ជាតិ
១០ខែ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង១លាននាក់ កើនជិត១ពាន់ភាគរយ
30, Nov 2022 , 9:59 pm        
រូបភាព
ទេសចរជាតិ និងអន្តរជាតិទៅទស្សនាប្រាសាទអង្គរវត្ត
ទេសចរជាតិ និងអន្តរជាតិទៅទស្សនាប្រាសាទអង្គរវត្ត
ភ្នំពេញ៖ គិតចាប់ពីខែមករា ដល់ខែតុលាឆ្នាំ២០២២​នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបចំនួន ១ ៥៧៥ ៩៥៤នាក់ កើនឡើងជិត១ពាន់ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ចំណែកទេសចរអន្តរជាតិដែលមកកម្សាន្តនៅកម្ពុជាច្រើនជាងគេមានចំនួន ១០ប្រទេស ក្នុងនោះទេសចរថៃឈរខ្ពស់ជាងគេ។



យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍រយៈពេល ១០ខែនេះ ទេសចរជាតិមានជាង ៩លាន៥សែននាក់​កើនឡើងចំនួន ២០៩.៨ភាគរយ និងភ្ញៀវបរទេសផ្ទៃក្នុងមានជាង ១លាន៣សែននាក់កើនឡើង៦១៦.៧ភាគរយ។ ក្នុងរយៈពេល១០ខែដដែលនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបចំនួន ១ ៥៧៥ ៩៥៤នាក់។ ក្នុងចំណោមទេសចរអន្តរជាតិទាំងនេះ មានទេសចរអន្តរជាតិ ១០ប្រទេសដែលមកកម្សាន្តនៅកម្ពុជាច្រើនជាងគេ ក្នុងនោះទេសចរមកពីប្រទេសថៃមានចំនួន ៥៩០ ៩៨៤នាក់ និងពីវៀតណាមចំនួន ៣៤១ ៩៥៣នាក់។
 
ជាមួយគ្នានេះ ទេសចរដែលមកពីប្រទេសចិនមានចំនួន ៧៥ ៩១៥នាក់, ទេសចរមកពីសហរដ្ឋអាម៉េរិកមានចំនួន ៦០ ៩០៣នាក់ ,ទេសចរមកពីឡាវមានចំនួន ៥៩ ៣៦៨នាក់, ទេសចរឥណ្ឌូណេស៊ីមានចំនួន ៥៩ ១២២នាក់ និងទេសចរមកពីប្រទេសកូរ៉េខាងត្បូងមានចំនួន ៤៣ ១៧៨នាក់។ ប្រទេសបន្ទាប់គឺ ប្រទេសម៉ាឡេស៊ីមានទេសចរចំនួន ៤០ ១៨៤នាក់, ទេសចរបារាំងមានចំនួន ៣៧ ១៥៣នាក់ និងចំណាត់ថ្នាក់លេខ១០ គឺចក្រភពអង់គ្លេសមានទេសចរចំនួន ២៨ ៥០៥នាក់។
 
សូមជម្រាបដែរថា រយៈពេល១០ខែកន្លងមកនេះ ទេសចរអន្តរជាតិដែលធ្វើដំណើរតាមផ្លូវអាកាស​មានចំនួន ៥៥៩ ៩១៨នាក់ កើនឡើង៧០៦.៦ភាគរយ។ ទេសចរអន្តរជាតិធ្វើដំណើរតាមផ្លូវគោក មានចំនួន ១ ០០៥ ៥៤៩នាក់ កើនឡើង១២៤០.៤ភាគរយ និងទេសចរធ្វើដំណើរតាមផ្លូវទឹកមានចំនួន ១០ ៤៨៧នាក់ កើនឡើងជាង៥សែនភាគរយ៕
 
 
 
 

Tag:
 ThmeyThmey25
  ទេសចរណ៍
  ទេសចរអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com