ៍ប្រចាំឆ្នាំ២០២២ ជូនទៅសភារបស់ខ្លួន ស្តីពីកងទ័ពចិន ដែលតាំងមូលដ្ឋាននៅក្រៅប្រទេស ដោយក្នុងរបាយការណ៍នោះ ក៏មានរំលេចពីបញ្ហាមូលដ្ឋានសមុទ្ររាមដែរ។



តាមរយៈរបាយការណ៍កម្រាស់ជិត២០០ទំព័រ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា​ ឆ្នាំ២០២២ ក្រសួងការពារជាតិអាម៉េរិក ប្រាប់ទៅសភាដូច្នេះថា៖«កងទ័ពចិននៅមូលដ្ឋានសមុទ្ររាម ប្រទេសកម្ពុជា នឹងក្លាយជាមូលដ្ឋានកងទ័ពក្រៅប្រទេសដំបូងរបស់ចិន ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។ 
 
ភាគីចិនបកស្រាយនាពេលថ្មីៗនេះថា ចិន ពិតជាបានជួយកម្ពុជាក្នុងការអភិឌ្ឍមូលដ្ឋានទ័ពរាមមែន តែមិនដាក់ទ័ពឲ្យឈរជើងនៅទីនោះឡើយ។ ក្នុងសន្និសីទសារព័ត៌មាន នាពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២នេះ អ្នកស្រី ម៉ៅ នីង (Mao Ning) អ្នកនាំពាក្យក្រសួងការពារជាតិចិន ថ្លែងទៅកាន់អ្នកកាសែតដូច្នេះថា៖«ការអភិវឌ្ឍមូលដ្ឋានទ័ពរាម ដែលមានការជួយពីចិន គឺជាសកម្មភាពធម្មតានៃការផ្តល់ជំនួយដល់កម្ពុជា។ គោលបំណង គឺពង្រឹងសមត្ថភាពទ័ពជើងទឹកកម្ពុជា ក្នុងការការពារបូរណភាពដែនសមុទ្ររបស់កម្ពុជាខ្លួន​ឯង»។
 
ក្រសួងការពារជាតិអាម៉េរិក លើកឡើងក្នុងរបាយការណ៍ថា បើចិន អាចប្រើប្រាស់ជំនួយនេះទៅជាវត្តមានកងទ័ពនៅមូលដ្ឋានរាម គឺបង្ហាញថា យុទ្ធសាស្រ្តកងទ័ពចិននៅក្រៅប្រទេស ត្រូវបានធ្វើពិពិធកម្ម ដោយបូករួមទាំងកិច្ចខិតខំក្នុងការកសាងសមត្ថភាពកងទ័ពផងដែរ។ 
 
សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន នៅខេត្តសៀមរាប បានប្រកាសជាថ្មីថា នៅកម្ពុជា គ្មានទ័ពបរទេសឡើយ ហើយរដ្ឋធម្មនុញ្ញកម្ពុជា ក៏ពុំអនុញ្ញាតឲ្យមានទ័ពបរទេសដែរ។ សម្តេច អះអាងដូចលើកមុនៗថា ការអភិវឌ្ឍនៅមូលដ្ឋានទ័ពរាម មិនបង្កការគំរាមកំហែងដល់សន្តិសុខរបស់អ្នកដទៃនោះទេ។ 
 
ប្រមុខការពារជាតិកម្ពុជា មានប្រសាសន៍ដូច្នេះថា៖«សូម [អាម៉េរិក] គាត់ កុំកង្វល់អីរឿងមូលដ្ឋានហ្នឹង សូមកង្វល់រឿងផ្សេងជាងទៅចុះ។ កន្លែងនេះ គឺតូចមួយទេ។ វា​ប៉ុនផែនេសាទអីទេ មិនមែនទៅធ្វើស្អីធំដុំទេ។ ហើយកិច្ចការងារនេះ ត្រូវដំណើរការអភិវឌ្ឍនៅកម្ពុជា»៕ 
 

Tag:
 កម្ពុជា
  អាម៉េរិក
  ចិន
  មូលដ្ឋានរាម
© រក្សាសិទ្ធិដោយ thmeythmey.com