អន្តរជាតិ
ប្រទេសមួយចំនួនគាំទ្រការបង្កើតសន្ធិសញ្ញាសកលដើម្បីទប់ស្កាត់ការផលិតប្លាស្ទិក
30, Nov 2022 , 10:29 pm        
រូបភាព
កិច្ចពិភាក្សាអង្គការសហប្រជាជាតិ (UN) នៅអ៊ុយរូហ្គាយ នៅថ្ងៃទី២៨ ខែវិច្ឆិកា បានជជែកអំពីសន្ធិសញ្ញាប្លាស្ទិកសកលដែលនឹងត្រូវបង្កើតឡើងនាពេលអនាគតដើម្បីកាត់បន្ថយការបំពុលបរិស្ថាន។ បណ្ដារដ្ឋជាច្រើនអំពាវនាវឱ្យសន្ធិសញ្ញាប្លាស្ទិកថ្មីនោះផ្តោតលើការទប់ស្កាត់ការផលិតប្លាស្ទិកដែលកើនឡើងឥតឈប់ឈរ។



កាលពីខែមីនា សមាជិកអង្គការសហប្រជាជាតិ (UN) បានព្រមព្រៀងគ្នាលើសេចក្ដីសម្រេចបង្កើតសន្ធិសញ្ញាប្លាស្ទិកដំបូងមួយរបស់ពិភពលោក ដើម្បីដោះស្រាយបញ្ហាកាកសំណល់ប្លាស្ទិក ដែលមានវត្តមានយ៉ាងច្រើនសន្ធឹកសន្ធាប់ពីមហាសមុទ្ររហូតដល់កំពូលភ្នំ និងបង្កការបំពុលធ្ងន់ធ្ងរ។ 
 
នៅសប្ដាហ៍នេះ គណៈប្រតិភូមកពីបណ្ដាប្រទេសជាច្រើន អ្នកតំណាងសង្គមស៊ីវិល និងក្រុមហ៊ុននានាមកប្រជុំគ្នាជាលើកដំបូងនៅអ៊ុយរូហ្គាយ ដើម្បីពិភាក្សានិងរៀបចំសន្ធិសញ្ញាប្លាស្ទិកនាពេលអនាគត។ គណៈប្រតិភូប្រទេសមួយចំនួន ក្នុងកិច្ចប្រជុំថ្ងៃទី២៨ ខែវិច្ឆិកា បានគាំទ្រឱ្យមានសន្ធិសញ្ញាស្តីពីការទប់ស្កាត់ការផលិតប្លាស្ទិក។ យ៉ាងណាមិញ សន្ធិសញ្ញានេះត្រូវបានជំទាស់ដោយក្រុមឧស្សាហកម្មផលិតប្លាស្ទិក។
 
តំណាងអឺរ៉ុប ដែលមានសមាជិកជាប្រទេសមានមហិច្ឆតាខ្ពស់​ និងកាណាដាជាដើមបានអះអាងថា ពួកគេចង់ឃើញសន្ធិសញ្ញាប្លាស្ទិកផ្ដោតលើការទប់ស្កាត់ការផលិតត្រូវបង្កើតឡើង ហើយរួមបញ្ចូលទាំងការដាក់កាតព្វកិច្ចជាសកលសម្រាប់ការផលិត និងប្រើប្រាស់ប្លាស្ទិកដោយស្មារតីគិតពីបរិស្ថាន ដើម្បីបញ្ចប់ការបំពុលឱ្យបាននៅឆ្នាំ២០៤០។ 
 
ចំណែកអាម៉េរិកបានអំពាវនាវឱ្យមានត្រឹមសន្ធិសញ្ញាបញ្ចប់ការបំពុលដោយប្លាស្ទិកនៅឆ្នាំ ២០៤០ ដែលអនុវត្តតាមរចនាសម្ព័ន្ធស្រដៀងនឹងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដោយផ្អែកលើផែនការសកម្មភាពជាតិដោយស្ម័គ្រចិត្ត និងមិនផ្តោតសំខាន់លើការទប់ស្កាត់ការផលិតប្លាស្ទិកឡើយ។ ស្វីស ន័រវែស អ៊ុយរូហ្គាយ និងអូស្ត្រាលី គាំទ្រសន្ធិសញ្ញាបែបនេះ ខណៈអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ព្រួយបារម្ភថាវាមិនទទួលបានជោគជ័យដូចគ្នានឹងកិច្ចព្រមព្រៀងទីក្រុងបារីសដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
សំណល់ប្លាស្ទិកដែលហូរហៀដល់មហាសមុទ្ររៀងរាល់នាទី ជាសកម្មភាពគំរាមកំហែងដល់ជីវចម្រុះ និងបំផ្លាញប្រព័ន្ធជីវចម្រុះក្នុងសមុទ្រធ្ងន់ធ្ងរ។ ការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលទាក់ទងនឹងសំណល់ប្លាស្ទិកក៏ត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ៦,៥ពាន់លានតោននៅឆ្នាំ២០៥០ខាងមុខ។ ដូចនេះ ការបង្កើតសន្ធិសញ្ញាប្លាស្ទិកសកល ជារឿងចាំបាច់ និងបន្ទាន់បំផុត៕
 

Tag:
 UN
  បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com