អន្តរជាតិ
មេដឹកនាំនូវែលសេឡង់ និងហ្វាំងឡង់ ថាឱ្យអ្នកសារព័ត៌មានដែលសួរទាក់ទងរឿងអាយុ
01, Dec 2022 , 4:43 pm        
រូបភាព
នាយករដ្ឋមន្រ្តីហ្វាំងឡង់ សាន់ណា ម៉ារីន ចាប់ដៃសមភាគីនូវែលសេឡង់ ចាស៊ីនដា អាឌើន។ រូបថត AFP
នាយករដ្ឋមន្រ្តីហ្វាំងឡង់ សាន់ណា ម៉ារីន ចាប់ដៃសមភាគីនូវែលសេឡង់ ចាស៊ីនដា អាឌើន។ រូបថត AFP
នាយករដ្ឋមន្ត្រីនូវែលសេឡង់ និងហ្វាំងឡង់ នៅថ្ងៃទី៣០ ខែវិច្ឆិកាបានជួបគ្នាផ្ទាល់ក្នុងកិច្ចប្រជុំទ្វេភាគីនាទីក្រុង Auckland។ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាក្រោយជំនួប មេដឹកនាំទាំងពីររូបត្រូវបានអ្នកសារព័ត៌មានសួរពីហេតុផលនៃការជួបគ្នានេះមានទាក់ទងនឹងអាយុទាំងពីរដែរទេ ខណៈមេដឹកនាំទាំងពីរមានវ័យប្រហែលគ្នា និងជាស្ត្រីដូចគ្នា។



នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចាស៊ីនដា​ អាឌើន និងសមភាគីហ្វាំងឡង់ លោកស្រី សាន់ណា ម៉ារីន សុទ្ធតែជាប្រមុខរដ្ឋាភិបាលវ័យក្មេង និងជាស្ត្រី ខណៈមេដឹកនាំពិភពលោកជាច្រើនជាបុរសនិងមានវ័យចំណាស់។ ដោយសារគាប់ជួបបែបនេះ លោកស្រី អាឌើន និងលោកស្រី ម៉ារីន ត្រូវបានអ្នកសារព័ត៌មានសួរពីរឿងនេះតែម្ដងក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបទ្វេភាគីនៅថ្ងៃទី៣០ ខែវិច្ឆិកា។ 
 
«មនុស្សជាច្រើនអាចនឹងឆ្ងល់ថាតើអ្នកទាំងពីរជួបគ្នាដោយសារមានអាយុប្រហាក់ប្រហែលគ្នាឬយ៉ាងណា ហើយវាមានរឿសមញ្ញជាច្រើនពេលអ្នកនិយាយចូលរឿងនយោបាយនិងរឿងផ្សេងទៀត»។ អ្នកសារព័ត៌មាន Joey Dwyer មកពីវិទ្យុ Newstalk ZB សួរមេដឹកនាំទាំងពីរបែបនេះ។
 
មិនបង្អង់យូរ លោកស្រី អាឌើន ដែលមានអាយុ៤២ឆ្នាំ បានតបវិញថា៖«ខ្ញុំឆ្ងល់ថា តើដែលមានអ្នកណាធ្លាប់សួរ លោក បារ៉ាក់ អូបាម៉ា និងលោក ចន ឃី ថាអ្នកទាំងពីរជួបគ្នាព្រោះពួកគេមានអាយុប្រហាក់ប្រហែលគ្នាដែរទេ?»។ លោកស្រី អាឌើន លើកឡើងពីជំនួបរបស់អតីតមេដឹកនាំអាម៉េរិក និងនូវែលសេឡង់។
 
នាយករដ្ឋមន្ត្រីនូវែលសេឡង់រូបនេះបន្តថា លោកស្រីទទួលស្គាល់ពីការពិតដែលពិភពលោកនេះមានបុរសចូលរួមក្នុងនយោបាយច្រើនជាងស្ត្រី តែការណ៍ដែលស្ត្រីពីរនាក់ជួបគ្នា មិនមែនព្រោះតែមានភេទដូចគ្នាទេ។ 
 
ចំណែកនាយករដ្ឋមន្ត្រីហ្វាំងឡង់មានអាយុ ៣៧ឆ្នាំ បានឆ្លើយតបដែរថា ខ្លួនជួបមេដឹកនាំនូវែលសេឡង់ព្រោះទាំងពីរនាក់ជានាយករដ្ឋមន្ត្រី។ លោកស្រីបន្ថែមថា ពួកគេទាំងពីរនាក់ឈរជាមួយគ្នាដើម្បីធ្វើឱ្យស្ត្រី និងក្មេងស្រីទាំងអស់នៅទូទាំងពិភពលោក មានសិទ្ធិ និងមានឱកាសដូចបុរស។
 
ជំនួបទ្វេភាគីបានធ្វើឡើងនៅទីក្រុង Auckland អំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី ម៉ារីន នៅនូវែលសេឡង់។ មេដឹកនាំនូវែលសេឡង់ និងហ្វាំងឡង់ បានពិភាក្សាគ្នាអំពីបញ្ហាសកល ការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ សង្គ្រាមនៅអ៊ុយក្រែន រួមទាំងស្ថានភាពនៅអាហ្វហ្គានីស្ថាន និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម៕
 

Tag:
 នូវែលសេឡង់
  ហ្វាំងឡង់
© រក្សាសិទ្ធិដោយ thmeythmey.com