អន្តរជាតិ
នាយករដ្ឋមន្ត្រីហ្វាំងឡង់៖ សង្គ្រាមនៅអ៊ុយក្រែនបង្ហាញថា អឺរ៉ុបពឹងផ្អែកខ្លាំងពេកលើអាម៉េរិក
× នាយករដ្ឋមន្ត្រីហ្វាំងឡង់លោកស្រី សាន់ណា ម៉ារីន នៅថ្ងៃទី២ ខែធ្នូលើកឡើងថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានឆ្លុះបញ្ចាំងពីការពឹងផ្អែកខ្លាំងរបស់បណ្ដាប្រទេសអឺរ៉ុបលើអាម៉េរិកសម្រាប់ការការពារសន្តិសុខរបស់ខ្លួន។
ថ្លែងនៅវិទ្យាស្ថានសិក្សាស្រាវជ្រាវមួយនៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី នាយករដ្ឋមន្ត្រីហ្វាំងឡង់ ក៏ជំរុញឱ្យមានការពង្រឹងសមត្ថភាពការពារខ្លួនសម្រាប់បណ្ដាប្រទេសអឺរ៉ុបរួមទាំងផលិតកម្មសព្វាវុធផងដែរ។
«ខ្ញុំត្រូវតែស្មោះត្រង់យ៉ាងមុតមាំចំពោះអ្នក អឺរ៉ុបមិនទាន់រឹងមាំគ្រប់គ្រាន់ទេនៅពេលនេះ។ យើងនឹងមានបញ្ហាបើគ្មានអាម៉េរិក»។ លោកស្រី សាន់ណា ម៉ារីន សង្កត់ធ្ងន់បែបនេះទៅកាន់អ្នកចូលរួមក្នុងវិទ្យាស្ថាន Lowy រួចបន្តថា លោកស្រីបានពិភាក្សាជាមួយអ្នកនយោបាយអាម៉េរិកដែលបានគិតថាអឺរ៉ុបត្រូវតែរឹងមាំជាងមុន។
មេដឹកនាំហ្វាំងឡង់រូបនេះបានបញ្ជាក់ថា អាម៉េរិកបានផ្ដល់អាវុធជាច្រើន ជំនួយថវិកាជាច្រើន និងព្រមទាំងជំនួយសប្បុរសធម៌ជាច្រើនផងដែរសម្រាប់អ៊ុយក្រែន ខណៈដែលអឺរ៉ុបមិនរឹងប៉ឹងដូចអាម៉េរិកនោះឡើយ។ លោកស្រី Marin បន្តថា អឺរ៉ុបត្រូវតែពង្រឹងលើវិស័យការពារជាតិ និងឧស្សាហកម្មការពារជាតិរបស់ខ្លូន។
មិនមែនអាម៉េរិក លោកស្រី ម៉ារីន ក៏ធ្លាប់អះអាងថា អឺរ៉ុបពឹងចិនខ្លាំងដែរ។ នៅក្នុងសុន្ទរកថានាពេលថ្មីៗនេះនៅទីក្រុងហែលស៊ីនគី លោកស្រី ម៉ារីន បាននិយាយថា អឺរ៉ុបបច្ចុប្បន្នពឹងផ្អែកខ្លាំងពេកលើចិនសម្រាប់បច្ចេកវិទ្យាហើយគួរតែវិនិយោគបន្ថែមទៀតនៅក្នុងវិស័យដូចជាបញ្ញាសិប្បនិមិត្តនិងការគណនាកង់ទិច៕
Tag:
(ហ្វាំងឡង់
អាម៉េរិក
អឺរ៉ុប)
© រក្សាសិទ្ធិដោយ thmeythmey.com