អន្តរជាតិ
ប្រធាន EU ស្នើបង្កើតតុលាការពិសេសដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន
01, Dec 2022 , 2:47 pm        
រូបភាព
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ដឺ លៃអេន។ រូបថត Xinhua
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ដឺ លៃអេន។ រូបថត Xinhua
ប្រធានគណៈកម្មការអឺរ៉ុប នៅថ្ងៃទី៣០ ខែវិច្ឆិកា បានបង្ហាញគំនិតថ្មីមួយទាក់ទងការបង្កើតតុលាការអន្តរជាតិពិសេសគាំទ្រដោយអង្គការសហប្រជាជាតិ (UN) សម្រាប់ស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន និងការទាមទារសំណងពីរុស្ស៊ីមកកសាងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនវិញ។



ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ដឺ លៃអេន បានស្នើឱ្យបង្កើតតុលាការពិសេសមួយ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ (UN) ដើម្បីស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ពិសេសដោះស្រាយបញ្ហាអភ័យឯកសិទ្ធិលើការកាត់ទោសមេដឹកនាំធំៗរបស់រុស្ស៊ី។ លើសពីនេះ តុលាការពិសេសនឹងរកវិធីយកសំណងពីរុស្ស៊ីមកឱ្យអ៊ុយក្រែនចំពោះការធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។
 
«ខណៈបន្តគាំទ្រតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) យើងកំពុងស្នើឱ្យបង្កើតតុលាការពិសេសគាំទ្រដោយ UN ដើម្បីស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្មឈ្លានពានរបស់រុស្ស៊ី»។ លោកស្រី អឺស៊ូឡា លើកឡើងបែបនេះក្នុងវីដេអូមួយបង្ហោះលើបណ្ដាញសង្គម Twitter នៅថ្ងៃទី៣០ ខែវិច្ឆិកា។ លោកស្រីបន្ថែមថា អឺរ៉ុបត្រៀមខ្លួនជាស្រេចសម្រាប់ការចាប់ផ្តើមធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីទទួលបានការគាំទ្រដ៏ទូលំទូលាយបំផុត ចំពោះការបង្កើតតុលាការពិសេសនេះ។
 
ប្រធានគណៈកម្មការដដែល ក៏បានលើកឡើងថា តុលាការពិសេសនេះ នឹងស្វែងរកមធ្យោបាយស្របច្បាប់ដើម្បីប្រើប្រាស់លុយដែលរឹបអូសពីរុស្ស៊ីមកឱ្យអ៊ុយក្រែនដើម្បីកសាងប្រទេសឡើងវិញ។ អឺរ៉ុបបានរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីចំនួន៣១១ពាន់លានដុល្លារមានក្នុងទុនបម្រុងរបស់ធនាគារកណ្តាលទីក្រុងមូស្គូ និងបានបង្កកទ្រព្យសម្បត្តិជាង១៩ពាន់លានដុល្លារដែលកាន់កាប់ដោយពាណិជ្ជកររុស្ស៊ីដោយការដាក់ទណ្ឌកម្ម។
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP អ៊ុយក្រែនបានគាំទ្រ និងសាទរចំពោះគំនិតបង្កើតតុលាការពិសេសនេះ។ ជាមួយគ្នានេះ បណ្ដាប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) នៅថ្ងៃទី២៩ ខែវិច្ឆិកា ក៏បានយល់ព្រមបង្កើតបណ្ដាញសម្របសម្រួលការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែនដែរ។
 
នៅប៉ុន្មានថ្ងៃបន្ទាប់ពីរុស្ស៊ីចូលលុកលុយអ៊ុយក្រែនកាលពីខែកុម្ភៈ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បានបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ប៉ុន្តែ ICC មិនមានយុត្តាធិការក្នុងការកាត់ទោសការឈ្លានពានរបស់ទីក្រុងមូស្គូនោះទេព្រោះរុស្ស៊ីមិនមែនជាប្រទេសសមាជិក ICC។ 
 
លើសពីនេះ ICC អាចវិនិច្ឆ័យបានតែករណីជាក់លាក់ដែលកើតឡើងនៅអ៊ុយក្រែន ហើយមិនមានសិទ្ធិកាត់ទោសមេដឹកនាំរុស្ស៊ីឡើយ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងរដ្ឋមន្ត្រីការបរទេសសុទ្ធតែមានអភ័យឯកសិទ្ធិពីការកាត់ទោសក្នុងពេលកាន់តំណែង។ 
 
មធ្យោបាយមួយទៀតដែល ICC អាចមានសិទ្ធិកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ីនោះគឺតាមរយៈការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) តែវាមិនអាចទៅរួចព្រោះរុស្ស៊ីជាសមាជិកអចិន្ត្រៃយ៍ដែលមានជំទាស់គ្រប់សេចក្ដីសម្រេចរបស់ UN។ 
 
គួរបញ្ជាក់ថា តុលាការពិសេសអាចបង្កើតក្នុងទម្រង់ជាច្រើន ប៉ុន្តែអ្នកជំនាញផ្នែកច្បាប់អះអាងថា តុលាការមួយដែលសក្តិសមបំផុតជាតុលាការកូនកាត់ ដែលវាដំណើរការនៅក្រោមច្បាប់អ៊ុយក្រែន ដោយមានការគាំទ្រពីសហគមន៍អន្តរជាតិ។ តុលាការបែបនេះមានទាំងព្រះរាជអាជ្ញា និងចៅក្រមជាតិនិងអន្តរជាតិចូលរួម៕ 
 

Tag:
 អឺរ៉ុប
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com