អន្តរជាតិ
អាម៉េរិកនិងបារាំងប្ដេជ្ញារួមដៃគ្នាឱ្យរុស្ស៊ីទទួលខុសត្រូវសង្គ្រាមនៅអ៊ុយក្រែន
02, Dec 2022 , 2:29 pm        
រូបភាព
ប្រធានាធិបតី​អាម៉េរិក និង​បារាំង​បាន​ប្ដេជ្ញា​រួមដៃគ្នាធ្វើយ៉ាងណាឱ្យ​រុស្ស៊ី​​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​ឈ្លានពានរបស់ខ្លួននៅ​អ៊ុយក្រែន។ ​



ប្រទេសមហាអំណាចលោកខាងលិចកំពុងខិតខំកៀរគរគ្នាគាំទ្រអ៊ុយក្រែន ដែលកំពុងព្យាយាមងើបឡើងវិញពីការវាយប្រហារដោយមីស៊ីល និងដ្រូនសឹងតែរាល់សប្តាហ៍ពីរុស្ស៊ីទៅលើកន្លែងផលិតថាមពល ទឹក និងកម្ដៅ ចំពេលដែលរដូវរងាបានមកដល់។
 
ក្នុងសន្និសីទសារព័ត៌មានរួមគ្នា នាសេតវិមាន នៅថ្ងៃទី១ ខែធ្នូ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្ដេជ្ញារួមដៃគ្នាគាំទ្រអ៊ុយក្រែន និងធ្វើឱ្យរុស្ស៊ីព្រមទទួលខុសត្រូវលើទង្វើឈ្លានពានរបស់ខ្លួន។ 
 
«បារាំង និងអាម៉េរិកកំពុងតតាំងនឹងមហិច្ឆតាដណ្តើមយកជ័យជម្នះរបស់លោក វ្ល៉ាឌីមៀ ពូទីន និងការការពារតម្លៃប្រជាធិបតេយ្យ ក៏ដូចជាសិទ្ធិមនុស្សជាសកល»។ លោក បៃឌិន លើកឡើងបែបនេះមុនបន្តថា លោកបាន​ត្រៀម​ខ្លួនជាស្រេច​ដើម្បី​ចរចាជាមួយលោកពូទីន ប្រសិនបើមេដឹកនាំរុស្ស៊ីមានចិត្ត​ស្វែងរក​មធ្យោបាយ​បញ្ចប់​សង្រ្គាម។ 
 
ស្របគ្នានេះ លោក ម៉ាក្រុង បាន​លើកឡើង​ថា បារាំង​បាន​ប្តេជ្ញា​​បន្ត​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ជួយ​ប្រជាជន​អ៊ុយក្រែន​ប្រឆាំង​នឹង​រុស្ស៊ី ខណៈខ្លួនកំពុងធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ហើយបារាំងនឹងមិនជំរុញឱ្យអ៊ុយក្រែនសម្រុះសម្រួលចំពោះអ្វីដែលមិនអាចទទួលយកបានឡើយ។ 
 
លោក ម៉ាក្រុង អះអាងទៀតថា លោកនឹងបន្តពិភាក្សាជាមួយលោក ពូទីន ផងដែរដើម្បីទប់ស្កាត់ការកើនឡើងសកម្មភាពឈ្លានពាន និងដើម្បីទទួលបានលទ្ធផលជាក់ស្តែងមួយចំនួនដូចជាការធានាសុវត្ថិភាពរោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរ។
 
យ៉ាងណាមិញ ប្រមុខការទូតរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ នៅថ្ងៃដដែល ក៏ចោទអាម៉េរិក និងអង្គការណាតូថា បានដើរតួនាទីដោយផ្ទាល់ និងបង្កគ្រោះថ្នាក់បន្ថែមជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែននេះ។ លោកក៏លើកឡើងថា ទីក្រុងវ៉ាស៊ីនតោនជួយទីក្រុងកៀវគំរាមកំហែងដល់ទីក្រុងមូស្គូ ដែលធ្វើឱ្យរុស្ស៊ីមិនអាចព្រងើយកន្តើយបានឡើយ។
 
ទាក់ទិនបញ្ហារឹតត្បឹតចំណូលទីក្រុងមូស្គូ អឺរ៉ុបនៅថ្ងៃទី១ ខែធ្នូបានឈានដល់កិច្ចព្រមព្រៀងបណ្ដោះអាសន្នកំណត់តម្លៃប្រេងរុស្ស៊ី មួយបារ៉ែលត្រឹម ៦០ដុល្លារ ដែលថោកជាងតម្លៃទីផ្សារ ៥ភាគរយដើម្បីកាត់បន្ថយធនធានទីក្រុងមូស្គូ សម្រាប់ផ្គត់ផ្គង់ការធ្វើសង្គ្រាមលើក្រុងកៀវ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters កិច្ចព្រមព្រៀងនេះនៅត្រូវការអនុម័តដោយរដ្ឋាភិបាលអឺរ៉ុបទាំងអស់ក្នុងនីតិវិធីជាលាយលក្ខណ៍អក្សរនៅថ្ងៃទី២ ខែធ្នូ។
 
គួរបញ្ជាក់ថា ការវាយប្រហាររបស់រុស្ស៊ីកាន់តែធ្ងន់ធ្ងរឡើងមួយរយៈពេលចុងក្រោយនេះ។សហភាពអឺរ៉ុបនៅថ្ងៃទី៣០ ខែវិច្ឆិកា បានស្នើបង្កើតតុលាការអន្តរជាតិពិសេស ដើម្បីកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ពិសេសដោះស្រាយបញ្ហាអភ័យឯកសិទ្ធិលើការកាត់ទោសមេដឹកនាំធំៗរបស់រុស្ស៊ី និងរកវិធីយកសំណងពីរុស្ស៊ីមកឱ្យអ៊ុយក្រែនចំពោះការធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស៕ 
 

Tag:
 អាម៉េរិក
  បារាំង
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com