យុវជនសកម្ម សេវាល្អ
កោះកុង៖ សាលាបឋមនាពិសី បង្រៀនបំប៉នដល់សិស្សចំនួន២២នាក់ឥតគិតថ្លៃ ដើម្បីជួយសិស្សខ្សោយ
30, Nov 2022 , 11:04 pm        
រូបភាព
ដោយ៖ យុវជនឃុំជីខក្រោម 

ស្រុកស្រែអំបិល, កោះកុង៖ សាលាបឋមសិក្សានាពិសី បានបើកវគ្គបង្រៀនបំប៉ន  ដល់សិស្សចំនួន២២នាក់រយៈពេល២ខែ ដោយឥតគិតថ្លៃ។ វគ្គបំប៉ននេះ ធ្វើឡើងក្នុងគោលបំណងជួយសិស្សខ្សោយក្នុងសាលា ឱ្យរៀនប្រសើរឡើង និងកាត់បន្ថយអត្រាសិស្សបោះបង់ការសិក្សា។


 
កញ្ញា ហន ស្រីម៉ៅ គ្រូបង្រៀននៅសាលានាពិសី បានឱ្យដឹងថា សាលានាពិសី បានបើកវគ្គបំប៉ន រយៈពេល២ខែ ដល់សិស្សខ្សោយចាប់ពីថ្នាក់ទី១ ដល់ទី៦។  កញ្ញា ស្រីម៉ៅ បានបន្ថែមថា ថ្នាក់បំប៉ន នេះ បានជួយដល់សិស្សខ្សោយឱ្យរៀនចេះជាងមុន និងជួយដល់សិស្ស អាចរៀនទាន់គេក្នុងវគ្គសិក្សាថ្មីខាងមុខ។ 
 
បើតាមគ្រូបង្រៀនរូបនេះ សិស្សខ្សោយទាំង២២នាក់នេះ ត្រូវរៀនបន្ថែមជាមួយគ្រូផ្ទាល់រយៈពេល៤ម៉ោងក្នុងមួយថ្ងៃ ហើយថ្នាក់បំប៉ន ត្រូវបានបែងចែកតាមកម្រិតរបស់សិស្ស។ កញ្ញា ស្រីម៉ៅ « វគ្គបំប៉ននេះគឺល្អ។ រយៈពេល ២ ខែគាត់អាចទទួលបានចំណេះដឹងបន្ថែមទៀតបានរហូតដល់ ៥០-៦០ភាគរយ»។
 
កុមារ ឌុយ ភេង ជាសិស្សថ្នាក់ទី៥ បានឱ្យដឹងថា ខ្លួនរៀនចេះច្រើនជាង និងរៀនឆាប់យល់ជាងមុន ក្រោយបានចូលរៀនវគ្គបំប៉ននេះមក។ បើតាមកុមារ ឌុយ ភេង ថ្នាក់បំប៉ន មានសិស្សតិច និងគ្រូរំលឹកមេរៀន ជាពិសេសត្រង់ចំណុចលំបាកឡើងវិញ ដែលធ្វើឱ្យសិស្សចេះជាងមុន។ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

© រក្សាសិទ្ធិដោយ thmeythmey.com