FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ អូស្ត្រាលីឡើងវគ្គ ១៦ក្រុមលើកទី២ក្នុងប្រវត្តិសាស្ត្រ ខណៈបារាំងបាញ់ប្រកួតចុងក្រោយពូល D
01, Dec 2022 , 12:00 am        
រូបភាព
រូបភាព FIFA World Cup
រូបភាព FIFA World Cup
ការប្រកួតវគ្គចែកពូលជុំទីបីនៃព្រឹត្តិការណ៍ពានរង្វាន់ FIFA World Cup 2022 រាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ក្នុងការប្រកួតពូល D អូស្រា្តលីដណ្តើមបានកៅអីវគ្គ ១៦ក្រុមលើកទី២ ក្នុងប្រវត្តិសាស្ត្រខ្លួន ក្រោយឈ្នះលើដាណឺម៉ាកលទ្ធផល ១-០។ ចំណែកបារាំងដែលកក់កៅអីតាំងពីជុំទីពីរ បន្តស្ថិតនៅតំណេងកំពូលតារាង តែពួកគេភ្លាត់ស្នៀតចាញ់ការប្រកួតចុងក្រោយក្រោមថ្វីជើងទុយនីស៊ីលទ្ធផល ១-០។

 
ជ័យជម្នះ ១-០ លើដាណឺម៉ាកដែលអូស្រ្តាលីក្រសោបបានសំបុត្រទៅកាន់វគ្គបន្ទាប់ ជាការស៊ុតយ៉ាងល្អពីកីឡាករខ្សែបម្រើ Mathew Leckie នៅនាទី៦០ ដែលជាការបញ្ជូនយ៉ាងល្អពីកីឡាករ Riley McGree។ ការប្រកួតរវាងអូស្ត្រាលីនិងដាណឺម៉ាកនៅវគ្គទីមួយគ្មានការស៊ុតបញ្ចូលទីលើគ្នាឡើយ។ 
 
ជ័យជម្នះបានរុញច្រានអូស្ត្រាលីគេចផុតពីការតាមប្រម៉ាញ់ពីក្រុមទុយនីស៊ី ដែលពួកគេបានប្រកួតយកឈ្នះលើបារាំង ប៉ុន្តែមានត្រឹម ៤ពិន្ទុ អូស្ត្រាលីដណ្តើមបាន ៣ពិន្ទុជួយពួកគេឈ្នះកៅអីវគ្គ ១៦ក្រុមដោយសុវត្ថិភាព។ អូស្ត្រាលីបង្ហាញខ្លួន ៦លើកនៅព្រឹត្តិការណ៍ World Cup ទាំងលើកនេះពួកគេសម្រេចក្តីស្រមៃឡើងវគ្គ ១៦ក្រុមជាលើកទីពីរ ហើយនឹងរង់ចាំអ៊ុតមើលក្រុមលេខ២ ដែលនៅក្នុងការប្រកួតប្រជែងពូល C ដើម្បីប៉ះគ្នានៅវគ្គបន្ទាប់។
 
ទោះបីបានកក់កៅអីតាំងពីជុំទីពីររួចក្តីបារាំងធ្វើមិនបានល្អនៅការប្រកួតចុងក្រោយឡើយ ដោយភ្លាត់ស្នៀតចាញ់ការប្រកួតក្រោមថ្វីជើងទុយនីស៊ីលទ្ធផល ១-០។ គ្រាប់បាល់ដែលទុយនីស៊ីបានយកឈ្នះលើបារាំងបានកើតឡើងក្នុងវគ្គទីពីរដូចគ្នា ដោយកីឡាករ Wahbi Khazri ជាអ្នកសម្រេចទីនៅនាទី ៥៨ ជាការបញ្ជូនពីកីឡាករ Aissa Laidouni បើទោះវគ្គទីមួយក្រុមទាំងពីរគ្មានគ្រាប់បាល់។ 
 
ទោះឈ្នះបារាំងក្តីប៉ុន្តែអូស្ត្រាលីបានបញ្ចប់ក្តីស្រមៃពួកគេ ដោយយកបាន ៣ពិន្ទុពីដាណឺម៉ាកមាន ៦ពិន្ទុឈរពីលើពួកគេដែលមានត្រឹម ៤ពិន្ទុ។ បារាំងដឹកដៃអូស្ត្រាលីទៅកាន់វគ្គ ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមកំពូលតារាង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com