ជាតិ
សម្ដេច ហ៊ុន សែន ៖ ទីក្រុងឆ្លាត នឹងក្លាយជាប៉ូលសំខាន់ ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច នៅអាស៊ាន
02, Dec 2022 , 11:29 am        
រូបភាព
ទីក្រុងឆ្លាត នឹងក្លាយជាប៉ូលយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាពសង្គម សេដ្ឋកិច្ច និងការវិនិយោគ នៅក្នុងតំបន់អាស៊ាន។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ នៅបើកកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayor Forum 2022) ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» (ASEAN A.C.T. Addressing Challenges Together) នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២ ធ្នូ។



សម្ដេច ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកសាងសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាប័ន្ន ត្រូវផ្ដើមចេញពីការកសាង និងតភ្ជាប់ទីក្រុងឆ្លាត ដែលមានភាពធន់ និងចីរភាព។
 
ប្រធានអាស៊ានរូបនេះ បានបន្ថែមថា ស្ថិតក្នុងបរិការណ៍ ដែលអាស៊ាន និងសកលលោក កំពុងជួបប្រទះបញ្ហាប្រឈមជាបន្តបន្ទាប់នោះ ការកសាងទីក្រុងឆ្លាត ដែលមានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងភាពបៃតង គឺជាទិសដៅដ៏ត្រឹមត្រូវបំផុត សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ 
 
បើតាមសម្ដេច ហ៊ុន សែន ទីក្រុងឆ្លាត មានសក្តានុពលខ្ពស់ ក្នុងការដោះស្រាយបញ្ហាទូទៅនៃការរៀបចំនគរូបនីយកម្ម ប្រកបដោយនវានុវត្តន៍ និងពង្រឹងភាពធន់ តទល់នឹងហានិភ័យផ្សេងៗ។ ជាពិសេសលើកកម្ពស់សុខុមាលភាព និងវិបុលភាព នៃជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋាន តាមគន្លងប្រក្រតីភាពថ្មី។
 
«ទីក្រុងឆ្លាត នឹងក្លាយជាប៉ូលយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាពសង្គម-សេដ្ឋកិច្ច ធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ឱ្យកាន់តែខ្លាំងថែមទៀត ព្រមទាំងផ្ដល់ឱកាសការងារ មុខរបរ និងអាជីវកម្ម ដល់ប្រជាជនទូទៅក្នុងប្រទេស និងតំបន់អាស៊ានអាស៊ានទាំងមូល»។ នេះបើតាមប្រធានអាស៊ាន។
 
ដើម្បីសម្រេចគោលដៅកសាង និងតភ្ជាប់ទីក្រុងអាស៊ាន ឆ្ពោះទៅកសាងសហគមន៍អាស៊ាន ប្រកបដោយចីរភាព និងបរិយាប័ន្ន ដោយមានភាពធន់នេះ សម្ដេច ហ៊ុន សែន ផ្ដល់អនុសាសន៍៥ចំណុច ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន ឱ្យកាន់តែខ្លាំងថែមទៀត។ ក្នុងនោះរួមមានទី១ អាស៊ានត្រូវធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ដែលជាមូលដ្ឋានគ្រឺះចម្បង និងសំខាន់បំផុត សម្រាប់ការកសាងទីក្រុងឆ្លាត។
 
ទី២ រដ្ឋបាលក្រុង រាជធានី និងរដ្ឋធានីអាស៊ាន ត្រូវយកចិត្តទុកដាក់ទៅលើការកសាងទីក្រុងឆ្លាត ដោយមានការគិតគូពីការផ្លាស់ប្តូររបៀបរស់នៅរបស់ប្រជាជនខ្លួន តាមគន្លងប្រក្រតីភាពថ្មី ទៅនឹងការផ្លាស់ប្តូរប្រជាសាស្រ្ត ឬការប្រែប្រួលណាមួយ ដែលកើតមានក្នុងពេលបច្ចុប្បន្ន និងអនាគត។ 
 
ទី៣ រដ្ឋបាលក្រុង រាជធានី និងរដ្ឋធានីអាស៊ាន ត្រូវលើកកម្ពស់ការយល់ដឹង និងសមត្ថភាពក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល ព្រមទាំងយកចិត្តទុកដាក់លើសេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចបៃតង។ ជាពិសេសបង្កបរិយាកាសងាយស្រួល ដល់ការធ្វើអាជីវកម្ម ធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ហើយត្រូវដោះស្រាយបញ្ហាចម្បងចំពោះមុខផ្សេងៗ ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនប្រចាំថ្ងៃ។
 
ទី៤ រដ្ឋបាលក្រុង រាជធានី និងរដ្ឋធានីអាស៊ាន ត្រូវជំរុញល្បឿន និងពង្រីកសក្ដានុពលនៃការតភ្ជាប់ និងសមាហរណកម្មទីក្រុងឆ្លាតអាស៊ាន ឱ្យកាន់តែខ្លាំងឡើង តាមរយៈការលើកកម្ពស់ឌីជីថលូបនីយកម្ម និងបដិវត្តកម្មឌីជីថល ដែលមានសក្ដានុពលខ្ពស់ ក្នុងការអភិវឌ្ឍ និងតភ្ជាប់គ្រប់វិស័យ ទាំងក្នុងប្រទេស និងតំបន់។
 
ទី៥ រដ្ឋបាលក្រុង រាជធានី និងរដ្ឋធានីអាស៊ាន ត្រូវជំរុញវប្បធម៌ផ្លាស់ប្ដូរចំណេះដឹង និងការចែករំលែកបទពិសោធន៍ ជុំវិញការកសាងទីក្រុងឆ្លាត ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងឌីជីថល ក៏ដូចជាធានាសន្តិសុខ ស្ថិរភាព និងសោភ័ណ្ឌភាពទីក្រុង តាមរយៈការគ្រប់គ្រងទឹកស្អាត អគ្គិសនី និងសំណល់ប្រកបដោយប្រសិទ្ធភាព។
 
សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ៖«ខ្ញុំស្នើសុំឱ្យមានការតម្រឹមកិច្ចខិតខំប្រឹងប្រែង​ ជាមួយការរៀបចំ និងជំរុញការរៀបចំផែនការសកម្មភាពរួមគ្នា ជាក់ស្ដែង ដូចជាផែនការសកម្មភាពទីក្រុងឆ្លាត (SCAPs) ជាដើម ដើម្បីធានាបរិយាបន្ន ក្នុងតំបន់យ៉ាងពិតប្រាកដ»។
 
មិនតែប៉ុណ្ណោះប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានស្នើឱ្យរដ្ឋបាលមូលដ្ឋានអាស៊ាន គាំទ្រដល់«កិច្ចព្រមព្រៀងបៃតងអាស៊ាន» ដែលកម្ពុជា បានស្នើឱ្យមានការរៀបចំឡើង ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ សំដៅចូលរួមកសាងទីក្រុងឆ្លាតអាស៊ាន ឱ្យកាន់តែមានភាពបៃតង និងការប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាព។
 
គួរបញ្ជាក់ថា បណ្ដាញទីក្រុងឆ្លាតអាស៊ាន (ASCN) ដែលត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០១៨ កំពុងចូលរួមយ៉ាងសំខាន់ ក្នុងការឈានទៅសម្រេចចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥។ ជាពិសេសផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងផែនការការងារលើកទី៣ ស្តីពីគំនិតផ្ដួចផ្ដើម សម្រាប់សមាហរណកម្មអាស៊ាន និងការប្ដេជ្ញាសម្រេចឱ្យបាននូវរបៀបវារៈអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ និងរបៀបវារៈអភិវឌ្ឍន៍ទីក្រុងថ្មី៕
 

Tag:
 ហ៊ុន សែន
  នយោបាយ
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com