កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រដាល់សកល៖ បច្ចេកទេសវាយចេញ ការពារ និងកម្លាំង រួមនឹងឆន្ទៈ ជាទុនទៅដណ្តើមមេដាយស៊ីហ្គេម២០២៣
03, Dec 2022 , 8:59 am        
រូបភាព
ការប្រកួតរវាងបង្គោលក្រហម សៅ រង្សី និងបង្គោលខៀវ លី ជីនហ៊ នាពេលកន្លងទៅ។
ការប្រកួតរវាងបង្គោលក្រហម សៅ រង្សី និងបង្គោលខៀវ លី ជីនហ៊ នាពេលកន្លងទៅ។
ដោយ:
«យើងអាចវាយតម្លៃបានថាកម្រិតបច្ចេកទេសសមត្ថភាពការប្រកួតរបស់កីឡាករកាន់តែប្រសើរឡើង ដើម្បីជាទុនទៅដណ្តើមមេដាយនៅស៊ីហ្គេម២០២៣»។ លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លើកឡើងដូច្នេះក្រោយបិទបញ្ចប់ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ នៅថ្ងៃទី៣០ ខែវិច្ឆិកា។

 
លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា វាយតម្លៃខ្ពស់ចំពោះសមត្ថភាពកីឡាករ និងឆន្ទៈក្នុងការប្រកួតប្រកបដោយភាពម្ចាស់ការត្រឹមត្រូវ និងយុត្តិធម៌ស្របតាមការប្រកួត ម្យ៉ាងវិញទៀតការកាត់សេចក្តីរបស់មន្រ្តីអាជ្ញាកណ្តាល មានភាពសុក្រឹត ដែលជាអំណោយផលល្អសម្រាប់ការប្រកួតស៊ីហ្គេម២០២៣។
 
ជាពិសេសលោក សោភ័ណ្ឌ មើលឃើញថា អត្តពលិកប្រដាល់សកលកាន់តែកើនបច្ចេកទេវាយចេញ ការពារ និងកម្លាំងជាដើម តាមរយៈការបង្ហាញសមត្ថភាពក្រុមការប្រកួតកីឡាជាតិលើកទី៣។
 
«យើងសង្កេតឃើញថាទាំងកម្រិតបច្ចេកទេស និងសមត្ថភាពរបស់កីឡាករមានការកើនឡើង ហើយមិនមានភាពលម្អៀង និងខុសគ្នាច្រើននោះទេគឺពួកគាត់ប្រដមប្រសងគ្នា ទាំងកម្លាំង និងការវាយចេញ។ ពួកគេទទួលបានផ្លែផ្កា ដែលជាសមិទ្ធផលមួយសម្រាប់កម្ពុជាត្រៀមស៊ីហ្គេមឆ្នាំ២០២៣»។ នេះជាការបញ្ជាក់បន្ថែមរបស់អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។ 
 
ក្រោយបើកការប្រកួតអស់រយៈពេល៥ថ្ងៃគិតចាប់ពីថ្ងៃទី២៥-៣០ ខែវិច្ឆិកា ដែលមានក្រសួង និងរាជធានី-ខេត្តចំនួន៧ បានចូលរួមប្រកួត ដោយក្នុងនោះរកឃើញកីឡាករមកពីក្លិបក្រសួងការពារជាតិ ឈ្នះមេដាយច្រើនជាងគេ មេដាយមាស៥ និងប្រាក់១ បន្ទាប់ក្រសួងមហាផ្ទៃ មេដាយមាស២ ប្រាក់២ និងសំរឹទ្ធ៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៤ ខេត្តកណ្តាល មេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៣ ខេត្តកែប មេដាយមប្រាក់៣ និងសំរឹទ្ធ១ ខេត្តព្រៃវែង ប្រាក់១ និងសំរឹទ្ធ៣ និងរាជធានីភ្នំពេញ មេដាយសំរឹទ្ធ២។
 
គួរបញ្ជាក់ថា សម្រាប់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា រំពឹងថានឹងអាចប្រជែងបានមេដាយមាសយ៉ាងហោចណាស់២ ក្នុងនាមជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា៕
 

Tag:
 កីឡាប្រដាល់សកល
 ស៊ីហ្គេម២០២៣
 ប៊ុយ សោភ័ណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com