កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កញ្ញា ទូច ចាន់វត្ដី ចាប់អាជីពប្រដាល់គុនខ្មែរ ព្រោះចង់លើកស្ទួយមរតកកីឡាខ្មែរ
03, Dec 2022 , 1:59 pm        
រូបភាព
កីឡាការិនីប្រដាល់គុនខ្មែរ ទូច ចាន់វត្ដី សម្ដែងថ្វាយបង្គំគ្រូ បែបឥន្ទ្រីសម្ដែងរិទ្ធ
កីឡាការិនីប្រដាល់គុនខ្មែរ ទូច ចាន់វត្ដី សម្ដែងថ្វាយបង្គំគ្រូ បែបឥន្ទ្រីសម្ដែងរិទ្ធ
កញ្ញា ទូច ចាន់វត្ដី ជ្រើសរើសយកអាជីពជាកីឡាការិនីប្រដាល់គុនខ្មែរ ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាកម្ពុជា និងចង់ឲ្យបរទេសស្គាល់កាន់តែច្បាស់ពីកីឡាមរតកកីឡារបស់ខ្មែរមួយនេះ។ បើទោះជាត្រូវ ឆ្លងកាត់ឧបសគ្គ ក្នុងការហ្វឹកហាត់ និងការប្រកួតអន្ដរជាតិ កីឡាការិនីរូបនេះ ប្ដេជ្ញាជម្នះឲ្យបាន ដើម្បីឆ្ពោះទៅចំណុចជោគជ័យ ដូចជាកីឡាករប្រដាល់ផ្សេងៗទៀត។



កញ្ញា ទូច ចាន់វត្ដី បានប្រាប់សារព័ត៌មានថ្មីៗថា ខ្លួនបានឈានជើងចូលក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ បានរយៈពេល២ឆ្នាំហើយ។ ជាស្ដ្រីក្នុងវិស័យកីឡាប្រដាល់ ចាន់វត្ដី ដែលមានវ័យទើប១៧ឆ្នាំ បានជួបឧបសគ្គមួយចំនួនក្នុងការហ្វឹកហាត់ ដូចជាកម្លាំងសម្បទា ឆាប់ហត់ និងមិនអាចស៊ូទ្រាំបានយូរ ដូចជាបុរស។ ប៉ុន្ដែកីឡាការិនីរូបនេះ មានគោលដៅមួយ នោះគឺការចូលរួមលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ។
  
 
 «ខ្ញុំ ធ្លាប់គិតថានឹងបោះបង់ចោលដែរ ព្រោះហត់ពេក ប៉ុន្ដែ ខ្ញុំសម្រេចចិត្តថាត្រូវដើរឲ្យដល់គោលដៅ ដើម្បីយកមេដាយជូនជាតិឲ្យបាន និងដើម្បីជួយលើកស្ទួយគុនខ្មែរ ឱ្យបរទេសបានស្គាល់គុនខ្មែររបស់យើងកាន់តែច្បាស់។ កញ្ញា ទូច ចាន់វត្ដីបាន និយាយដូច្នេះ។
 
បន្ថែមជាងនេះទៅទៀត កីឡាការិនីប្រដាល់រូបនេះ មានសុទិដ្ឋិនិយម ដោយចាត់ទុកថាព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ជាការផ្ដល់ឱកាសសម្រាប់កីឡាករ និងកីឡាការិនី មកពីបណ្ដាខេត្ត ដើម្បីបង្ហាញសមត្ថភាព ដល់គ្រូបង្វឹក និងសហព័ន្ធប្រដាល់គុនខ្មែរផងដែរ។ មួយវិញទៀត អ្នកទាំងនោះ ក៏ទទួលបានបទពិសោធន៍ប្រកួតលើសង្វៀន។
 
កញ្ញា ចាន់វត្តី យល់ឃើញថាសមត្ថភាពរបស់កីឡាករ-កីឡាការិនី ដែលមកចូលរួមមានការរីកចម្រើនខ្លាំង ដែលបង្ហាញថាវិស័យប្រដាល់គុនខ្មែរ បានដើរទៅមុខ។ កីឡាការិនី រូបស្រស់សោភា វ័យ១៧ឆ្នាំរូបនេះ បានដាក់គោលដៅ នឹងយកមេដាយណាមួយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ប៉ុន្ដែ កញ្ញា ក៏បានបញ្ជាក់ផងដែរថា ដើម្បីសម្រេចបានលទ្ធផលនេះ គឺខ្លួន ត្រូវប្រឹងហ្វឹកហាត់ និងអនុវត្តទៅតាមការណែនាំ សរបស់គ្រូបង្វឹក។ បើទោះជាមានការលំបាក វត្ដី​ នឹងមិនបោះបង់ចោលការតាំងចិត្តនេះឡើយ៕ 
 

Tag:
 កីឡាជាតិ
  ស៊ីហ្គេម
  National Games
  ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com