កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
គ្រូព្រះខ័នរាជស្វាយរៀង៖ គ្មានអ្វីនិយាយច្រើនទេ ក្រៅពីត្រូវការឈ្នះវិសាខា
03, Dec 2022 , 7:59 am        
រូបភាព
ការលោតតែតបាល់ ដោយខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Marcus Haber និងការរារាំងដោយអ្នកចាំទីវិសាខា កែវ សុខសិលា ក្នុងជំនួបនាពេលកន្លងទៅ។ រូបពី CPL
ការលោតតែតបាល់ ដោយខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Marcus Haber និងការរារាំងដោយអ្នកចាំទីវិសាខា កែវ សុខសិលា ក្នុងជំនួបនាពេលកន្លងទៅ។ រូបពី CPL
ដោយ:
«គ្មានអ្វីនិយាយច្រើនទេ យើងត្រូវតែឈ្នះព្រះខ័នរាជស្វាយរៀង ដើម្បីមានឱកាសគ្រងដំណែងជើងឯកខេមបូឌានព្រីមៀរលីគរដូវកាលនេះ»។ លោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមដូច្នេះ នៅមុនការប្រកួតរវាងក្រុមព្រះខ័នរាជស្វាយរៀង ទទួលភ្ញៀវវិសាខានាជំនួបចុងក្រោយនៅថ្ងៃទី៣ ខែធ្នូ នេះ។ ចំណែកភ្នំពេញក្រោន ជួបបឹងកេត ក្នុងការប្រកួតចុងក្រោយដើម្បីដណ្តើមពានរង្វាន់លីគ រដូវកាល២០២២នេះ។

 
ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ត្រូវទទួលភ្ញៀវវិសាខា នៅម៉ោង៦ និង៣០នាទីល្ងាចនាកីឡដ្ឋានខេត្តស្វាយរៀង។ ព្រះខ័នរាជស្វាយរៀង ហាក់ធ្វើមិនសូវបានល្អសម្រាប់៣ប្រកួតចុងក្រោយរបស់គេ ដោយចាញ់២ ឈ្នះ១ ស្របពេលវិសាខា ៣ប្រកួតចុងក្រោយ ឈ្នះ២ និងចាញ់១។ សម្រាប់ក្រុមទាំងពីរ ប្រវត្តិជួបគ្នា៨លើក ព្រះខ័នរាជស្វាយរៀង ឈ្នះ៣ ស្មើ២ និងចាញ់៣ ក្នុងនោះប្រកួតចុងក្រោយ ព្រះខ័នរាជស្វាយរៀង ចាញ់វិសាខា ១-០។
 

លោក Conor Nestor ឈរបញ្ជារកូនក្រុមក្នុងជំនួបទល់នឹងវិសាខា នាពេលកន្លងទៅ។ រូបពី CPL
 
ជំនួបដ៏សំខាន់នេះដែរលោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀង មិនមានការព្រួយបារម្ភអ្វីច្រើននោះទេទោះបីការប្រកួតដ៏តឹងតែងមួយនេះគ្មានវត្តមានកីឡាករឆ្នើមមួយចំនួនក៏ដោយ។ អ្វីដែលសំខាន់សម្រាប់ការប្រកួតចុងក្រោយនេះគ្រូសញ្ជាតិអៀរឡង់ ផ្តោតសំខាន់លើការប្រកួត ដោយជំរុញកូនក្រុមប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលល្អ។
 
លោក Conor Nestor បញ្ជាក់ថា៖«យើងបាត់បង់ខ្សែបម្រើកណ្តាល  Takashi Odawara និងខ្សែការពារកណ្តាល Clyde O’ Connell ដោយសារបញ្ហារបួស ស្របពេលយើងមានការប្រកួតដ៏តឹងតែងបំផុត ប៉ុន្តែ! យើងនឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីឈ្នះ»។
 
ក្នុងពេលជាមួយគ្នានោះដែរក្រុមភ្ញៀវបឹងកេត ក៏នឹងត្រូវទៅសួរសុខទុក្ខម្ចាស់ផ្ទះភ្នំពេញក្រោន លើកចុងក្រោយសប្តាហ៍ទី២៧ សម្រាប់រដូវកាល២០២២ នេះផងដែរនាកីឡដ្ឋាន ស្មាត អ.អេស.អិន។ បឹងកេត ជាក្រុម១ ក្នុងចំណោមក្រុមដែលស្ថិតក្នុងតំបន់ Top4 វគ្គ៤ក្រុមចុងក្រោយ ដែលអស់ឱកាសក្នុងការប្រជែងពានខេមបូឌានព្រីមៀរលីគ។
 
សម្រាប់ក្រុមបឹងកេត មិនទាន់ស្គាល់ពាក្យឈ្នះឡើយនៅ៣ប្រកួតចុងក្រោយរបស់គេ។ នេះជាឱកាសល្អសម្រាប់ភ្នំពេញក្រោនដែលកំពុងធ្វើបានល្អនៅប៉ុន្មានប្រកួតចុងក្រោយ ក្នុងការដណ្តើមជ័យជម្នះពីបឹងកេត ដើម្បីគ្រងតំណែងជើងឯកលីគកំពូលកម្ពុជារដូវកាលនេះ។
 
៣ប្រកួតចុងក្រោយរបស់ភ្នំពេញក្រោមពុំដែលចាញ់ឡើយ។ ជំនួប១០ប្រកួតចុងក្រោយ ភ្នំពេញក្រោន ឈ្នះបឹងកេត ៤ ស្មើ៤ និងចាញ់២។
គិតត្រឹមសប្តាហ៍ទី២៦ ភ្នំពេញក្រោន ឈរលេខ១ មាន៤៩ពិន្ទុ ស្មើវិសាខា លេខ២ និងលេខ៣ព្រះខ័នរាជស្វាយរៀង ចំណែកបឹងកេតដែលអស់ឱកាសទៅហើយ ឈរលេខ៤ មាន៣៩ពិន្ទុ។ កីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេគឺខ្សែប្រយុទ្ធក្រុមព្រះខ័នរាជស្វាយរៀង Marcus Haber មាន២៥គ្រាប់ នាំមុខខ្សែប្រយុទ្ធកងយោធពលខេមរភូមិន្ទ Takumu Nishihara មាន២១គ្រាប់ និងខ្សែប្រយុទ្ធភ្នំពេញក្រោន Fareed Sadat មាន១៧គ្រាប់៕
 
 

Tag:
 កីឡាបាល់ទាត់
 ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com