ជាតិ
សិស្សគួរប្រឹងរៀន ប្រសើរជាងប្រឹងបន់ស្រន់មុនថ្ងៃប្រឡង
03, Dec 2022 , 9:59 am        
រូបភាព
រូបភាពសិស្សទៅបន់ស្រន់ នៅព្រះអង្គដងកើ ដោយTHMEYTHMEY.
រូបភាពសិស្សទៅបន់ស្រន់ នៅព្រះអង្គដងកើ ដោយTHMEYTHMEY.
ដោយ:
ភ្នំពេញ៖ សិស្សនុសិស្សនៅក្នុងប្រទេសកម្ពុជាមួយចំនួន​ បានទៅបន់ស្រន់នៅតាមសាលារៀន ទីវត្តអារាម ឬកន្លែងសក្ការៈនានា នៅមុនថ្ងៃប្រឡងមកដល់។ ភិក្ខុ សៀង កុសល លើកឡើងថា ការបន់ស្រន់បែបនេះ អាចជាជំនឿ ដែលបង្កើតឱ្យអារម្មណ៍ផ្លូវចិត្តស្ងប់ ប៉ុន្តែការសិក្សាត្រៀមជាមុន នៅតែជាជម្រើសល្អបំផុត។



សិស្សមួយចំនួននៅក្នុងប្រទេសកម្ពុជា នៅតែជឿលើការបន់ស្រន់លាយឡំការរស់នៅ និងការសិក្សារបស់ពួកគេ។ ​ជារៀងរាល់ឆ្នាំ​នៅតាមទីសក្ការៈមួយចំនួន ដូចជា នៅតាមទីអារាម ជាដើម តែងមានសិស្សនាំយកវត្ថុបូជាទៅបន់ស្រន់​ នៅមុនថ្ងៃប្រឡង។ ជាមួយគ្នានោះ មានអាណាព្យាបាល ឬសិស្សមួយចំនួន បានទៅរកព្រះសង្ឃ ឱ្យជួយស្រោចទឹក សូត្រមន្តលើករាសី និងមានខ្លះទៀត ទៅរកគ្រូទាយជាដើម។ 
 
ភិក្ខុ សៀ កុសល ព្រះនាយកសាលាកសាងអនាគតដើម្បីកុមា វិន័យ ក្រមសីលធម៌ ចំណេះដឹងក្នុងខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានThmeyThmey25ថា ការបន់ស្រន់គ្រាន់តែជាការរម្ងាប់ផ្លូវអារម្មណ៍ និងជួយឱ្យស្ងប់ចិត្ត ប៉ុន្តែមិនអាចជួយដល់ការប្រឡងរបស់សិស្សបានទេ។
 
ភិក្ខុសង្ឃអង្គនេះបញ្ជាក់ដូច្នេះ៖ « សកម្មភាពទាំងអស់នេះ ដ្បិតប្រាសចាកអំពីព្រះពុទ្ធសាសនា ព្រោះសាសនានេះមិនតម្រូវឱ្យមានការបន់ឬសុំអ្វីមួយ ជាជាងការសាងដោយខ្លួននោះឡើយ។ ប៉ុន្ដែការបន់អាចជាសកម្មភាពមួយជំរុញផ្លូវចិត្តឱ្យរឹងមាំ ធូរស្បើយក្នុងចិត្តឱ្យកាន់ប្រសើរជាមុនដែរ សម្រាប់ក្មេងដែលកំពុងរៀន ឬនឹងត្រូវត្រៀមប្រឡងនានា»។ 
 
ជាមួយគ្នានេះដែរ ព្រះនាយកសាលាខាងលើបានពន្យល់ថា សិស្សានុសិស្សគួរប្រឹងរៀនសូត្រ និងត្រៀមខ្លួន ឱ្យបានល្អរួចជាស្រេច មុនការប្រឡងមកដល់។ ភិក្ខុអង្គនេះ ពោលទៀតថា បច្ចុប្បន្នប្រព័ន្ធអប់រំ បានកំណែទម្រង់ថ្មី ដោយបានរឹតបន្តឹងខ្លាំង នឹងផ្អែកលើទ្រឹស្តី «អ្នកចេះគឺជាប់»  ដូច្នេះប្រសិនបើសាម៉ីខ្លួនមិនពឹងលើសមត្ថភាពខ្លួនឯង នោះលទ្ធផលក៏ទៅតាមហ្នឹងដែរ ៕
 

Tag:
 សិស្ស
  ប្រឡង
© រក្សាសិទ្ធិដោយ thmeythmey.com