ជាតិ
សង្គមជាតិ
គ្រប់មធ្យោបាយ ដែលដឹកឈើដោយខុសច្បាប់ នឹងត្រូវកម្ទេចចោល
02, Dec 2022 , 9:59 pm        
រូបភាព
សកម្មភាពសមត្ថកិច្ចឃាត់រថយន្តដឹកឈើនាពេលកន្លងមក។ រូបពី​ហ្វេសប៊ុកលោក អេង ហ៊ី​ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកនាំពាក្យគណៈកម្មាធិការដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ។
សកម្មភាពសមត្ថកិច្ចឃាត់រថយន្តដឹកឈើនាពេលកន្លងមក។ រូបពី​ហ្វេសប៊ុកលោក អេង ហ៊ី​ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកនាំពាក្យគណៈកម្មាធិការដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ។
គណៈកម្មការជាតិដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដែលមានលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធាន បានព្រមានសាជាថ្មីឡើងវិញថា រាល់មធ្យោបាយ ដែលដឹកឈើ ដោយគ្មានលិខិតអនុញ្ញាតតាមច្បាប់ នឹងត្រូវបំផ្លាញចោល ដើម្បីលុបបំបាត់ឧក្រិដ្ឋព្រៃឈើ ហើយដើម្បីរក្សាព្រៃឈើឲ្យនៅគង់វង្ស។



ការព្រមានខាងលើនេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយអ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២។ អ្នកនាំពាក្យ សេចក្តីប្រកាសព័ត៌មាននេះ ដើម្បីបំភ្លឺជូនមហាជន ក្រោយឃើញសារព័ត៌មានផ្សាយថា មានបទល្មើសព្រៃឈើ កំពុងកើនឡើង នៅតាមបណ្តាខេត្តមួយចំនួន។ បើតាមការបំភ្លឺរបស់អ្នកនាំពាក្យ ការចុះផ្សាយខ្លះពិត តែការចុះផ្សាយខ្លះទៀតមិនពិតឡើយ។ 
 
ជាមួយគ្នានេះ អ្នកនាំពាក្យ បានលើកឡើងពីប្រតិបត្តិការរបស់កងរាជអាវុធហត្ថ ក្នុងការចាប់រថយន្តម៉ាកសាំយ៉ុងកែច្នៃ២គ្រឿង ដែលដឹកឈើ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងភូមិឈើទើ ឃុំតាងូន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ អ្នកនាំពាក្យ អះអាងថា រថយន្តទាំង២គ្រឿងនោះ នឹងត្រូវកម្ទេចចោល ដើម្បីឲ្យរាងចាល។ 
 
ភ្ជាប់ជាមួយករណីបំផ្លាញរថយន្តទាំង២គ្រឿងនោះ គណៈកម្មការជាតិដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក៏ព្រមានជាថ្មីថា ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះទៅ រាល់មធ្យោបាយ ដែលដឹកឈើដោយខុសច្បាប់ នឹងត្រូវបំផ្លាញចោល។ 
 
មិនមែនជាលើកទី១ឡើយ ដោយកន្លងមក គណៈកម្មការជាតិដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ ធ្លាប់ព្រមានរួចមកហើយ ពីការកម្ទេចចោលគ្រប់មធ្យោបាយ បើសមត្ថកិច្ចចាប់បាន ហើយរកឃើញថា រាល់មធ្យោបាយទាំងនោះ ត្រូវបានប្រើប្រាស់ក្នុងការដឹកឈើដោយខុសច្បាប់៕ 
 

Tag:
 ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com