អន្តរជាតិ
លោក Marcos Jr៖ ហ្វីលីពីន ត្រូវតែរកវិធីរុករកធនធានថាមពលក្នុងសមុទ្រចិនខាងត្បូង
02, Dec 2022 , 10:29 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr នៅថ្ងៃទី១ ខែធ្នូលើកឡើងថា ហ្វីលីពីនត្រូវតែស្វែងរកមធ្យោបាយដើម្បីរុករកប្រេង និងឧស្ម័ននៅក្នុងសមុទ្រចិនខាងត្បូង ទោះបីជាមិនមានកិច្ចព្រមព្រៀងជាមួយចិនក៏ដោយ។ មេដឹកនាំរូបនេះសង្កត់ធ្ងន់លើសិទ្ធិរបស់ហ្វីលីពីនក្នុងការទាញយកថាមពលបម្រុងក្រោមដែនទឹកស្របតាមសេចក្ដីសម្រេចរបស់តុលាការមជ្ឈត្តការក្រុងឡាអេឆ្នាំ២០១៦។



«នោះជារឿងធំមួយសម្រាប់ពួកយើង ដូច្នេះហើយវាជាមូលហេតុដែលយើងត្រូវប្រយុទ្ធ (សម្រាប់អ្វីដែលជារបស់យើង) និងទាញយកប្រយោជន៍ ប្រសិនបើពិតជាមានប្រេងនៅទីនោះមែន»។ លោក Ferdinand Marcos Jr. ប្រាប់អ្នកសារព័ត៌មានបែបនេះជុំវិញលទ្ធផលរុករកធនធាននៅសមុទ្រចិនខាងត្បូង។  
 
ការបញ្ជាក់របស់ ប្រធានាធិបតីហ្វីលីពីន កើតឡើងក្រោយរដ្ឋមន្ត្រីការបរទេស លោក Enrique Manalo អះអាងថា ទីក្រុងម៉ានីលបានបើកកិច្ចពិភាក្សាថ្មីជាមួយចិនស្តីពីការរុករកប្រេង និងឧស្ម័ន ហើយរាល់កិច្ចព្រមព្រៀងជាមួយចិន ឬប្រទេសណាមួយត្រូវតែគោរពតាមច្បាប់ហ្វីលីពីន។
 
លើសពីនេះ បំណងរុករកប្រេង និងឧស្ម័នដោយខ្លួនឯងក្នុងសមុទ្រចិនខាងត្បូងរបស់ហ្វីលីពីន កើតឡើងដោយសារ កន្លងមកប្រេងឥន្ធនៈនៅហ្វីលីពីនត្រូវពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ ដែលធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះងាយរងគ្រោះដោយការផ្គត់ផ្គង់មិនគ្រប់គ្រាន់ និងការឡើងថ្លៃ។ វាក៏បានចូលរួមធ្វើឱ្យអតិផរណាឡើងខ្ពស់ផងដែរ។ 
 
សេចក្ដីសម្រេចឆ្នាំ២០១៦ បានបញ្ជាក់ពីសិទ្ធិរបស់ហ្វីលីពីនក្នុងការទាញយកថាមពលបម្រុងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខក្នុងសមុទ្រចិនខាត្បូងចម្ងាយជាង៣០០គីឡូម៉ែត្រពីដែនគោកហ្វីលីពីន តែចិនបដិសេធមិនទទួលស្គាល់ឡើយ។
 
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន អនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស បានធ្វើទស្សនកិច្ចនៅហ្វីលីពីននិងបានប្ដេជ្ញាចិត្តជួយហ្វីលីពីនលើផ្នែកការពារជាតិ និងគាំទ្រឱ្យសេចក្តីសម្រេចរបស់តុលាការមជ្ឈត្តការក្រុងឡាអេឆ្នាំ២០១៦ដែរ៕
 

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com