អន្តរជាតិ
ប្រធានធនាគារពិភពលោកថា បំណុលទ្វេភាគីរបស់ប្រទេសក្រីក្រមានដល់៦២ពាន់លានដុល្លារ
02, Dec 2022 , 9:29 pm        
រូបភាព
អគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ Kristalina Georgieva (ឆ្វេង) និងប្រធានធនាគារពិភពលោក David Malpass ។ រូបថត Xinhua
អគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ Kristalina Georgieva (ឆ្វេង) និងប្រធានធនាគារពិភពលោក David Malpass ។ រូបថត Xinhua
ប្រធានធនាគារពិភពលោក លោក David Malpass នៅថ្ងៃទី១ ខែធ្នូ លើកឡើងថា បណ្ដាប្រទេសក្រីក្រនៅលើពិភពលោកបច្ចុប្បន្ននេះកំពុងជំពាក់បំណុលទ្វេភាគីប្រចាំឆ្នាំប្រហែល៦២ពាន់លានដុល្លារ ដែលអត្រានេះកើនឡើង៣៥ភាគរយធៀបនឹងឆ្នាំមុន។



ក្នុងសន្និសីទនាទីក្រុងញូវយ៉ក ប្រធានធនាគារពិភពលោក David Malpass បានលើកឡើងថាប្រទេសក្រីក្រជាច្រើនកំពុងជាប់បំណុលទ្វេភាគីជាមួយប្រទេសដទៃសរុបប្រមាណ៦២ពាន់លានដុល្លារ។ ទំហំបំណុលនេះបានកើនឡើង ៣៥ភាគរយបើធៀបនឹងឆ្នាំ ២០២១ ហើយចិនជាម្ចាស់បំណុលប្រមាណ៧៥ភាគរយនៃបណ្ដាប្រទេសក្រីក្រទាំងនោះ។ 
លោក Malpass ក៏បានព្រមានដែរថា ការកើនឡើងបន្ទុកបំណុលនិងបង្កើនហានិភ័យនៃការខកខានការសងបំណុល។
 
«ខ្ញុំព្រួយបារម្ភអំពីដំណើរការសងបំណុលខុសប្រក្រតីដែលមិនមានប្រព័ន្ធណាដោះស្រាយសម្រាប់ប្រទេសក្រីក្រ»។ លោក Malpass អះអាងបែបនេះ មុនបន្ថែមទៀតថា លោកព្រួយបារម្ភអំពីការខ្ចីបំណុលបន្ថែមពីបណ្ដាប្រទេសមានសេដ្ឋកិច្ចជឿនលឿនដូចអាម៉េរិក ពីព្រោះទង្វើនេះកំពុងធ្វើឱ្យលុយកាន់តែច្រើនហូរចេញពីប្រទេសកំពុងអភិវឌ្ឍ។
 
នៅសប្ដាហ៍ក្រោយ លោក Malpass នឹងចូលរួមកិច្ចប្រជុំមួយនៅចិនជាមួយប្រធានស្ថាប័នអន្តរជាតិ និងអាជ្ញាធរចិន ដើម្បីពិភាក្សាអំពីវិធីសាស្រ្តបន្ធូរបន្ថយបំណុលសម្រាប់បណ្ដាប្រទេសក្រីក្រ។ លើសពីនេះ កិច្ចប្រជុំក៏នឹងពិភាក្សាពីគោលនយោបាយបង្ការជំងឺកូវីដ-១៩ ភាពចលាចលក្នុងវិស័យអចលនទ្រព្យ និងបញ្ហាសេដ្ឋកិច្ចផ្សេងទៀត។
 
បើតាមលោក Malpass ចិនជាប្រទេសម្ចាស់បំណុលធំ ដូច្នេះវាពិតជាមានសារសំខាន់ណាស់បើចិនចូលរួមជួយក្នុងកិច្ចការបន្ធូរបន្ថយបំណុលគិតពីអនាគតរបស់ពិភពលោក និងបំពេញកិច្ចការដែលគួរធ្វើដើម្បីសម្រេចបាននិរន្តរភាពរបស់បណ្ដាប្រទេសក្រីក្រទាំងនោះ។
 
មិនខុសគ្នាប៉ុន្មានពីលោក Malpass ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva​ លើកឡើងលើវេទិកា Reuters Next ថា លោកស្រីបារម្ភចំពោការមិនអាចដោះស្រាយបំណុលនៅពេលកម្រិតបំណុលឡើងខ្ពស់ខ្លាំង។ លោកស្រី Georgieva ក៏នឹងចូលរួមក្នុងកិច្ចប្រជុំនៅចិនផងដែរ រួមជាមួយ​មន្ត្រី​មក​ពី​ធនាគារ​អភិវឌ្ឍចិន និង​ធនាគារ​នាំ​ចេញ​នាំ​ចូល​របស់​ចិន ដែលជាធនាគារ​ផ្តល់​កម្ចី​ទ្វេភាគី​សំខាន់​ទៅឱ្យបណ្ដាប្រទេសក្រីក្រ។
 
ប្រទេសក្រីក្រដែលជាប់បំណុលចិនរួមមានដូចជា កុងហ្គោ អង់ហ្គោឡា អេត្យូពី ស៊ូដង់ និងសំប៊ីជាដើម៕ 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com