ជាតិ
សត្វកែះញីមួយក្បាល​ ដែលរងរបួសធ្ងន់បានស្លាប់ ទោះអ្នកជំនាញ ស្រវាស្រទេញជួយសង្រ្គោះ
01, Dec 2022 , 10:49 am        
រូបភាព
សត្វកែះញីមួយក្បាលបានស្លាប់ បន្ទាប់ពីមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វ បានជួយសង្រ្គោះ ។ (រូបភាពពី ក្រសួងបរិស្ថាន)
សត្វកែះញីមួយក្បាលបានស្លាប់ បន្ទាប់ពីមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វ បានជួយសង្រ្គោះ ។ (រូបភាពពី ក្រសួងបរិស្ថាន)
ភ្នំពេញ៖ សត្វកែះញីមួយក្បាល បានស្លាប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំសំកុស បានជួយសង្រ្គោះ ។ ការស្លាប់របស់សត្វកែះញីនេះ ដោយសាររងរបួសជើង និងរលូតកូនក្នុងផ្ទៃ។

 
បើតាមអ្នកជំនាញបសុសត្វ ការស្លាប់របស់សត្វកែះញីនេះ ដោយសារវារងរបួសធ្ងន់ធ្ងរ និងមានភ្លាត់ឆ្អឹងជើងមុខខាងឆ្វេង ក្រោយជាប់អន្ទាក់ព្រានព្រៃ ។ លើសពីនេះ សត្វកែះញីមានសុខភាពទន់ខ្សោយ ដោយសារមានផ្ទៃពោះ និងរលូតកូនស្លាប់ក្នុងផ្ទៃ ហើយរបួសស្បូនខ្លាំង រហូតដល់រលួយ។ សត្វកែះញីនេះ បានធ្លាក់ខ្លួនឈឺ មិនអាចឈរបានដែរ។ 
  

សត្វកែះញីនេះ ត្រូវបានក្រុមអ្នកជំនាញពេទ្យសត្វនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ជួយសង្គ្រោះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងខេត្តបាត់ដំបង់។(រូបភាពពី ក្រសួងបរិស្ថាន)

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា សត្វកែះជាប្រភេទសត្វកម្រនៅលើពិភពលោក និងត្រូវបានកត់សម្គាល់ថា មានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ 
 
លោក នេត្រ ភក្ត្រា បានបញ្ជាក់ដូច្នេះ៖ «បច្ចុប្បន្ននេះ សត្វកែះកំពុងប្រឈមមុខនឹងការបាត់បង់ពូជ ដោយសារតែការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។ អ្វីដែលធ្វើឱ្យសត្វកែះរងគ្រោះខ្លាំងដោយសារតែការប្រមាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងក្នុងការជួញដូរដោយសារតែជំនឿ»។
 
គួរឱ្យដឹងដែរថា សត្វកែះញីនេះ ត្រូវបានក្រុមអ្នកជំនាញពេទ្យសត្វនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ជួយសង្គ្រោះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងខេត្តបាត់ដំបង។ ក្រុមអ្នកស្រាវជ្រាវ មិនទាន់មានទិន្នន័យពិតប្រាកដពីចំនួនសត្វកែះ ដែលរស់នៅកម្ពុជាទេ ក៏ប៉ុន្តែវាមានដង់ស៊ីតេរស់នៅកម្រិតទាបបំផុត ដោយសារតែជាសត្វកម្រ។
 
 
 

Tag:
 ThmeyThmey25
  សត្វកែះញី
  អន្ទាក់
© រក្សាសិទ្ធិដោយ thmeythmey.com