ជាតិ
កម្ពុជា ឈ្នះក្តីគណៈកម្មការអឺរ៉ុប លើករណីនាំចូលអង្ករគ្រាប់វែង ក្រោយតវ៉ាជាង៣ឆ្នាំ
01, Dec 2022 , 9:39 am        
រូបភាព
កម្ពុជា បានឈ្នះក្តីគណៈកម្មការអឺរ៉ុប ចំពោះការសម្រេចដកហូតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករគ្រាប់វែង (Indica Rice) ពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប។ បណ្ដឹងតវ៉ានេះ ចំណាយពេលជាង៣ឆ្នាំ។



សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់បណ្ដឹងទៅសាលាដំបូងនៃសហភាពអឺរ៉ុប កាលពីថ្ងៃទី១០ មេសា ឆ្នាំ២០១៩ ក្រោយពេលដែលគណៈកម្មការអឺរ៉ុប សម្រេចដកហូតការអនុគ្រោះពន្ធ លើការនាំចូលអង្ករគ្រាប់វែង (Indica Rice) របស់កម្ពុជា។ ក្រោយប្ដឹងតវ៉ាជាង៣ឆ្នាំនេះ ទើបឈានដល់ការសម្រេចចុងក្រោយរបស់សាលាដំបូង (The General Court) នៃសហភាពអឺរ៉ុប កាលពីថ្ងៃទី៩ វិច្ឆិកាកន្លងមកនេះ ដែលកាត់ឱ្យកម្ពុជាឈ្នះក្តី។
 
សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី៣០ វិច្ឆិកា ដោយស្រងខ្លឹមសារសាលក្រមរបស់សាលាដំបូងសហភាពអឹរ៉ុប មករៀបរាប់ថា៖«ការដាក់ពន្ធរបស់គណៈកម្មការអឺរ៉ុប មកលើអង្ករគ្រាប់វែងរបស់កម្ពុជា នៅទីផ្សារសហភាពអឺរ៉ុប គឺជាវិធានការខុសច្បាប់ និងមិនមានភស្តុតាងគ្រប់គ្រាន់»។
 
សហព័ន្ធស្រូវអង្ករកម្ពុជា ចាត់ទុកជោគជ័យនៃការឈ្នះក្តីនេះ ជាការឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ នៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា ក្រោមគោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋាភិបាល។
គួររម្លឹកថា សភាពាណិជ្ជកម្មនៃសហភាពអឺរ៉ុប បានអនុវត្តការយកពន្ធលើអង្ករកម្ពុជា កាលពីថ្ងៃទី២០មករា ឆ្នាំ២០១៩ ក្នុងអត្រាជិត២០០ដុល្លារអាមេរិក សម្រាប់អង្ករមួយតោន។ អត្រាពន្ធនេះ បានធ្លាក់មកនៅត្រឹមជាង១៧០ដុល្លារ សម្រាប់អង្ករមួយតោន នៅក្នុងឆ្នាំ២០២០ និងជាង១៤១ដុល្លារក្នុងអង្ករមួយតោន នៅឆ្នាំ២០២១។ ដើមចមនៃការសម្រេចយកពន្ធនេះ ធ្វើឡើងតាមការតវ៉ាពីសំណាក់ប្រទេសអ៊ីតាលី និងប្រទេសអេស្ប៉ាញ ដែលជាប្រទេសនាំចេញអង្ករទៅកាន់អឺរ៉ុបដែរ។
 
៣ឆ្នាំនេះ កម្ពុជាបានបង់ពន្ធអស់ជិត៥០លានដុល្លារម៉េរិក ក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារ​ធំលំដាប់ទីពីរមួយនេះ ។ តាមរយៈការបង់ពន្ធនេះ បានធ្វើឱ្យការនាំចេញអង្ករកម្ពុជា ទៅកាន់សហភាពអឺរ៉ុប ធ្លាក់ចុះជាបន្ទាប់។ បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា នៅឆ្នាំ២០២១ កម្ពុជា នាំចេញអង្ករបានជាង៦០ម៉ឺនតោន ដែលមានតម្លៃប្រមាណ៥០០លានដុល្លារអាម៉េរិក។ ក្នុងចំណោមអង្ករដែលត្រូវបាននាំចេញនេះ មានជិត១៤ម៉ឺនតោនប៉ុណ្ណោះ ដែលបាននាំចូលទីផ្សារអឺរ៉ុប។ ប៉ុន្តែការបង់ពន្ធនេះ ត្រូវបញ្ចប់នៅថ្ងៃទី២០មករា ឆ្នាំ២០២២៕
 
 
 
 
 

Tag:
 អង្ករ-ស្រូវ
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com