FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូជប៉ុន សរសើរភាពអត់ធ្មត់កូនក្រុម ក្រោយធ្វើឱ្យក្រុមយក្សអឺរ៉ុបពីរខកចិត្តនៅ World Cup
02, Dec 2022 , 8:39 pm        
រូបភាព
លោក Hajime Moriyasu គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិជប៉ុន សរសើរកូនក្រុម ដែលមានភាពអត់ធ្មត់ក្នុងការទប់ទល់ និងវាយបកយកឈ្នះក្រុមយក្សអឺរ៉ុបដល់ទៅពីរនៅ FIFA World Cup 2022។ ជប៉ុនបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងពូល E ដោយវាយបកយកឈ្នះអាល្លឺម៉ង់ និងអេស្ប៉ាញក្នុងលទ្ធផល ២-១ ដូចគ្នា។

 
សាំម៉ូរៃជប៉ុនធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលខ្លាំងម្តងហើយម្តងទៀត ក្រោយពួកគេបានយកឈ្នះលើអេស្ប៉ាញក្នុងលទ្ធផល ២-១ ក្នុងការប្រកួតនាកីឡាដ្ឋាន Khalifa International រាត្រីថ្ងៃទី១ ខែធ្នូ។ ជ័យជម្នះលើអេស្ប៉ាញរបស់ជប៉ុន បានធ្វើឱ្យអាល្លឺម៉ង់ខកចិត្តជាថ្មី ដោយមិនអាចឈានទៅវគ្គ១៦ក្រុមចុងក្រោយ។ 
 
នាសន្និសីទកាសែតក្រោយបញ្ចប់ការប្រកួតជាមួយការអបអរជ័យជម្នះ លោក Moriyasu បាននិយាយដោយក្តីរីករាយ និងបានសរសើរកូនក្រុមថាធ្វើបានល្អខ្លាំងក្នុងការប្រកួតដើម្បីឡើងវគ្គ​ ១៦ក្រុមបន្ត។
 
«អេស្ប៉ាញគឺជាក្រុមដ៏ល្អមួយក្នុងពិភពលោកដែលយើងបានដឹងមុនការប្រកួតថាជាប្រកួតដ៏លំបាក ពិតប្រាកដណាស់។ ប៉ុន្តែកីឡាកររបស់យើងបានតស៊ូព្យាយាម ហើយពួកគេក៏បានកែប្រែការប្រកួតដោយភាពជឿជាក់ គ្រប់គ្នាក៏ដូចជាអ្នកគាំទ្ររីករាយដែលយើងអាចលេងបានល្អ។ សាំមូរ៉ៃជប៉ុនមានភាពអស្ចារ្យដែលអាចអត់ធ្មត់ទប់ទល់ក្រុមខ្លាំងៗអឺរ៉ុប និងធ្វើឱ្យពួកគេខកចិត្ត២លើកជាប់គ្នា។»។ លោក Moriyasu និយាយបែបនេះ។
 
ក្រុមសាំមូរ៉ៃខៀវជប៉ុនបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងនៃពូល E នៃព្រឹត្តិការណ៍ World Cup 2022 ប្រទេសកាតា នេះក្លាយជាលើកដំបូងសម្រាប់ជប៉ុនដែលបានឡើងទៅកាន់វគ្គ ១៦ក្រុម ២លើកជាប់គ្នា ហើយនឹងត្រូវជួបក្រូអាស៊ីនៅការប្រកួតវគ្គជម្រុះ ១៦ក្រុមបន្ទាប់។
 
អាល្លឺម៉ង់ខកចិត្តធ្លាក់ចេញពីការប្រកួតបើទោះមាន៤ពិន្ទុស្មើអេស្ប៉ាញ​ បើទោះឈ្នះកូស្តារីកា ៤​​-២ នៅជំនួបចុងក្រោយ។ ​អាល្លឺម៉ង់មានចំនួនគ្រាប់បាល់តិចជាងអេស្ប៉ាញ ៥គ្រាប់ ដែលធ្វើឱ្យអេស្ប៉ាញឡើងទៅវគ្គ ១៦ក្រុមជាមួយជប៉ុន៕
 
 

Tag:
 Hajime Moriyasu
  World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com