FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ កូរ៉េខាងត្បូងក្រុមអាស៊ីទីបីបន្ទាប់ពីជប៉ុនឡើងវគ្គ១៦ក្រុម ក្រោយឈ្នះព័រទុយហ្កាល់
03, Dec 2022 , 12:04 am        
រូបភាព
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 នារាត្រីថ្ងៃទី២ ខែធ្នូ នៅប្រទេសកាតារកបានក្រុមមួយបន្ថែមទៀតហើយទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនោះគឺកូរ៉េខាងត្បូង។ អ៊ុយរូហ្កាយបញ្ចប់ចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះលើហ្កាណាក្នុងលទ្ធផល ២-០ តែមិនគ្រប់គ្រាន់សម្រាប់ឡើងវគ្គបន្ទាប់ ចំណែកកូរ៉េខាងត្បូងបង្កើតរឿងដ៏ភ្ញាក់ផ្អើលយកឈ្នះព័រទុយហ្កាល់លទ្ធផល ២-១ ដើម្បីឡើងវគ្គ ១៦ក្រុមចុងក្រោយ។

 
គ្រាប់បាល់ជ័យជម្នះដែលអ៊ុយរូហ្កាយធ្វើបានកើតឡើងសុទ្ធសឹងក្នុងវគ្គទីមួយនៃការប្រកួតនាកីឡដ្ឋាន Al Janoub ដោយកីឡាករ  Giorgian de Arrascaeta នៅនាទី២៦ និងនាទី៣២ បើទោះបីក្នុងវគ្គទីពីរក្រុមទាំងពីរនេះគ្មានការស៊ុតគ្រាប់បាល់បន្ថែមលើគ្នាក្តី។ 
 
បញ្ចប់ចំណាត់លេខ៣ មាន៤ពិន្ទុ អ៊ុយរូហ្កាយខកខានឈ្នះកៅអីវគ្គ ១៦ក្រុមក្រោយ ខណៈព័រទុយហ្កាល់មិនអាចទប់ទល់កូរ៉េខាងត្បូងឱ្យរកបានជ័យជម្នះលើខ្លួនរួច។ អ៊ុយរូហ្កាយមិនអាចឡើងវគ្គ ១៦ក្រុមលើកទី១១ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនបាននៅការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup ១៤លើក។ ទាំងអ៊ុយរូហ្កាយនឹងហ្កាណាធ្លាក់ចេញទាំងពីរ។
 
ទោះបីជាព័រទុយហ្កាល់មិនអាចយកឈ្នះលើកូរ៉េខាងត្បូងក្នុងការប្រកួតចុងក្រោយវគ្គចែកពូលរបស់ខ្លួនក្តី ពួកគេកក់កៅអីឡើងវគ្គ ១៦ក្រុមចុងក្រោយដោយសុវត្ថិភាពរួចតាំងពីប្រកួតទីពីរ។ ១គ្រាប់របស់ព័រទុយហ្កាល់កើតឡើងនៅវគ្គទីមួយដោយកីឡាករ Ricardo Horta នាទី៥ ដើមវគ្គតែម្តង ចំណែកកីឡាករ Kim Young-gwon ជាអ្នករកបានគ្រាប់បាល់ឱ្យកូរ៉េខាងត្បូងនាទី៣៦ ក្នុងវគ្គទីពីរដែលជាការប្រកួតដ៏តានតឹងរវាងក្រុមទាំងសងខាង ទោះវាយសម្រុកគ្នាខ្លាំងនៅតែគ្មានគ្រាប់បាល់បន្ថែមលើគ្នា។ តែឈានដល់នាទីនៃម៉ោងបន្ថែមទៅហើយកូរ៉េខាងត្បូងអាចរកបានគ្រាប់បន្ថែម១គ្រាប់ហៀបនឹងបញ្ចប់ការប្រកួតដោយកីឡាករ Hwang Hee-chan នាទី៩០+១។
 
បញ្ចប់ត្រឹមលទ្ធផលឈ្នះ ព័រទុយហ្កាល់ ២-១ កូរ៉េខាងត្បូងក្លាយជាក្រុមឡើងវគ្គ ១៦ក្រុម តែមិនមែនអ៊ុយរូហ្កាយឡើយដោយឈ្នះគ្រាប់បាល់ស៊ុតបញ្ចូលទីគូប្រកួតច្រើនជាងលើអ៊ុយរូហ្កាយ។ កូរ៉េខាងត្បូងឡើងវគ្គ ១៦ក្រុមជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រខ្លួននៅ World Cup ដោយលើកដំបូងនៅឆ្នាំ ២០០២ និងលើកទីពីរឆ្នាំ ២០១០៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com