ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចង់អោយ “​ធ្មេញ​ស​ស្អាត​” គួរ​ធ្វើ​បែបណា​?
30, Nov 2022 , 10:59 pm        
រូបភាព
មនុស្ស​គ្រប់រូប មិន​ថា​ប្រុស ឬ​ស្រី​ទេ តែងតែ​ប្រាថ្នា​ចង់បាន​ធ្មេញ​ដ៏​ស និង​ស្រស់ស្អាត​ជានិច្ច ដើម្បី​បង្កើន​សម្រស់​របស់ខ្លួន​។ ទោះបីជា​យើង​ទាំងអស់គ្នា​សុទ្ធ​តែ​ចង់​បាន​ស្នាមញញឹម​ដ៏​ស្រស់​ស្អាត​ក៏ដោយ ក៏​ការព្យាបាល​ដើម្បី​អោយ​បាន​ដូច​បំណង​ពិតជា​មាន​តម្លៃ​ថ្លៃ​ណាស់ ប៉ុន្តែ អ្វី​ដែល​ល្អ​វិញ​នោះ​គឺ​យើង​មាន​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​មួយចំនួន ដែល​វា​មិន​ត្រឹមតែ​ងាយស្រួល​ទេ តែ​ក៏​មិនបាច់​ចំណាយ​អ្វី​ច្រើន​ដែរ​។

 
​សម្បក​ចេក​
​ចេក​ជា​ផ្លែឈើ​ដ៏​ល្អ​មួយ​ព្រោះ​វា​ផ្ទុក​ទៅដោយ​ជីវជាតិ​យ៉ាងច្រើន ប៉ុន្តែ តើ​អ្នក​មាន​ដឹង​ទេ​ថា សំបក​ផ្លែ​ចេក គឺជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​ដែល​អាច​ធ្វើអោយ​ធ្មេញ​ស​ស្អាត​ដែរ​ទេ​? ដូច្នេះ អ្នក​គួរតែ​កុំអាល​ចោល​សំបកចេក​អី ពេល​គិត​ថា​ចង់​ធ្វើអោយ​ធ្មេញ​ស​ស្អាត​។ ចូរ​យក​ផ្នែក​ខាងក្នុង​របស់​សំបក​វា​ទៅ​ដុស​លើ​ធ្មេញ អោយបាន​ពីរដង​ក្នុង​មួយ​ថ្ងៃ​ជា​រៀងរាល់ថ្ងៃ​។ ជាតិ​រ៉ែ​ដែល​មាន​ក្នុង​ផ្លែ​ចេក​ដូចជា​ប៉ូ​តា​ស្យូម ម៉ង់​ហ្គា​ណេ​ស និង​ម៉ាញ៉េស្យូ​មអាចត្រូវ​បាន​បឺតស្រូ​បចូល​ទៅ​ក្នុង​ធ្មេញ ដើម្បី​ជួយ​រក្សា​ភាព​ស​ស្អាត​របស់​ធ្មេញ​អោយមាន​សុខភាព​ល្អ​បំផុត​។ ចំពោះ​សំបក​ក្រូច​វិញ ក៏​ជា​ប្រភព​ដ៏​អស្ចារ្យ​ក្នុងការ​ធ្វើ​អោយ​ធ្មេញ​ស​ដែរ​។
 
​ផ្លែ​បឺរី និង​ស្ត្របឺ​រី​
​តើ​អ្នក​មាន​ដឹង​ទេ​ថា ផ្លែ​ស្ត្របឺ​រី​ពណ៌​ក្រហម​ស្រស់​អាចជួយ​ធ្វើអោយ​ធ្មេញ​ទៅ​ជាស​ដែរ​ទេ​? ឥឡូវ​នេះ​អ្នក​បាន​ដឹង​ហើយ ដូច្នេះ ចូរ​ចាប់ផ្តើម​ប្រើប្រាស់​វា​ទៅ​។ អ្វី​ដែល​អ្នក​គួរតែ​ធ្វើ​នោះ​គឺ យក​ផ្លែ​ស្ត្របឺ​រី​មួយ ឬ​ពីរ​ផ្លែ​មក​កិន​ចូលគ្នា​អោយ​ម៉ត់ ហើយ​លាប​លើ​ធ្មេញ​រយៈពេល​ពីរ​ទៅ​បី​នាទី​។ ក្រោយ​មក​លាង​វា​អោយបាន​ស្អាត​ល្អ ឬ​ដុសធ្មេញ​សម្អាត​ក៏​បាន​ដែរ​។ ស្ត្របឺ​រី​សម្បូរ​ទៅ​ដោយ​អង់ស៊ីម​បន្សាប​មួយ​ប្រភេទ​ឈ្មោះថា Malic Acid ដែល​ជួយ​ធ្វើអោយ​ធ្មេញ​ស ហើយ​ជាតិ​សរសៃ​របស់​ផ្លែ​មួយ​នេះ​ក៏​ដើរ​តួនាទី​ជា​អ្នក​បោស​ស្អាត​បាក់តេរី​ពី​ក្នុង​មាត់ និង​ធ្មេញ​បានដែរ​។
 
​ការ៉ុត​
​ការ៉ុត គ្រាន់តែ​លាង​វា​អោយ​ស្អាត គឺ​អាច​ញ៉ាំ​ទាំង​ឆៅ​បាន​តែ​ម្តង​។ ការ៉ុត​ឆៅ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​ក្នុង​ការ​បោសសម្អាត​កំណក​នានា​ចេញពី​ធ្មេញ និង​ដើរ​តួនាទី​ជា​អ្នក​សម្អាត​បែប​ធម្មជាតិ​ទៀតផង​។ ជាមួយគ្នានេះដែរ ការយក​ការ៉ុត​ឆៅ​ទៅ​ត្រដុស​លើ​ធ្មេញ​នឹង​ជួយ​ធ្វើអោយ​ធ្មេញ​មាន​ភាព​ស​ស្អាត និង​ភ្លឺរលោង​បាន​។ វា​ក៏​ជួយ​សម្លាប់​បាក់តេរី​ផងដែរ ខណៈពេល​ដែល​ផ្តល់អោយ​ធ្មេញ និង​អញ្ជាញ​មាន​សុខភាព​ល្អ​។ ក្រៅពី​ការ៉ុត ផ្លែ​ប៉ោម​ក៏​ត្រូវបាន​គេ​យល់ថា​ជា​ប្រភព​ដ៏​សំខាន់​មួយ​ក្នុង​ការជួយ​អោយ​ធ្មេញ​ស​ស្អាត​បានដែរ ជាពិសេស ផ្លែ​ប៉ោម​អាច​ជួយ​បង្ការ​កុំអោយ​កើត​ជំងឺ​អញ្ចាញធ្មេញ ការ​រលាក​អញ្ចាញធ្មេញ និង​សម្លាប់​បាក់តេរី​បង្ក​ក្លិនស្អុយ​ក្នុង​មាត់​។
 
​ឈប់​ជក់បារី​
​ប្រាកដ​ណាស់ ការជក់បារី​ពិតជា​គ្មាន​ផល​ល្អ​អ្វី​ដល់​សុខភាព​ឡើយ ប៉ុន្តែ ការផ្តាច់​បារី​ពិតជា​មាន​ប្រយោជន៍​ច្រើន​។ ការជក់បារី​នឹង​ធ្វើអោយ​ធ្មេញ​ទៅ​ជា​លឿង ព្រមទាំង​មាន​ជំងឺ​ច្រើន​ទៀតផង​។ ដូច្នេះ ប្រសិន​ជា​អ្នក​ចង់​បាន​ធ្មេញ​ភ្លឺរលោង និង​ស​ស្អាត​វិញ អ្នក​គួរតែ​ផ្តាច់​បារី​ហើយ​។
 
​ប្រើ​បំពង់​បឺត​
​ការផឹក​ទឹក​ដែល​ក្តៅ​ពេក ឬ​ត្រជាក់​ពេក​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​សុខភាព​ធ្មេញ​ឡើយ​។ ដូច្នេះ បើ​អាចធ្វើ​បាន ចូរ​ព្យាយាម​ផឹក​ទឹកតែ ឬ​កាហ្វេ​ដោយ​ប្រើ​បំពង់​បឺត​វិញ ព្រោះ​វា​នឹង​កាត់បន្ថយ​ការប៉ះពាល់​ដោយ​ផ្ទាល់​ទៅលើ​ធ្មេញ និង​ភេសជ្ជៈ​ដែល​ក្តៅៗ​បាន​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com